សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រោយ​រៀន​អស់​កន្លះ​សតវត្ស បុរស​អ៊ីតាលី​វ័យ​៧០​ឆ្នាំ ទទួល​បរិញ្ញាបត្រ​ដូច​បំណង​
16, May 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​លោក Alberto Valente ជនជាតិ​អ៊ីតាលី​វ័យ​៧០​ឆ្នាំ បាន​ចុះឈ្មោះ​ចូលរៀន​សាកលវិទ្យាល័យ Florence កាលពី​ឆ្នាំ​១៩៦៩ ហើយ​លោក​មិនដែល​បោះបង់​នៅឡើយ​។ ៥០​ឆ្នាំ​ក្រោយមក ពោលគឺ​កាលពី​ចុងខែ​មេសា លោក​បានទទួល​បរិញ្ញាបត្រ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដូច​បំណង​។​

 
​រៀន​យឺត​ប្រសើរ​ជាង​បោះបង់​។ នេះ​ជា​គំនិត​របស់​លោកតា Alberto Valente ដែល​ឈានចូល​ដល់​វ័យ​៧០​ឆ្នាំ​ទៅហើយ​។ កាលពី​ឆ្នាំ​១៩៦៩ គាត់​បាន​ចុះឈ្មោះ​រៀន​មហាវិទ្យាល័យ​ជំនាញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ​នៅក្នុង​ស្រុកកំណើត​ខ្លួន ប៉ុន្តែ​ដោយសារ​គ្រួសារ​ក្រីក្រ និង​ត្រូវបំពេញ​កាតព្វកិច្ច​យោធា គាត់​មិនបាន​រៀន​ពេញលេញ​នោះឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន La Repubblica លោកតា Alberto បាន​ពន្យល់​បន្ថែម​ពី​ភាពយឺតយ៉ាវ​របស់ខ្លួន​ថា​៖ «​ក្រោយ​ចប់​វិទ្យាល័យ ខ្ញុំ​បានសម្រេច​ចិត្ត​បន្ត​ការសិក្សា ប៉ុន្តែ​ឪពុកម្តាយ​របស់ខ្ញុំ​គ្មាន​លុយ​បង់​ឡើយ​។ ខ្ញុំ​បាន​ឆ្លៀត​ធ្វើការ ហើយ​រកលុយ​បង់​សាលា​ដូច​ខ្លួនឯង ប៉ុន្តែ​ក៏​នៅតែ​ខកខាន ដោយសារ​ខ្ញុំ​ត្រូវបំពេញ​កាតា​ព្វ​កិច្ច​យោធា​។ ខ្ញុំ​បានសម្រេច​ចិត្ត​ឃ្លាត​ពី​ការសិក្សា​ដើម្បី​ទទួលបាន​បទពិសោធន៍​នៅក្រៅ​ប្រទេស​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោកតា Alberto អះអាងថា លោក​មិនបាន​បោះបង់​ចូល​ការសិក្សា​ឡើយ ដោយ​លោក​ភ្ជាប់​ទំនាក់ទំនង​ជានិច្ច​ជាមួយ​សាលា​។ ជាទូទៅ ប្រព័ន្ធ​អប់រំ​នៅ​សាកលវិទ្យាល័យ Florence អនុញ្ញាត​ឲ្យ​សិស្ស​ប្រឡង​រៀងរាល់​៣​ទៅ​៤​ខែម្តង ប៉ុន្តែ​លោកតា Alberto អាច​ប្រឡង​នៅ​រៀងរាល់​៣ ទៅ​៤​ឆ្នាំ​ម្តង​។ លោក​បាន​បញ្ជាក់ថា​៖ «៥០​ឆ្នាំ​កន្លងមកនេះ ខ្ញុំ​ឈប់​ច្រើន ប៉ុន្តែ​មិនដែល​បោះបង់​ឡើយ​»​។​
 
​បច្ចុប្បន្ន​លោកតា Alberto ជា​ម្ចាស់​សហគ្រាស​មួយ ហើយ​គាត់​មានឱកាស​បន្ត​ការសិក្សា ដោយសារតែ​មានការ​ជំរុញ​លើកទឹកចិត្ត​ផងដែរ​ពី​សំណាក់​កូនៗ​របស់ខ្លួន​។ គាត់​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​២០១៩ ហើយ​គាត់​ការពារ​សារ​ណា​ជោគជ័យ​កាលពី​ថ្ងៃទី​៣០ ខែមេសា តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយសារ​បណ្តា​សាលា​នៅ​អ៊ីតាលី បាន​បិទ​។​
​ក្រោយ​ទទួលបាន​សញ្ញាបត្រ​ដែល​ជា​បំណងប្រាថ្នា ៥០​ឆ្នាំ លោកតា Alberto គម្រោង​ចូល​និវត្ត​ពី​ការងារ​នា​រយៈពេល​៣ ទៅ​៤​ខែ​ខាងមុខ​ទៀត​។ លោក​បញ្ជាក់បន្ថែម​ប្រាប់ La Repubblica ថា​៖ «​ខ្ញុំ​ចង់​រៀន​បន្ត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ផងដែរ ប៉ុន្តែ​បើ​មានឱកាស​ខ្ញុំ​នឹង​រៀន​ឲ្យ​បាន​លឿន​ជាង​នេះ​»៕
 

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com