ភ្នំពេញ៖ អតីតបុគ្គលិក១៤២នាក់ លើកគ្នាទៅតវ៉ានៅមុខសណ្ឋាគារផ្កាយ៥ The Great Duke Phnom Penh នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យម្ចាស់សណ្ឋាគារ ផ្តល់សំណងទៅតាមការសន្យា ក្រោយសណ្ឋាគារ ប្រកាសបិទទ្វារ និងបញ្ឈប់ការងាររបស់ពួកគេ កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។
លោក តូច កុសល អតីតប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ នៅសណ្ឋាគារ The Great Duke Phnom Penh និងជាអ្នកតំណាងឲ្យបុគ្គលិកដែលទៅតវ៉ា បានអះអាងថា នេះជាលើកទី៧ហើយ ដែលពួកគេ ទៅតវ៉ាឲ្យម្ចាស់សណ្ឋាគារដោះស្រាយ។ លោក ប្រាប់សារព័ត៌មានថ្មីៗថា រយៈពេល៥ខែហើយ ដែលម្ចាស់សណ្ឋាគារ មិនទាន់ចូលខ្លួនមកដោះស្រាយជូនបុគ្គលិក១៤២នាក់ ទៅតាមកិច្ចសន្យា ក្រោយបញ្ឈប់ការងាររបស់ពួកគេ។
លោក តូច កុសល អតីតប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៅThe Great Duke Phnom Penh និងជាអ្នកតំណាងឲ្យបុគ្គលិកទាំង១៤២នាក់ដែលទាមទារឲ្យសណ្ឋាគារផ្តល់សំណងក្រោយពេលសណ្ឋាគារបញ្ឈប់ការងាររបស់ពួកគេ
លោក បានរៀបរាប់ដូច្នេះថា៖«ម្ចាស់សណ្ឋាគារអត់បានដោះស្រាយទេ ព្យាយាមគេចវេស។ កើតមានបញ្ហានៅកន្លែងនេះ គឺយើងបានណាត់ជួបខាងនិយោកជក ចរចាគ្នា ប៉ុន្តែជាច្រើនលើកនៃការចរចានេះ គេ នៅតែនិយាយថា គេអត់មានលុយបង់ឲ្យកម្មករ...»។
លោក បន្តថា៖«បន្ទាប់ពីយើងជជែកគ្នាអត់ត្រូវ បានយើងរុញទៅក្រសួងការងារ២ទៅ៣ដង ដើម្បីឲ្យគាត់ដោះស្រាយ ប៉ុន្តែក្រសួងការងារ អត់ទាន់ដោះស្រាយបាន។ អ៊ីចឹងបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ហើយក្រុមប្រឹក្សាអាជ្ញាកណ្តាលបានកាត់សេចក្តីថា ឲ្យម្ចាស់សណ្ឋាគារបង់សំណងឲ្យកម្មករ។ កាត់សេចក្តីហើយសណ្ឋាគារនៅតែមិនគោរពទៅតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយព្យាយាមគេចវេសទៀត»។
បើតាមលោក តូច កុសល រហូតមកដល់ពេលនេះ បុគ្គលិកទាំង១៤២នាក់នោះ គឺសុទ្ធតែគ្មានការងារធ្វើទាំងអស់ ក្រោយម្ចាស់សណ្ឋាគារបញ្ឈប់ការងារ។
លោក បញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ បុគ្គលិកជាង១០០នាក់ ក៏បានទៅតវ៉ាឲ្យម្ចាស់សណ្ឋាគារបើកប្រាក់ខែសម្រាប់ប្រចាំខែនីមួយៗឲ្យបានទៀងទាត់ផងដែរ។ ពេលនោះម្ចាស់សណ្ឋាគារក៏បានដោះស្រាយជូនរួចរាល់ហើយដែរ។ ប៉ុន្តែការតវ៉ាលើកនេះ គឺពួកគេទាមទារឲ្យសណ្ឋាគារគោរពទៅតាមកិច្ចសន្យា ដែលថាផ្តល់សំណងជូនដល់បុគ្គលិកដែលបាត់បង់ការងារ។
សកម្មភាពអតីតបុគ្គលិកដែលមកទាមទារឲ្យម្ចាស់សណ្ឋាគារផ្តល់សំណងក្រោយបញ្ឈប់ការងាររបស់ពួកគេកាលពីខែឆ្នូ ឆ្នាំ២០១៩
ឆ្លើយតបនឹងបញ្ហានេះ លោក អ៊ូ រតនា អគ្គលេខារងនៃគណៈកម្មការដោះស្រាយបាតុកម្ម កូដកម្ម នៅគ្រប់មុខសញ្ញានៃក្រសួងការងារ លើកឡើងថា ក្រសួងការងារ នឹងហៅតំណាងកម្មករនិយោជិត និងម្ចាស់គ្រប់គ្រងសណ្ឋាគារឲ្យទៅពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយជូនបុគ្គលិកសណ្ឋាគារនៅថ្ងៃទី១២ ខែឧសភា។
សកម្មភាពអតីតបុគ្គលិកដែលមកទាមទារឲ្យម្ចាស់សណ្ឋាគារផ្តល់សំណងក្រោយបញ្ឈប់ការងាររបស់ពួកគេកាលពីខែឆ្នូ ឆ្នាំ២០១៩
លោក អ៊ូ រតនា ដែលមានវត្តមាននៅសណ្ឋាគារ The Great Duke Phnom Penh ដែរនោះ មានប្រសាសន៍ថា៖«បន្ទាប់ពីភាគីទាំងសងខាងអនុវត្តទៅតាមក្រុមប្រឹក្សាអាជ្ញាកណ្តាល ដល់ថ្ងៃនេះ និយោជក មិនទាន់អនុវត្តតាម ដូច្នេះ ក្រសួងការងារ ក៏បានដាក់កំហិតហើយ មិនមែនព្រងើយកន្តើយទេ។ ស្អែក យើងហៅគាត់ទៅជួបទៀត បើគាត់នៅតែមិនអនុវត្តតាម គឺក្រសួងនឹងចាត់វិធានការតាមច្បាប់»៕
សកម្មភាពអតីតបុគ្គលិកដែលមកទាមទារឲ្យម្ចាស់សណ្ឋាគារផ្តល់សំណងក្រោយបញ្ឈប់ការងាររបស់ពួកគេកាលពីខែឆ្នូ ឆ្នាំ២០១៩