ជាតិ
៤ខែ មានមនុស្សស្លាប់៩នាក់ និងផ្ទះជិត៣០០០ខ្នង ខូចខាតដោយសារគ្រោះធម្មជាតិ ផ្ទះពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ (រូបពីក្រសួងធម្មធានទឹក និងឧតុនិយម)
× ភ្នំពេញ៖ មនុស្ស៩នាក់ស្លាប់ និងផ្ទះជិត៣០០០ខ្នងរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ និងរន្ទះបាញ់ នៅក្នុងរយៈពេល៤ខែនេះ។ នេះបើតាមការបញ្ជាក់របស់លោក ឃិន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក ឃិន សុខា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ឧសភានេះថា ក្នុងចំណោមផ្ទះជិត៣ពាន់ខ្នង ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់នោះ គឺមានផ្ទះជាង៥០០ខ្នងរងការខូចខាតធ្ងន់ធ្ងរ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «ផ្ទះដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់នេះ កើតឡើងស្ទើរគ្រប់ខេត្ត ហើយលើកលែងតែរាជធានីភ្នំពេញ រតនគិរី និងព្រះសីហនុប៉ុណ្ណោះ ដែលគ្មានការប៉ះពាល់»។
រយៈពេល៤ខែនេះ មានអ្នកស្លាប់ដោយសាររន្ទះបាញ់៩នាក់ អ្នករងរបួស៤នាក់ រួមទាំងគោក្របីងាប់៣ក្បាលផងដែរ។ អ្នកស្លាប់ទាំង៩នាក់នោះ គឺនៅខេត្តឧត្តរមានជ័យ២នាក់ ស្វាយរៀង២នាក់ តាកែវ១នាក់ ព្រៃវែង១នាក់ ព្រះវិហារ១នាក់ បាត់ដំបង១នាក់ និងប៉ៃលិន១នាក់។ នេះបើតាមការបញ្ជាក់របស់លោក ឃិន សុខា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តថា រយៈពេលចុងក្រោយនេះ គឺមានគ្រោះធម្មជាតិកើតឡើងខ្លាំង ដោយភាគច្រើនគឺខ្យល់កន្ត្រាក់ និងរន្ទះបាញ់។ លោកបានអំពាវនាវឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងជៀសវាងការធ្វើដំណើរនៅអំឡុងពេលមេឃភ្លៀង៕
© រក្សាសិទ្ធិដោយ thmeythmey.com