ជាតិ
នយោបាយជាតិ
ទូតបារាំង សង្ឃឹមថា ជំនួបរវាងសម្ដេច ហ៊ុន សែន និងលោក កឹម សុខា ជាជំហានល្អ លោកស្រី Eva Nguyen BINH ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបសួរសុខទុក្ខលោក កឹម សុខា នៅគេហដ្ឋាន កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២០
× ភ្នំពេញ៖ លោកស្រី Eva Nguyen BINH ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានទៅជួបសួរសុខទុក្ខលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋាន កាលពីថ្ងៃទី១២ ឧសភា។ បញ្ហានយោបាយ និងស្ថានភាពកូវីដ១៩ គឺជាប្រធានបទ ដែលភាគីទាំងពីរ បានលើកយកមកជជែកពិភាក្សាគ្នា។
ឯកអគ្គរដ្ឋទូតបារាំង បានកត់សម្គាល់ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក កឹម សុខា នៅក្នុងពិធីបុណ្យសពម្ដាយក្មេកសម្ដេច កាលពីថ្ងៃទី៥ ឧសភា គឺជាសញ្ញាវិជ្ជមានមួយ។ លោកស្រី Eva Nguyen BINH ក៏សង្ឃឹមថា វាជា«ជំហានល្អមួយ» ទៀត សម្រាប់ស្ថានភាពនយោបាយនៅកម្ពុជា។ នេះបើតាមលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា ដែលបានស្រង់សម្តីឯកអគ្គរដ្ឋទូតបារាំង មកសរសេរលើហ្វេសប៊ុក។
បើតាមលោក មុត ចន្ថា ឯកអគ្គរដ្ឋទូតបារាំង និងលោក កឹម សុខា ក៏បានពិភាក្សាគ្នា អំពីបញ្ហាសង្គម និងសេដ្ឋកិច្ច(social and economic issues) ក្នុងស្ថានភាពកូវីដ-១៩ ផងដែរ។ ជាពិសេសស្ថានភាពអនាគតទៀត។
ក្រៅពីជួបទូតបារាំង លោក កឹម សុខា ក៏បានជួបទូតសហភាពអឺរ៉ុប និងទូតអាល្លឺម៉ងដែរ រយៈពេលពីរថ្ងៃមកនេះ។ លោក កឹម សុខា បានអះអាងថា លោកនឹងជួបអង្គទូតនានា ដែលមានស្នាក់ការនៅកម្ពុជា និងក្រៅប្រទេសផងដែរ។
Tag:
ហ៊ុន សែន
កឹម សុខា
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com