ជាតិ
ព្រះអង្គ ឡុង ចន្ថា​៖ ផ្នួស​របស់ខ្ញុំ​ព្រះករុណា មិនទាន់​អស់​និស្ស័យ​ឡើយ
14, May 2020 , 11:55 am        
រូបភាព
ដោយ: ថ្មីៗ
ព្រះ​តេជគុណ ឡុង ចន្ថា ដែល​គង់នៅ​វត្ត​មួយ​ក្នុង​ខេត្តតាកែវ មិនបាន​លាចាក​សិក្ខាបទ តាម​ការសន្យា​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ នេះឡើយ ដោយ​ព្រះអង្គ​បាន​អះអាង​ក្នុង​លិខិតមួយ​ថា ព្រះអង្គ​មិនទាន់​អស់​និស្ស័យ​ពី​ព្រះ​ផ្នួស ប៉ុន្តែ​ព្រម​ទទួលកំហុស និង​ប្រព្រឹត្ត​ឲ្យ​បាន​តាម​វិន័យ​ឡើងវិញ​។​



«​ទូលព្រះបង្គំ សូម​ទូលថ្វាយ និង​ចម្រើនពរ​ថា ដោយ​និស្ស័យ​ព្រះ​ផ្នួស​របស់ខ្ញុំ​ព្រះករុណា អាត្មាភាព មិនទាន់​អស់​នៅឡើយ ទូលព្រះបង្គំ ទទួលកំហុស និង​ប្រព្រឹត្ត​ឲ្យ​បានល្អ​តាម​វិន័យ ឲ្យ​ល្អប្រសើរ​ឡើងវិញ​»​។ នេះ​បើ​យោងតាម​លិខិត​បង្ហោះ​ក្រាប​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Long Chantha នា​ថ្ងៃទី​១៤ ខែឧសភា ដើម្បី​ក្រាប​ទូលថ្វាយ សម្តេចព្រះសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក មន្ត្រី​សង្ឃ និង​ញាតិ​ញោម​ទាំងអស់​។​

​ព្រះ​តេជគុណ ឡុង ចន្ថា បាន​ទទួលរង​ការរិះគន់​ខ្លាំង ពី​រឿង​ដែល​ព្រះអង្គ លួច​ទាក់ទង​និង​ប្រើពាក្យ​លែបខាយ​ក្នុងន័យ​ស្នេហា​ជាមួយ​នារី​ម្នាក់​។ កាលពី​ថ្ងៃទី​៤ ខែឧសភា​កន្លងមក សម្តេច​គណៈសង្ឃ​នាយក ន​ន្ទ ង៉ែត បានស្នើ​ឲ្យ​ព្រះ​មេគណ​ខេត្តតាកែវ និមន្ត​ព្រះអង្គ ឡុង ចន្ថា ចូលទៅ​ដោះស្រាយ​ក្នុង​រឿងអាស្រូវ​នេះ​។ ក្រោយ​ឆ្លងកាត់​ការដោះស្រាយ​ជាមួយគ្នា ព្រះអង្គ ឡុង ចន្ថា ក៏​សរសេរ​កិច្ចសន្យា​ពី​ការ​លាចាក​សិក្ខាបទ​។​

​ភ្លាមៗ​នោះ ព្រះអង្គ ឡុង ចន្ថា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ មន្ត្រី​សង្ឃ ពុំបាន​បង្ខំ​ឲ្យ​ព្រះអង្គ សឹក​ឡើយ តែ​វា ជាការ​យល់ព្រម​ដោយ​ព្រះអង្គឯង​។ ព្រះអង្គ មាន​សង្ឃដីកា​ដូច្នេះ​ថា​៖«​កុំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធសាសនា កុំ​ឲ្យ​រឿង​វែងឆ្ងាយ អាត្មា សុខចិត្ត​សឹក​»​។ យ៉ាងណាក៏ដោយ ព្រះអង្គ បដិសេធថា ព្រះអង្គ ពុំ​ត្រូវ​អាបត្តិ​បារាជិក​នោះទេ (​អាបត្តិ​ធ្ងន់​ជាងគេ​បំផុត​ក្នុង​វិន័យ​ព្រះពុទ្ធសាសនា ដែល​ទាមទារ​ឲ្យ​ភិក្ខុ ដែល​ត្រូវ​អាបត្តិ​នេះ ត្រូវ​លាចាក​សិក្ខា​បទ​)​។​

​ការប្រព្រឹត្ត​ខុសឆ្គង​៤​យ៉ាង ដែល​នាំ​ឲ្យ​ភិក្ខុ ត្រូវ​អាបត្តិ​បារាជិក រួមមាន ការសេព​សន្ថវៈ​ជាមួយ​ស្ត្រី ការ​លួច​ទ្រព្យ​របស់គេ ការសម្លាប់​មនុស្ស និង ការ​អួត​ពី​ឧ​ត្ត​រិម​នុស្ស​ធម្ម​។ ការ​អួត​ពី​ឧ​ត្ត​រិម​នុស្ស​ធម្ម គឺជា​ការ​អួតថា​ខ្លួន ជា​មនុស្ស​មានគុណ​វិសេស​លើសលែង ជាង​មនុស្ស​ធម្មតា ហើយ​បានសម្រេច​ធម៌​វិសេស ដើម្បី​ទទួលបាន​លាភ​សក្ការ ពី​បរិស័ទ ដែលមាន​ជំនឿ​ពី​ការ​អួត​នោះ​។​

​ព្រះអង្គ ឡុង ចន្ថា អះអាងថា ព្រះអង្គ គ្រាន់​ប្រើពាក្យ​សម្តី​បែប​លេងសើច​ជាមួយ​នារី​ម្នាក់​នោះ​ប៉ុណ្ណោះ តែ​ពុំ ធ្លាប់បាន​ប៉ះពាល់​រាងកាយ​នាង​ឡើយ​។

​ទូលព្រះបង្គំ​សូម​ទូល​ប្រគេន​ថ្វាយ​សម្តេចព្រះសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក នឹង នឹង​ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ជាន់ថ្នាក់​ដោយ​សេចក្តី​គោរព​ដ៏​ខ្ពង់​ខ្ពស់បំផុត​
​ហើយ​សូម​ជួន​ដំណឹង​ដល់​ញាតិ​ញោម​ជាទី​ស្រលាញ់​ពេញចិត្ត​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ជាទី​រាប់អាន ៕


Tag:
 ឡុង ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com