ជាតិ
កម្មករ​ជាង​៤​ម៉ឺន​នាក់​ហើយ ត្រូវ​រដ្ឋាភិបាល​កត់ចូល​បញ្ជី​ដើម្បី​បើក​លុយ​៤០​ដុល្លារ
12, May 2020 , 10:59 pm        
រូបភាព
កម្មករ-កម្មការិនីរោង​ចក្រ​ ​ទិញ​ម្ហូបអាហារ​ពេល​ថ្ងៃ ក្រោយសម្រាកពីការងារ
កម្មករ-កម្មការិនីរោង​ចក្រ​ ​ទិញ​ម្ហូបអាហារ​ពេល​ថ្ងៃ ក្រោយសម្រាកពីការងារ
​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ​របស់​រដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់ជូន​កម្មករ​-​កម្មការិនី ដែល​ត្រូវ​ព្យួរការងារ តាម​សេវាកម្ម​វេរ​លុយ​វី​ង​។ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ អះអាងថា បច្ចុប្បន្ន ក្រសួង​ការងារ បាន​បញ្ជូន​ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​កម្មករ​និយោជិត​ជាង​៤​ម៉ឺន​នាក់​ហើយ ទៅកាន់​ក្រសួង​សេដ្ឋកិច្ច ដើម្បី​ផ្ទេរប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​ក្នុង​១​ខែ ដល់​ពួកគេ តាមរយៈ​សេវាកម្ម​វេរ​លុយ​វី​ង (​ធនាគារ​វី​ង​)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ដកស្រង់​សម្តី​របស់លោក ហេង សួរ​។


​អ្នកនាំពាក្យ​ក្រសួង​ការងារ បញ្ជាក់ថា ធនាគារ​វី​ង នឹង​បញ្ចូល​ទឹកប្រាក់​ទៅ​គណនី​របស់​កម្មករនិយោជិត ហើយ​រយៈពេល​១០​ថ្ងៃ បើ​ពួកគេ មិនបាន​ទៅ​បើក​ទេ ធនាគា​វី​ង នឹង​បញ្ជូន​ទឹកប្រាក់​នោះ ចូលទៅ​ធនាគារជាតិ​វិញ​។ 
 
​ទន្ទឹមនេះ លោក បាន​អំពាវនាវ​ឲ្យ​កម្មករនិយោជិត ផ្តល់​លេខ​អត្តសញ្ញាណ​បណ្ណ និង​លេខ​ទូរស័ព្ទ​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​រោងចក្រ​របស់ខ្លួន ដើម្បី​ទទួលបាន​ទឹកប្រាក់​ឧបត្ថម្ភ​តាម​វី​ង​។ 
 
​កម្មករនិយោជិត ដែល​ត្រូវ​ព្យួរការងារ នៅ​ទទួលបាន​ប្រាក់​៣០​ដុល្លារ​ទៀត​ពី​ម្ចាស់​រោងចក្រ​។ តែ គេ មិនទាន់​ដឹងថា ម្ចាស់​រោងចក្រ នឹង​ផ្តល់ប្រាក់​៣០​ដុល្លារ​នេះ តាម​មធ្យោបាយ​ណា​នោះទេ​។ 
​មកដល់ពេលនេះ មាន​រោងចក្រ​សហគ្រាស​ជិត​២០០​ហើយ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ព្យូ​រកា​រងារ ដោយបាន​ប៉ះពាល់​ដល់​កម្មករនិយោជិត​ជាង​១៥​ម៉ឺន​នាក់​៕ 
 

Tag:
 ​កម្មករ​
  ប្រាក់ឧបត្ថម្ភ​
  សេវាកម្ម​វី​ង
© រក្សាសិទ្ធិដោយ thmeythmey.com