ជាតិ
វិស័យ​ថាមពល​កកើត​ឡើងវិញ​របស់​កម្ពុ​ជាមាន​សក្តា​នុព​ល​សម្រាប់​ពេលអនាគត ប៉ុន្តែ​មាន​កត្តា​ប្រឈម​
17, May 2020 , 11:43 am        
រូបភាព
​ដោយ លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​ប្រទេស​កម្ពុជា​
 
​អនាគត​នៃ​វិស័យ​ថាមពល​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ដើរ​ដល់​ចំណុច​សំខាន់​មួយនា​ពេលបច្ចុប្បន្ន​។ ខណៈដែល​វិស័យនេះ​កំពុង​បន្ត​អភិវឌ្ឍន៍​ទៅមុខ ខណៈដែល​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ជាតិ​កំពុង​បន្ត​ត​ភ្ជាប់​បំពេញតម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើងៗ ហើយ​ខណៈដែល​គុណភាព​ខ្យល់ និង​គុណភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​កំពុង​ប្រឈម​នឹង​ឥទ្ធិពល​អាក្រក់ វា​ដល់ពេល​ហើយ​ដែល​គេ​ត្រូវ​គិតគូ​បែប​យុទ្ធសាស្ត្រ​ថា​តើ​ប្រទេស​កម្ពុជា​ត្រូវ​បោះជំហាន​ទៅមុខ​យ៉ាងណា​ដើម្បី​បំពេញ​គោលបំណង​សេដ្ឋកិច្ច តម្រូវការ​របស់​ប្រជាពលរដ្ឋ​របស់ខ្លួន ក៏ដូចជា​សេចក្តីត្រូវការ​ពី​ពិភពលោក​ទាំងមូល​ដែរ​។​
 
​យើង​សង្កេតឃើញ​មាន​សញ្ញា​វិជ្ជមាន​មួយចំនួន​។ ចាប់តាំងពី​ខែកុម្ភៈ​មក វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ​បានបង្ហាញ​ភាព​សុទិដ្ឋិនិយម​ជាង​មុន ដោយហេតុថា​ថ្លៃ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​តំឡើង​លើដំបូល​កម្រិត​ឧស្សាហកម្ម​មាន​ភាព​ប្រដំ​ត្រសង​នឹង​ថ្លៃ​បណ្តាញ​អគ្គិសនី​ធម្មតា​ដែរ​។ ចំណុច​នេះ​អាច​លើកទឹកចិត្ត​ឱ្យ​អ្នកប្រើប្រាស់​ថាមពល​ធំៗ ដូចជា​វិស័យ​វាយ​ន​ភណ្ឌ ក្នុង​ការតំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូល ដើម្បី​កាត់បន្ថយ​ការ​សាយភាយ​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​
 
​ប្រទេស​ជាច្រើន​កំពុង​ងាក​ទៅរក​ការផលិត​ថាមពល​ដែលមាន​តម្លៃថោក ព្រមទាំង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច ដោយ​បង្កើន​ការផ្គត់ផ្គង់​ថាមពល​ដែល​ទាញ​ចេញពី​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​វិញ​។ ជា​ឧទាហរណ៍ ប្រទេស​អាឡឺម៉ង់​បានសម្រេច​ត្រៀម​បិទ​ស្ថានីយ៍​ថាមពល​ប្រើប្រាស់​ធ្យូងថ្ម​ត្រឹម​ឆ្នាំ​២០៣៨​។ ថាមពល​អគ្គិសនី​ដែល​ប្រើ​ពន្លឺព្រះអាទិត្យ​ក្នុងពេល​បច្ចុប្បន្ន​មានតម្លៃ​ថោក​ជាង​ការប្រើប្រាស់​ធ្យូងថ្ម​នៅក្នុង​ប្រទេស​ភាគច្រើន​ដែល​បាន​បញ្ឈប់​ការឧបត្ថម្ភ​ធន​នៃ​ការរក្សា​លំនឹង​តម្លៃ ខណៈដែល​វិស័យ​ថាមពល​ដោយ​ខ្យល់​ក៏​នឹង​ដើរ​តាម​គន្លង​នេះដែរ​នាពេលខាងមុខ​ឆាប់ៗ​។​
 
