គូ​ដណ្តឹង​អ្នកកាសែត Khashoggi អង្វរ​អ្នកគាំទ្រ Newcastle ឲ្យ​ជួយ​បញ្ឈប់​ការលក់​ក្លិប​ឲ្យ​រជ្ជទាយាទ Salman
កីឡាអន្តរជាតិ
អន្តរជាតិ
គូ​ដណ្តឹង​អ្នកកាសែត Khashoggi អង្វរ​អ្នកគាំទ្រ Newcastle ឲ្យ​ជួយ​បញ្ឈប់​ការលក់​ក្លិប​ឲ្យ​រជ្ជទាយាទ Salman
15, May 2020 , 8:59 am        
រូបភាព
​គូ​ដណ្តឹង​របស់​អ្នកសារព័ត៌មាន Jamal Khashoggi ដែល​ត្រូវបាន​សម្លាប់ ព្យាយាម​ប្រាប់​ឲ្យ​អ្នកគាំទ្រ Newcastle United រួបរួមគ្នា​ការពារ​ក្លិប​ដោយ​ប្រឆាំងនឹង​ការស្នើសុំ​ទិញ​ក្លិប​ពី​សំណាក់​មូលនិធិ​វិនិយោគ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) ដែល​គាំទ្រ​ដោយ​រជ្ជទាយាទ Mohammed Bin Salman​។​


 
​អ្នកនាង Hatice Cengiz បាន​អំពាវនាវ​តាមរយៈ​លិខិត​ចំហមួយ​នៅ​ថ្ងៃទី​១៣ ខែឧសភា ថា​ក្រុម​វិនិយោគ PIF ដែល​ដឹកនាំ​ដោយ​រជ្ជទាយាទ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត Bin Salman កំពុង​ស្ថិតនៅ​ក្នុងការ​ចរចា ​ទិញ​ក្លិប​ក្នុង​ក្របខណ្ឌ Premier League មួយ​នេះ​។ 
 
​អ្នកនាង Cengiz គូ​ដណ្តឹង​របស់​អ្នកកាសែត Khashoggi ដែល​ត្រូវបាន​សម្លាប់ ​នៅ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ទីក្រុង Istanbul ប្រទេស​តួ​ក​គី បាន​សរសេរ​នៅក្នុង​លិខិត​នោះ​ហើយ​បង្ហោះ​លើ Twitter ថា​៖« ខ្ញុំ​ដឹងថា អ្នក​ទាំងអស់គ្នា​ភាគច្រើន​ ត្រូវបាន​លួង​លោម​ពី​សំណាក់​ព្រះអង្គម្ចាស់ Bin Salman ដើម្បី​ជួយ​ក្លិប​ចេញពី​ស្ថានភាព​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ព្រះអង្គម្ចាស់​រូបនេះ ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បញ្ជា​ឲ្យ​ធ្វើឃាត​លើ Khashoggi »​។​
 
Cengiz បន្ថែមថា​ ការស៊ើបអង្កេត​ដែល​អាច​ទុកចិត្តបាន​ទាំងអស់ ​បានបង្ហាញ​ពី​ការទទួលខុសត្រូវ​រប​ស់​ព្រះអង្គ​។ ប៉ុន្តែ​ព្រះអង្គម្ចាស់ Bin Salman មិន​ត្រូវបាន​កាត់ទោស​ នៅក្នុង​ប្រទេស​របស់ខ្លួន​ឡើយ​ បើ​ទោះ​បាន​ប្រើ​របៀប​គ្រប់គ្រង​ប្រទេស​ ដោយ​ប្រើ​កណ្តាប់ដៃ​ដែក​ក្តី​។​
 
​ក្លិប Newcastle United អាច​នឹង​ឈានដល់​កិច្ចព្រមព្រៀង​លក់ ​ក្នុងតម្លៃ ៣០០ លាន​ផោន (៣៦៨ លាន​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​ក្រុមហ៊ុន​ក្រុម​វិនិយោគ PIF របស់​ព្រះអង្គម្ចាស់ Bin Salman​។ ស្របពេល​គ្នា​នេះ នាង Cengiz បាន​អង្វរករដល់​ក្រុម​អ្នកគាំទ្រ​ក្រុម​សារិកា​ព្រៃ​ទាំងអស់​ ត្រូវ​រួបរួមគ្នា​ដើម្បី​ការពារ​ក្លិប​ជាទី​ស្រឡាញ់​របស់ខ្លួន ​ដោយ​គេច​ចេញពី​ការកាន់កាប់​របស់​ព្រះអង្គម្ចាស់ Bin Salman​។​
 
«​ពួកគេ​កំពុង​ផ្លាស់ប្តូរ​នេះ ​មិនមែន​ដើម្បី​ជួយ​អ្នក និង​មិនមែនជា​ការគិតគូរ​ពី​ផលប្រយោជន៍​របស់​អ្នក​ទេ ប៉ុន្តែ​គឺ​ដើម្បី​បម្រើ​តែ​ខ្លួនឯង​ប៉ុណ្ណោះ​»​។ គូ​ដណ្តឹង​របស់​អ្នកកាសែត Khashoggi បន្ថែម​ដូច្នេះ​។​ ​
 
​កន្លងមក អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ (UN) បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​ បង្ហាញ​ពី​ព័ត៌មាន​ទាំងអស់​ដែល​ខ្លួន​មាន ​ជុំវិញ​រឿងក្តី​ឃាតកម្ម​លោក Khashoggi អតីត​អ្នកកាសែត Washington Post ដែល​ត្រូវបាន​សម្លាប់​ កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ទីក្រុង Istanbul ប្រទេស​តួ​ក​គី​៕
 

Tag:
 Jamal Khashoggi
  Mohammed Bin Salman
  Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម