ជាតិ
សង្គមជាតិ
ភោជនីយដ្ឋាន​ណា ខ្វះ​អនាម័យ នឹង​ប្រឈម​ការបិទ​ប​ណ្តោះ​អាសន្ន
15, May 2020 , 3:39 pm        
រូបភាព
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា  អាជ្ញាធរ​មូលដ្ឋាន នឹង​ចាប់ផ្តើម​ចុះ​ត្រួត​ពិនិត្យមើល​អនាម័យ តាម​ភោជនីយដ្ឋាន រួមទាំង​កន្លែង​លក់ដូរ​ផ្សេងៗ​។ សម្តេច អះអាងថា អាជ្ញាធរ នឹង​ដាស់តឿន បើ​ភោជនីយដ្ឋាន​ឬ​កន្លែង​លក់ដូរ​ណា មិន​រក្សា​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​បើ​នៅតែ​មិន​ស្តាប់ ភោជនីយដ្ឋាន​ឬ​កន្លែង​លក់ដូរ​នោះ នឹងត្រូវ​បិទ​ជាប​ណ្តោះ​អាសន្ន​។



រដ្ឋាភិបាល​ ដាក់ចេញវិធានាការនេះ គឺដើម្បីការពារកុំឲ្យជំងឺកូវីដ១៩ ឆ្លងរាលដាល នៅតាមភោជនីយដ្ឋានឬកន្លែងលក់ដូរ។ ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍ថា​៖«​មិនចាំបាច់​ពី​ខាងលើ​ទៅ​បិទ​ទេ គឺ​រាជធានី ខេត្ត​នីមួយៗ មាន​សិទ្ធិ​ធ្វើ​ខ្លួនឯង​តែម្តង​»​។

ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា ក្រោយ​រៀបចំ​អនាម័យ​រួចហើយ ភោជនីយដ្ឋាន​ឬ​កន្លែង​លក់ដូរ ដែល​ត្រូវ​បិទ​នោះ នឹង​ទទួល​ការអនុញ្ញាត​ឲ្យ​បើក​ឡើងវិញ ហើយ​បើ​លើក​ក្រោយ នៅតែ​ខ្វះ​អនាម័យ​ទៀត អាជ្ញាធរ នឹង​បន្ត​បិទ​សាជាថ្មី​។ 
 
​ព្រោះតែ​បារម្ភ​ពី​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ រដ្ឋាភិបាល បាន​បិទ​អាជីវកម្ម​នានា ដូចជា ក្លិប​កម្សាន្ត រោងកុន ខារ៉ាអូខេ ប៊ី​ហ្កា​ឌិន កាស៊ីណូ កន្លែង​ម៉ាស្សា​-​ស្ប៉ា កន្លែង​ហាត់ប្រាណ និង ការប្រគំ​តន្ត្រី​តាម​ទីសាធារណៈ ជាដើម​។ រដ្ឋាភិបាល មិន​បិទ​ផ្សារ ភោជនីយដ្ឋាន និង កន្លែង​លក់ដូរ គឺ​ដោយសារតែ​ខ្លាច​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​។​
 
​នៅ​ចំពោះមុខ​សមាជិក​រដ្ឋាភិបាល​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេចនាយក​រដ្ឋមន្ត្រី បង្ហាញ​ក្តីបារម្ភ​ពី​រលក​ទី​ពីរ​នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ហើយ​អាច​នឹង​គ្រប់គ្រង​ស្ថានការណ៍​លែង​បាន ម្ល៉ោះហើយ​ទើបបានជា​សម្តេច យល់ស្រប​នឹង​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ក្នុងការ​ពន្យារពេល​បើក​សាលារៀន​។

អត្ថបទទាក់ទង

​ទន្ទឹមនឹងនេះ មេដឹកនាំ​កម្ពុជា បាន​ណែនាំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល បន្ត​ផ្ញើ​សារ​និង​ក្រើនរម្លឹក​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩ ដោយ​មិនត្រូវ​មើលស្រាល​ឡើយ ថ្វីបើ​ជំងឺ​នេះ ហាក់​ធូរស្បើយ​នៅ​កម្ពុជា​ក្តី​។ 
 
​បច្ចុប្បន្ន ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ទាំង​១២២​នាក់​នៅ​កម្ពុជា មាន​១២១​នាក់​ហើយ ដែល​បានជា​សះស្បើយ​៕ 
    
 

Tag:
 COVID-19
  បិទ​ភោជនីយដ្ឋាន​
© រក្សាសិទ្ធិដោយ thmeythmey.com