​ការសម្រេចចិត្ត​ផ្អាក​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​កាត់​ដង​ទន្លេមេគង្គ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​សេចក្តីសម្រេច​ចិត្តជា​ទីកោ​ត​សរសើរ​។ ការសម្រេចចិត្ត​នេះ​បាន​ក្លាយជា​គំរូ​នៃ​ភាពជា​អ្នកដឹកនាំ​មួយ​ក្នុង​តំបន់ តែ​យ៉ាងណាក៏ដោយ ការសម្រេចចិត្ត​នានា​បន្តទៀត​ចំពោះ​ការអភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី​របស់​កម្ពុជា​ក្នុងពេល​អនាគត នឹង​ជា​កត្តា​ដែល​បញ្ជាក់​អំពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុងការ​បន្ត​នូវ​និរន្តរភាព​បរិស្ថាន​ឬ​យ៉ាងណា​។​


 
​បើ​យោងតាម​ការវិភាគ​រប​ស់​អង្គការ អេ​នឺ​ជី​លែ​ប (EnergyLab) គិត​ត្រឹម​ឆ្នាំ​២០៣០ ប្រសិនបើ​រាល់​គម្រោង​ថាមពល​អគ្គិសនី​ដែល​បានប្រកាស​ទាំងអស់​ពិត​ជា​ដំណើរ​ទៅមុខ​មែន​នោះ ៨០% នៃ​បណ្តាញ​អគ្គិសនី​របស់​ប្រទេស​កម្ពុជា​នឹងមាន​ប្រភព​មកពី​ការប្រើប្រាស់​ប្រេងឥន្ធនៈ  ដែល​កើនឡើង​យ៉ាងខ្លាំង​ពី​ត្រឹមតែ ៣១% ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៨ ។ នាពេល​អនាគត ប្រភព​ថាមពល​នេះ​នឹង​អាចធ្វើឱ្យ​ប្រទេស​កម្ពុជា​ពិបាក​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​លក្ខខណ្ឌ​កំណត់​នៃ​ការរួមចំណែក​ថ្នាក់ជាតិ​របស់ខ្លួន ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​អង្គការសហប្រជាជាតិ (UN Climate Agreement)​។ បន្ថែម​ពីលើ​នេះ​ទៀត ដោយយោង​លើ​ការប្តេជ្ញា​ចិត្តជា​សកល​ក្នុង​ការធានា​តុល្យភាព​កាបូន ដែល​ក្រុមហ៊ុន​ឯកជន​ជាច្រើន​បាន​ចូលរួម​តាមរយៈ​គម្រោង​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​មួយចំនួន​ដូចជា RE100 ជាដើម ប្រទេស​កម្ពុជា​គួរពិនិត្យមើល​លទ្ធភាព​ក្នុងការ​បង្កើត​ភាព​ប​ន្សី​គ្នា​រវាង​គម្រោង​ថាមពល​នានា​របស់ខ្លួន​ក្នុងពេល​អនាគត ទៅនឹង​គោលដៅ​នៃ​ការកាត់បន្ថយ​កាបូន​ដែល​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នោះបាន​ដាក់ចេញ​។​
 
