អន្តរជាតិ
ព្រឹទ្ធសភា​អាមេរិក អនុម័ត​សេចក្តីព្រាងច្បាប់​ដែល​បង្កើន​សម្ពាធ​លើ​ចិន​ពាក់ព័ន្ធ​បញ្ហា​វី​ហ្គ័​រ​
15, May 2020 , 2:22 pm        
រូបភាព
ដោយ:
​ព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃទី​១៤ ខែឧសភា បានអនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​រដ្ឋការ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពង្រឹង​ការឆ្លើយតប​ទៅលើ​ការគាបសង្កត់​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​នៅ​តំបន់​ស៊ីន​ជាំ​ង ពី​សំណាក់​រដ្ឋាភិបាល​ចិន​។ ប៉ុន្តែ​ចិន​បានចេញ​មុខ​ថ្កោលទោស​ការអនុម័ត​នេះ និង​ចាត់ទុកជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លូន​។

 
​សេចក្តីព្រាងច្បាប់​ដែល​បើកផ្លូវ​ដល់​ការ​ទណ្ឌកម្ម​មន្ត្រី​ចិន ត្រូវបាន​ស្នើ​ដោយ​លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​។ ច្បាប់​នេះ ទាមទារ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ទៅលើ​បុគ្គល​ណា​ដែល​ទទួលខុសត្រូវ ទៅលើ​ការគាបសង្កត់​ជនជាតិភាគតិច​វី​ហ្គ័​រ និង​មូស្លីម​ដទៃទៀត​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​។ សេចក្តីព្រាងច្បាប់​នេះ ក៏​គំរាម​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​ចិន ដោយ​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ការរំលោភបំពាន​សិទ្ធមនុស្ស​យ៉ាងធ្ងន់ធ្ងរ​នេះ​។​
 
​នេះ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ព្រឹទ្ធសភា​អាមេរិក ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ បានអនុម័ត​សេចក្តីព្រៀងច្បាប់​ខាងលើ​ដោយ​ឯកច្ឆន្ទ​។ ដំណាក់កាល​បន្ទាប់ គេ​ត្រូវបញ្ជូន​សេចក្តីព្រៀងច្បាប់​នេះ​ទៅ​សភា​តំណាង បន្ទាប់មក​ទៅ​សេត​វិមាន ដើម្បី​ឲ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​ទៅជា​ច្បាប់​។​
 
​ការអនុម័ត​សេចក្តីព្រៀងច្បាប់​ដោយ​ព្រឹទ្ធសភា​អាមេរិក​នេះ​ធ្វើឡើង ក្នុងពេលដែល​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​កាន់តែ​អាក្រក់​ទៅៗ ដោយសារតែ​ជំងឺ​រាតត្បាត​សកល COVID-19 ។ អាមេរិក​បាន​បន្ទោស​ចិន​ចំពោះ​កង្វះ​តម្លាភាព​នៅពេល​មានការ​ផ្ទុះ​ជំងឺ​នាពេល​ដំបូង​។ ចំណែកឯ​ភាគី​ចិន​វិញ បានចេញ​មុខ​តប​ដោយ​បដិសេធ​ការចោទប្រកាន់​លើ​ការគ្រប់គ្រង​ការផ្ទុះ​ជំងឺ COVID-19 មិនបាន​ត្រឹមត្រូវ​។ 
 
​ចំពោះ​ការអនុម័ត​សេចក្តីព្រៀងច្បាប់​ទាក់ទង​នឹង​ការគាំទ្រ​សិទ្ធជន​ជាតិ​វី​ហ្គ័​រវិ​ញ ចិន​បាន​ថោ្ក​ល​ទោ​សកម្មភាព​នេះ ដោយ​ចាត់ទុកជា​ការវាយប្រហា​រ​ព្យាបាទ និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដែល​នឹង​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ នេះ​បើតាម​ប្រភពព័ត៌មាន​ខាងលើ​។ 
 
​យោងតាម​របាយការណ៍​អង្គការសហប្រជាជាតិ ជនជាតិ​វី​ហ្គ័​រ​ជិត​មួយ​លាន​នាក់​ត្រូវ​បានដាក់​ក្នុង​ជុំរុំ​ជាច្រើន​ក្នុង​តំបន់​ស៊ីន​ជាំ​ង​ភាគ​ខាងលិច​កាលពី​ឆ្នាំមុន​។ ចិន​ចេញមក​បដិសេធថា គ្មាន​ការធ្វើ​បាប​ជនជាតិ​វី​ហ្គ័​រ និង​ថា​ជុំរុំ​ទាំងអស់នោះ​សម្រាប់​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិនមែនជា​មន្ទីរឃុំឃាំង​ឡើយ​។​
 
​សូមបញ្ជាក់ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ សភា​អាមេរិក ក៏បាន​អនុម័ត​សេចក្តីព្រៀងច្បាប់​ដាក់ទណ្ឌកម្ម​ប្រឆាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ចិន ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការបំពាន​សិទ្ធជន​ជាតិ​អ៊ុយ​ហ្គួ​រ ដែលមាន​លោក Chen Quanguo លេខា​បក្ស​កុ​ម្មុយ​នី​ស្តិ​តំបន់​ស៊ីន​ជាំ​ង និង​ជា​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​ចិន​។ លោក Chen ត្រូវគេ​ជឿថា ជា​អ្នកផ្ដើមគំនិត និង​អនុវត្ត​វិធានការ​រឹតត្បិត​លើ​ជនភាគតិច​នៅ​ស៊ីន​ជាំ​ង​៕

© រក្សាសិទ្ធិដោយ thmeythmey.com