COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​៥​នាក់​នៅ​លី​គ​អេ​ស្ប៉ា​ញ​តេស្ត​វិជ្ជមាន COVID-19 ខណៈ​រដ្ឋ​បន្ធូរ​ការ​រឹតបន្តឹង​
11, May 2020 , 3:10 pm        
រូបភាព
la-liga
la-liga
កីឡាករ​បាល់ទាត់​ចំនួន​៥​រូប​ដែល​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ La Liga និង​លី​គ​កម្រិត​ទី​ពីរ​អេ​ស្ប៉ា​ញ​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ ពួកគេ​មិន​ត្រូវបាន​បញ្ចេញ​អត្តសញ្ញាណ​ឡើយ ហើយ​ត្រូវដាក់​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក និង​មានការ​ត្រួតពិនិត្យ​ជាប្រចាំ​។​

 
La Liga បានចាប់ផ្តើម​ធ្វើតេស្តរ​ក COVID-19 លើ​កីឡាករ​កាលពី​សប្តាហ៍​មុន ស្របពេល​លី​គ​ត្រូវបាន​អនុញ្ញាត​ឲ្យ​មានការ​ត្រឡប់​ចូល​ហ្វឹកហាត់​វិញ បន្ទាប់ពី​មានការ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយចំនួន ពី​សំណាក់​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​។​
 
​អ្នករៀបចំ​ការប្រកួត​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ មានបំណង​ចាប់ផ្តើម​លី​គ​ឡើងវិញ នៅ​ខែមិថុនា​ខាងមុខនេះ បន្ទាប់ពី​ផ្អាក​ដោយ​គ្មាន​កំណត់​កាលពី​នៅ​ខែមីនា ដោយសារ​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ កីឡាករ​ទាំងអស់ ដែល​មកពី​លី​គ​កំពូល និង​ទី​ពីរ​តម្រូវ​ឲ្យ​ធ្វើតេស្ត មុនពេល​ពួកគេ​ត្រឡប់​ទៅ​កន្លែង​ហ្វឹកហាត់​វិញ ដោយមាន​ការផ្ទៀងផ្ទាត់​អាការ​ជាមួយ​អាជ្ញាធរ​កីឡា និង​សុខភាព​អេ​ស្ប៉ា​ញ ដែល​ធានា​សុវត្ថិភាព​ដល់​កីឡាករ និង​បុគ្គលិក​។​
 
​កីឡាករ​របស់​ក្លិប​មួយចំនួន​នៅ​អេ​ស្ប៉ា​ញ រួមទាំង​ម្ចាស់​ការពារ​តំណែង​ជើងឯក Barcelona ផង​សុទ្ធតែ​ត្រូវបាន​ធ្វើតេស្ត​រក COVID-19 និង​ចាប់ផ្តើម​ហ្វឹកហាត់​នៅក្នុង​ទីលាន​ដោយ​គោរព​តាម​គោល​ការ​គម្លាត​សុ​វត្តិភាព​។ ក្រោយ​ការពិនិត្យ La Liga បានបង្ហាញ​លទ្ធផល​ថា​មាន​កីឡាករ​ចំនួន​៥​នាក់​បាន​ផ្ទុក​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ​។​
​អេ​ស្ប៉ា​ញ ជា​ប្រទេសមួយ​ដែល​រងគ្រោះ​ខ្លាំងជាងគេ​នៅ​អឺរ៉ុប​ ដោយសារ COVID-19 ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន​ជិត ២៧០០០ នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ជាង​២៦​ម៉ឺន​ករណី គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា​។​
 
​ដោយឡែក​នៅ​លី​គ​កំពូល​អង់គ្លេស Premier League វិញ ក្លិប Brighton បានប្រកាសថា​កីឡា​ករទី​៣​របស់ខ្លួន ​បាន​ឆ្លង COVID-19 នេះ​ផងដែរ​។ អង់គ្លេស ​ក៏​នឹងត្រូវ​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១១ ខេ​ឧសភា​នេះ ជុំវិញ​ការបើក​រដូវ​កាល​ឡើងវិញ ​ដើម្បី​បញ្ចប់​លី​គ​របស់ខ្លួន​រដូវ​កាល​នេះ​៕

Tag:
 COVID-19
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com