​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​សម្លឹង​ទៅមុខ​វែងឆ្ងាយ និង​ស្វែងយល់​ទុកជាមុន​ពី​ផលប៉ះពាល់​នានា​ដែល​អាច​កើតឡើង​ដោយសារ​ការសម្រេចចិត្ត​នៅថ្ងៃនេះ​។ ដោយសារតែ​វិស័យ​ឧស្សាហកម្ម​ប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រមាណ​ជា ១៩% នៃ​ការផ្គត់ផ្គង់​ថាមពល​សរុប​ប្រចាំឆ្នាំ ដូច្នេះ​លទ្ធភាព​នៃ​ការទទួលបាន​នូវ​ការផ្គត់ផ្គង់​ថាមពល​កកើត​ឡើងវិញ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​វិស័យ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​ស្បែកជើង ដែលជា​វិស័យ​រកប្រាក់​ចំណូល​ដោយ​ការនាំចេញ​ធំជាងគេ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ដោយបាន​រួមចំណែក​ចំនួន ៩,៥ ពាន់​លាន​ដុល្លា​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៨ ។ ក្នុងអំឡុង​ឆ្នាំមុន ក្រុមហ៊ុន​វាយ​ន​ភណ្ឌ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ដែលជា​ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង UNFCC (​អនុសញ្ញា​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ស្តីអំពី​បម្រែបម្រួល​អាកាសធាតុ​) ដែល​រួមមាន​ក្រុមហ៊ុន អេ​ច អេ​ន អឹម (H&M Group) ក្រុមហ៊ុន អាក ថេរី​ក្ស (Arc’teryx) និង អេ​ឌី​ដាស (Adidas) បានកំណត់​គោលដៅ​តុល្យភាព​កាបូន​របស់ខ្លួន ដែល​ក្នុងនោះ​ក្រុមហ៊ុន អេ​ច អេ​ន អឹម បាន​ប្តេជ្ញា​ថា​នឹង​សម្រេច​គោលដៅ​នេះ​ឱ្យបាន​ត្រឹម​ឆ្នាំ​២០៣០  ។ ដើម្បី​ក្រុមហ៊ុន​អាច​សម្រេចបាន​គោលដៅ​ទាំងនេះ ការនាំ​ចូល​ផលិតផល​សម្រេច​តម្រូវ​ឱ្យមាន​ប្រភព​មកពី​ប្រទេស​ដែល​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​មិន​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​មិនតែប៉ុណ្ណោះ​ក៏​តម្រូវឱ្យ​ក្រុមហ៊ុន ឬ​រោងចក្រ​ទាំងនោះ​ទិញ​លិខិតបញ្ជាក់​ការកាត់បន្ថយ​កាបូន​ដើម្បី​ធានាថា​ខ្លួន​ពិតជា​ប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើងវិញ ១០០% មែន​។ កាលណា​ភាគរយ​នៃ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​ក្នុងការ​ផលិត​អគ្គិសនី​កាន់តែ​ខ្ពស់ នោះគេ​នឹង​តម្រូវឱ្យ​ក្រុមហ៊ុន​មាន​លិខិតបញ្ជាក់​ការប្រើប្រាស់​កាបូន​កាន់តែច្រើន ដែល​វា​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ខ្ពស់​។​
 
​ដោយសារ​សន្ទុះ​នៃ​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ថយចុះ​ក្នុងពេល​ថ្មីៗ​នេះ និង​ដោយសារ​មាន​កំណើន​លទ្ធភាព​ក្នុង​ការតំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​កម្រិត​ឧស្សាហកម្ម បណ្តាលឱ្យ​តម្រូវការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ក្នុងប្រទេស​កម្ពុជា​បាន​ថយចុះ​បន្តិច​ដែរ​។ ការ​នេះ​បាន​បង្កើតជា​ឱកាស​ខ្លី​មួយ​ប៉ុន្តែ​វិជ្ជមាន​ដើម្បី​ធ្វើការ​វាយតម្លៃ​សារ​ឡើងវិញ​លើ​លទ្ធភាព​ដែល​កម្ពុជា​អាច​កសាង​ផែនការ​ផ្គត់ផ្គង់​តម្រូវការ​នៃ​ថាមពល ដែល​ធានាបាន​នូវ​តម្លៃ​សមរម្យ និង​ធានាបាន​ការប្រើប្រាស់​កាបូ​ន​នៅ​កម្រិត​ទាប​តាម​ដែល​អាច​ធ្វើបាន​។ ខណៈ​ប្រទេស​កម្ពុ​ជាមាន​គម្រោង​ថាមពលអគ្គីសនី​ដោយ​ខ្យល់ និង​ដោយ​ពន្លឺព្រះអាទិត្យ​ដែល​បានអនុញ្ញាត​រួចហើយ នាពេល​បច្ចុប្បន្ន​មាន​ទំហំ​ថាមពល​សរុប ៤១០ ម៉េ​ហ្គា​វ៉ា​ត់  កើន​ពី​ត្រឹមតែ ១០ ម៉េ​ហ្គា​វ៉ា​ត់ តែប៉ុណ្ណោះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន រាជរដ្ឋាភិបាល​កម្ពុជា​បាន​បោះ​ជំ​ហ៊ាន​មួយ​គួរកត់សម្គាល់​ក្នុងការ​គាំទ្រ​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ ហើយ​ការធ្វើ​ទំនើបកម្ម​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​នឹង​កាន់តែ​ធ្វើឱ្យមាន​វឌ្ឍនភាព​រឹតតែ​ប្រសើរ​លើ​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ​។ ចំណែក​ការផ្អាក​គម្រោង​ថាមពល​អគ្គិសនី​ប្រើប្រាស់​ប្រេងឥន្ធនៈ​ខ្នាត​ធំ​និង​រយៈពេល​វែង​ដែលជា​គម្រោង​ងាយ​នឹង​រលត់​ផលិតភាព​ក្នុង​រយៈពេល​ខ្លី​នោះ គឺជា​ការសម្រេចចិត្ត​ប្រកបដោយ​ភាព​ឆ្លាត​វៃ​របស់​វិនិយោគិន និង​ពី​សំណាក់​រាជរដ្ឋាភិបាល​។​
 
