COVID-19
ជាតិ
សុខភាព
​ធ្លាប់មាន COVID-19 ៨​ករណី ស្រុក​កងមាស ត្រូវបាន​ពង្រឹង​ដើម្បី​ទប់ស្កាត់​រលក​ឆ្លង​លើក​ទី​ពីរ​
14, May 2020 , 3:31 pm        
រូបភាព
​ភ្នំពេញ​៖ ស្រុក​កងមាស ខេត្តកំពង់ចាម ត្រូវបាន​ក្រសួង​អភិវឌ្ឍន៍ជនបទ យក​ធ្វើជា​តំបន់​គំរូ​នៃ​ការទប់ស្កាត់​ការ​រាលដាល COVID-19 ជា​លើក​ទី​ពីរ ដោយ​កន្លងមក ស្រុក​មួយ​នេះ មាន​អ្នក​ឆ្លង​រហូតដល់​ទៅ​៨​ករណី​។ លោក លន់ សាយ​តេង ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានរម្លឹកថា ថ្វី​ដ្បិត​មួយខែ​ចុង​ក្រោយនេះ កម្ពុជា​គ្មាន​ករណី​ថ្មី​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​អត្រា​ឆ្លង​ជំងឺ​នេះ គឺ​នៅតែ​ខ្ពស់ ប្រសិនបើ​ពលរដ្ឋ​មិន​រក្សា​អនាម័យ និង​ងាក​មក​ប្រមូលផ្តុំ​គ្នាច្រើន​។​

 
​លោក លន់ សាយ​តេង បាន​បញ្ជាក់ថា មូលហេតុ​បានជា​ក្រសួង​អភិវឌ្ឍន៍ជនបទ​យក​ស្រុក​កងមាស ដែលមាន​១១​ឃុំ និង​៩២​ភូមិ ធ្វើជា​កន្លែង​យុទ្ធនា​ការអប់រំ​អនាម័យ និង​លាងដៃ​ជាមួយ​សាប៊ូ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​មានការ​ឆ្លង​រល​ក​ទី​ពីរ នោះ​គឺ​ដោយសារ​ស្រុក​នេះ គឺជា​តំបន់​ដែលមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ច្រើន កន្លងមក​។ កំពង់ចាម​មាន​អ្នក​ឆ្លងកូវីដ-១៩ ចំនួន១៦​ករណី​ក្នុងចំណោម​១២២​ករណី​ទូទាំងប្រទេស ដែល​ក្នុងនោះ​៨​ករណី​ស្ថិតនៅ​ស្រុក​កងមាស (៦​នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី និង​២​នាក់​ជា​ជនជាតិខ្មែរ​)​។ បច្ចុប្បន្ន កម្ពុជា​នៅសល់តែ​១​ករណី​នៅ​ខេត្តបន្ទាយមានជ័យ​ប៉ុណ្ណោះ ខណៈ​១២១នាក់បានជា​សះស្បើយ​។​
 

លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ 

​ក្នុង​យុទ្ធនា​ការអប់រំ​អនាម័យ និង​លាងដៃ​ជាមួយ​សាប៊ូ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១២​ឧសភា​ឆ្នាំ​២០២០   លោក សាយ​តេង បាន​និយាយ​ដូច្នេះ​៖« ស្រុក​នេះ យើង​អ​ន្តរាគម​ន៍​បាន​មួយ​សារ​រួចមកហើយ​។ ប៉ុន្តែ​យើង​នៅតែ​បារម្ភ​និង​ខ្លាច​មាន​ឆ្លង​ជំងឺ​នេះ​ថ្មី​ទៀត ព្រោះ​ស្រុក​នេះ គឺជា​ដើមដំបូង នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩»​។ 
 


​ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​រូបនេះ បាន​បន្តថា​៖« បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយចំនួន បាត់​ភ័យខ្លាច​ឆ្លង​កូ​វីដ​-១៩ ហើយ​លែង​យកចិត្តទុកដាក់​ក្នុង​រក្សា​គម្លាត​សង្គម​ឡើយ  ដែល​ធ្វើឱ្យ​យើង​បារម្ភ និង ខ្លាច​មាន​រលក​ទី​ពីរ​នៃ​ការឆ្លង​កូ​វីដ​-១៩​ជាយថាហេតុ​»​។ ដូច្នេះហើយ​បានជា​ក្រុមការងារ​បន្តសកម្មភាព​អប់រំ​ពលរដ្ឋ​ជានិច្ច​។  ក្រៅពី​ផ្សព្វផ្សាយ​អនាម័យ និង​លាងដៃ​ជាមួយ​សាប៊ូ ដល់​ពលរដ្ឋ​ក្នុងស្រុក​កងមាស នោះ ក្រសួង​អភិវឌ្ឍន៍ជនបទ ក៏​ផ្តល់ជូន ទឹក​អាល់កុល សាប៊ូ និង​ម៉ាស់ ដល់​ពលរដ្ឋ​ក្រីក្រ ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com