COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Serie A ត្រៀមបើករដូវកាលវិញថ្ងៃទី១៣ មិថុនា បើរដ្ឋាភិបាលអនុញ្ញាត
× ក្របខណ្ឌអ៊ីតាលី Serie A គ្រោងនឹងបន្តរដូវកាលរបស់ខ្លួនឡើងវិញនៅថ្ងៃទី១៣ ខែមិថុនា ប្រសិនបើរដ្ឋាភិបាលអ៊ីតាលីយល់ព្រម។
លីគកីឡាបាល់ទាត់កំពូលអ៊ីតាលីបានជួបប្រជុំគ្នានៅថ្ងៃទី១៣ ខែឧសភា តាមរយៈវីដេអូអនឡាញ និងបានអនុម័តកាលបរិច្ឆេទនៃការបន្តការប្រកួតលីគឡើងវិញស្របតាមការសម្រេចរបស់រដ្ឋាភិបាលអ៊ីតាលី និងពិធីសារវេជ្ជសាស្ត្រ។
ក្លិបនៅ Serie A មួយចំនួនធំបានវិលត្រឡប់ទៅកាន់ការហ្វឹកហាត់វិញនៅដើមខែឧសភា ប៉ុន្តែកីឡាករអាចហ្វឹកហាត់ដោយឡែកតែឯងៗប៉ុណ្ណោះ ដើម្បីគោរពតាមគោលការគម្លាតសុវត្តិភាព ខណៈជំងឺរាតត្បាត COVID-19 នៅមានឥទ្ធិផពលនៅឡើយ។ ប៉ុន្តែយ៉ាងណា ការហ្វឹកហាត់រួមគ្នាសម្រាប់កីឡាករនៅអ៊ីតាលីនឹងអាចធ្វើទៅបានចាប់ពីថ្ងៃទី២៥ ខែឧសភាតទៅ។
លីគភាគច្រើននៅអឺរ៉ុប រួមទាំងអ៊ីតាលីផងត្រូវបានផ្អាកបណ្តោះអាសន្នដោយគ្មានកាលកំណត់តាំងពីពាក់កណ្តាលខែមីនាដោយសារជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី ប៉ុន្តែក៏នៅតែមានលីគខ្លះបន្តលេងផងដែរ។
ថ្មីៗនេះ មានកីឡាកររបស់ Torino និង Fiorentina បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19 ។ ប៉ុន្តែពួកគេត្រូវបានទទួលការព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែកពីគេរួចរាល់ហើយ។
ក្រៅពី Serie A លីគនៅអង់គ្លេស Premier League និង La Liga របស់អេស្ប៉ាញ ក៏គ្រោងនឹងចាប់ផ្តើមលេងដោយបិទទ្វារកីឡដ្ឋាននៅក្នុងខែមិថុនាផងដែរ។ ដោយឡែកលីគកំពូលអាល្លឺម៉ង់ Bundesliga បានត្រៀមខ្លួនរួចហើយដើម្បីចាប់ផ្តើមនៅចុងសប្តាហ៍នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com