​ការរៀបចំ​ផែនការ​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ថាមពល​ដែល​ចេះតែ​កើនឡើង​នោះ មិនមែនជា​រឿង​ងាយស្រួល​ទេ​។ ខណៈដែល​ប្រទេស​កម្ពុជា​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ពង្រីក​បណ្តាញ​ប្រព័ន្ធ​អគ្គិសនី​ទូទាំងប្រទេស និង​ជម្រុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ដើម្បី​ទទួលបាន​ភាព​ប្រកួតប្រជែង​ខ្ពស់ជាង​មុន វា​កាន់​តែមាន​សារៈសំខាន់​ក្នុងការ​ជ្រើសរើស​យក​ថា​ម​ពល​ដែលមាន​តម្លៃថោក និង​ជា​ថាមពល​កកើតឡើង​វិញ​មិន​ប៉ះពាល់​បរិស្ថាន ដូចជា​ថាមពលខ្យល់ និង​ថាមពល​ពន្លឺព្រះអាទិត្យ​។ ម្យ៉ាងទៀត ការអភិវឌ្ឍ​ប្រសិទ្ធិភាព​ថាមពល​កកើតឡើង​វិញ​នៅ​ទូទាំង​សកលលោក​កំពុងតែបន្ត​បង្កើន​អានុភាព​យ៉ាងខ្លាំង​ជាង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត ហើយ​ធ្វើឱ្យ​យើង​ឃើញ​កាន់តែច្បាស់​ពី​ភាពខ្វះ​ទស្សនៈវិស័យ​នៃ​ការវិនិយោគ​លើ​ប្រភព​ថាមពល​ធ្យូងថ្ម​នៅក្នុង​ឆ្នាំ​២០២០​។ ច្បាស់​ណាស់ ប្រភព​ថាមពល​ធ្យូងថ្ម បង្ក​ផលប៉ះពាល់​ដល់​អាកាសធាតុ បរិស្ថាន និង​អនាគត​ពាណិជ្ជកម្ម​ជាល​កល​។ ពិភពលោក​កំពុងតែ​បោះបង់ចោល​ប្រភព​ថាមពល​ធ្យូងថ្ម ហើយ​ចាប់យក​ប្រភព​ថាមពល​កកើត​ឡើងវិញ​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ថាមពល​របស់ខ្លួន ហើយ​ប្រទេស​កម្ពុជា​ក៏មាន​ឱកាស​ក្នុងការ​ជ្រើស​រើសយក​ដំណោះស្រាយ​ដ៏​ល្អ​នេះដែរ​៕
 
(​ប្រភព​រូបថត WWF)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com