COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Bundesliga ហាម​កីឡាករ​ស្តោះ​ទឹកមាត់ ឬ​ឱប​គ្នា ពេល​អបអរ​គ្រាប់​បញ្ចូល​ទី​
11, May 2020 , 5:45 pm        
រូបភាព
Bundesliga អនុញ្ញាត​ឲ្យ​កីឡាករ​ប្រើ​វិធី​អបអរ​គ្រាប់​បាល់​ដោយ​ប្រើ​កែងដៃ ឬ​ជើង​ប៉ះគ្នា​ប៉ុណ្ណោះ​នៅពេល​ក្របខណ្ឌ​កីឡាបាល់ទាត់​អាល្លឺម៉ង់​ចាប់ផ្តើម​ឡើងវិញ​។ នេះ​ជា​វិធី​បង្កា​មួយ​ចំណោម​វិធី​ផ្សេងៗ​ទៀត ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ COVID-19​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​អាល្លឺម៉ង់ Bild​។​

 
​ក្របខណ្ឌ​លី​គ​កំពូល​អាល្លឺម៉ង់ បាន​តម្រូវ​ឲ្យ​ត្រឡប់​ទៅកាន់​ការប្រកួត​វិញ​នៅ​ថ្ងៃទី​១៦ ខែឧសភា បន្ទាប់ពី​អធិការបតី​អាល្លឺម៉ង អែន​ជែ​ឡា មឺ​ហ្គែ​ល (Angela Merkel) អនុញ្ញាត ក្រោយ​កិច្ចប្រជុំ​ជាមួយ​អភិបាលរដ្ឋ​នានា កាលពី​ថ្ងៃទី​៦ ខែឧសភា​។​
 
​ដោយ​ស្រង់​ព័ត៌មាន​សម្ងាត់​ផ្ទៃក្នុង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFL) ការ​ចាប់ដៃគ្នា ឬ​ឱប​គ្នា​ដើម្បី​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី និង​ស្តោះ​ទឹកមាត់​នៅលើ​ទីលាន​អំឡុងពេល​ប្រកួត​សុទ្ធតែ​ត្រូវបាន​ហាម នៅពេល​លី​គ​ត្រឡប់​ចូល​ប្រកួត​វិញ ក្រោយ​ការផ្អាក​ជិត​២​ខែ ដោយសារ​ជំងឺ​រាតត្បាត​សាកល​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្មាន​ឡើយ​ក្មេងៗ​ដែល​ត្រូវ​ចាប់ដៃ​កីឡាករ​ដើរចូល​តារាង​ប្រកួត ហើយ​ការ​ចាប់ដៃគ្នា និង​ថតរូប​ជា​ក្រុម ក៏ត្រូវ​លុបចេញ​ដែរ​។ ដោយឡែក គ្រូបង្វឹក អ្នកចាត់ការ កីឡាករ​ដែល​អង្គុយ​នៅ​កៅអី​បម្រុង​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​មាន​គ្លាតឆ្ងាយ​ពីគ្នា​។​
 
​តាមរយៈ​ព័ត៌មាន​សម្ងាត់​របស់ DFL ដែល Bild ទទួលបាន នៅពេល​គ្រូបង្វឹក​ចង់​ស្រែកប្រាប់​ទៅកាន់​កូនក្រុម ឬ​ជំនួយការ​គឺអាច​ដក​ម៉ាស់​ចេញពី​មាត់​បាន តែ​ត្រូវ​រក្សា​គម្លាត​ឲ្យ​បាន​យ៉ាងតិច ១,៥ ម៉ែត្រ​ពី​អ្នកដទៃ​។ នៅពេល​មានការ​ស៊ុត​បញ្ចូល​ទី កីឡា​ទាំងអស់​ត្រូវ​អនុញ្ញាត​ត្រឹម​យក​កែងដៃ ឬ​ចុងជើង​ប៉ះគ្នា​ប៉ុណ្ណោះ​សម្រាប់​ការអបអរ​គ្រាប់​បាល់​របស់​ពួកគេ​។​
 
Bild បន្ថែមថា​ពេលវេលា​ដែល​ស្ថិតក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​នឹងត្រូវ​កំណត់​ត្រឹម​យ៉ាងយូរ ៣០ ទៅ ៤០​នាទី​សម្រាប់​កីឡាករ និង​បុគ្គលិក​ដែល​ពាក់ព័ន្ធ​។​
 
​លី​គ​កំពូល​អាល្លឺម៉ង់ ដែលមាន​១៨​ក្រុម​ចូលរួម បាន​ឆ្លងកាត់​ការប្រកួត​ចំនួន​២៥​លើក​រួចមកហើយ ពោលគឺ​នៅសល់​៩​ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​រដូវ​កាល ២០១៩-២០២០​នេះ​។ Bayern Munich ជា​ក្រុម​នាំមុខគេ​ក្នុង​តារាង Bundesliga ដោយ​រកបាន​៥៥​ពិន្ទុ នាំមុខ​គូប្រជែង Borussia Dortmund ចំនួន​៤​ពិន្ទុ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា នេះ អាល្លឺម៉ង់​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ជាង​១៧​ម៉ឺន​ករណី ដោយ​ក្នុងនោះ​ស្លាប់​ជាង​៧៥០០​នាក់ និង​សះស្បើយ​ជាង​១៤​ម៉ឺន​នាក់​៕
 
 

Tag:
 COVID-19
  Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com