COVID-19
អន្តរជាតិ
ចិន ស្នើ​អាមេរិក​ឲ្យ​សងលុយ​ដែល​ជំពាក់ UN
16, May 2020 , 11:59 am        
រូបភាព
ទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ រូបភាព Xinhua
ទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ រូបភាព Xinhua
​នៅ​ថ្ងៃទី​១៥ ខែឧសភា ចិន​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​ស្នើ​ឲ្យ​ប្រទេស​ទាំងអស់​ដែលជា​សមាជិក​អង្គការសហប្រជាជាតិ (UN) បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន​ក្នុង​ការបង់​វិភាគទាន​ដើម្បី​ទ្រទ្រង់​អង្គការ​នេះ​។ ចិន ក៏បាន​និយាយ​ចំឈ្មោះ​អាមេរិក​ដែល​មិនទាន់​បង់​ចំណែក​របស់ខ្លួន​នៅឡើយ ដោយ​ស្នើ​ឲ្យ​មហាអំណាច​មួយ​នេះ អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ឲ្យ​បាន​សកម្ម​។ យ៉ាងណាមិញ អាមេរិក​ឆ្លើយ​វិញ​ថា ចិន​ចង់​បង្វែរ​ស្ថានការណ៍ COVID-19 ប៉ុណ្ណោះ​។​

 
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១៥ ខែឧសភា ចិន​បានលើកឡើង​ពី​បំណុល​ដែល​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ មិនទាន់បាន​បង់​នាពេល​កន្លងមក​រាប់ទាំង​អាមេរិក​ផង​។ បំណុល​ទាំងនោះ ត្រូវ​បង់​សម្រាប់​ការចំណាយ​របស់​អង្គការសហប្រជាជាតិ និង​ប្រតិបត្តិការ​ថែរ​រក្សា​សន្តិភាព​ពិភពលោក​។​
 
«​មកទល់​ថ្ងៃទី​១៤ ខែឧសភា ទឹកប្រាក់​ដែល​មិនទាន់បាន​បង់​សម្រាប់​ថវិកា​ប្រចាំ​ឆ្នាំមាន​ដល់​ទៅ​១,៦៣​ពាន់​លាន​ដុល្លារ និង​ថវិកា​មិនទាន់​បង់​សម្រាប់​ការថែរក្សា​សន្តិភាព​មាន​២,១៤​លាន​ដុល្លារ​។​» នេះ​ជាការ​បញ្ជាក់​របស់​សេចក្ដី​ថ្លែងការណ៍​ចិន​ដោយ​ស្រង់​តួលេខ​ពី​របាយការណ៍​ការិយាល័យ​អគ្គលេខាធិការ និង​ពី​កិច្ចប្រជុំ​ថ្ងៃទី​១៤ ខែឧសភា​។​
 
​សេចក្ដីថ្លែងការណ៍​ដដែល ក៏​លើកឡើង​ពី​បំណុល​អាមេរិក​ដែរ​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ចិន​បន្តថា អាមេរិក​មិនបាន​បង់​វិភាគទាន​របស់ខ្លួន​ច្រើន​ឆ្នាំ​ហើយ ហើយ​ជា​កូនបំណុល​ធំជាងគេ​របស់ UN ។ ពោល គឺ​អាមេរិក​នៅ​ជំពាក់​លុយ​ចំនួន​១,១៦៥​ពាន់​លាន​ដុល្លារ​សម្រាប់​អង្គការសហប្រជាជាតិ និង​១,៣៣២​ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​។​
 
​តាមពិតទៅ អាមេរិក ជា​ប្រទេស​ចេញ​លុយហោប៉ៅ​ខ្លួនឯង​ច្រើនជាងគេ​សម្រាប់​អង្គការសហប្រជាជាតិ ដោយ​ទទួលបន្ទុក​២២​ភាគរយ​នៃ​ការចំណាយ ដែល​ស្មើនឹង​ប្រមាណ​បី​ពាន់​លាន​ដុល្លារ​។ សម្រាប់​កងទ័ព​មួក​ខៀវ​វិញ អាមេរិក​មាន​ចំណែក​២៥​ភាគរយ ដែល​ស្មើនឹង​ជាង​៦​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ យ៉ាងណាមិញ នៅ​ឆ្នាំ​២០១៧ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាត់បន្ថយ​វិភាគទាន​របស់​អាមេរិក ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​អាមេរិក​ជំពាក់​លុយ UN ។​
 
​បន្ថែម​ពី​នោះ ដោយសារ​ឆ្នាំសារពើពន្ធ​អាមេរិក​គិតពី​ខែតុលា​នោះ ការបង់​វិភាគទាន​របស់​អាមេរិក ក៏មាន​ការយ​យឺតយ៉ាវ​ជា​ប្រទេស​ផ្សេង​ដែល​រាប់​ពី​ខែមករា​ទៅ​។​
 
​យ៉ាងណាមិញ បេសកកម្ម​អាមេរិក​ប្រចាំ UN បាន​ទាត់ចោល​ការស្នើ​របស់​ចិន ដោយ​ហៅ​ការស្នើ​នេះ​ជាការ​បង្វែរ​សាច់រឿងរ​បស់​ចិន​ដើម្បី​បិទបាំង​បញ្ហា COVID-19 ។ អាមេរិក​អះអាងថា ខ្លួន​ទើបបាន​បង់លុយ​ឲ្យ UN ចំនួន​៧២៦​លាន​ដុល្លារ​នៅពេល​ថ្មីៗ​នេះ ហើយ​ត្រៀម​បង់​ថែមទៀត​នៅពេល​ខាងមុខ​។ 
 
​ដោយសារ​ប្រទេស​ជាច្រើន​មិនទាន់​បង់​វិភាគទាន​របស់ខ្លួន អគ្គលេខាធិការ UN លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ព្រមាន​ថា ការចំណាយ​លើ​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​ក៏ត្រូវ​អូសបន្លាយ​ដែរ​។ គិត​ត្រឹម​ថ្ងៃទី​១៤ ខែឧសភា ប្រទេស​៥០​ក្នុងចំណោម​សមាជិក​១៩៣ បាន​បង់​វិភាគទាន​របស់ខ្លួន​អស់ហើយ​។ ចិន ដែលជា​ប្រទេស​មាន​ចំណែក​ធំ​ទី​ពីរ បង់ប្រាក់​១២​ភាគរយ​សម្រាប់​ដំណើរការ​របស់ UN និង​ជាង​១៥​ភាគរយ​សម្រាប់​ទ័ព​មួក​ខៀវ​៕ 
 
 

Tag:
 ចិន​
  UN
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com