កសិករ សាំង អ៊ី​ម រកចំណូលបាន ៣០​ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំ ពី​របរ​ចិញ្ចឹម​ត្រី
ជាតិ
កសិករ សាំង អ៊ី​ម រកចំណូលបាន ៣០​ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំ ពី​របរ​ចិញ្ចឹម​ត្រី
17, May 2020 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ លោក សាំង អ៊ី​ម ជា​កសិករ​ចិញ្ចឹម​ត្រី​ពោ ត្រី​ប្រា និង​ត្រី​ឆ្ដោ នៅក្នុង​ភូមិ​តា​ងិ​ល ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម​។ ក្នុង​១​ឆ្នាំ កសិករ​រូបនេះ អាច​ប្រមូល​ផល​ត្រី​បាន​ជាង ២០០​តោន និង​រកចំណូលបាន​ប្រមាណ ៣០​ម៉ឺន​ដុល្លារ​។


​មាន​វ័យ​៤៨​ឆ្នាំ លោក សាំង អ៊ី​ម និង​ក្រុមគ្រួសារ បាន​ប្រក​បរបរ​ត្រី​ជាង ២០​ឆ្នាំ​ហើយ ដោយ​ផ្ដើម​ចិញ្ចឹម​ត្រី​ត្រឹម​១​ស្រះ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន កសិករ សាំង អ៊ី​ម មាន​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​៨ ហើយ​ត្រី ដែ​លោក ចិញ្ចឹម គឺ​ត្រី​ពោ ត្រី​ប្រា និង ត្រី​ឆ្ដោ​។ ក្នុង​បទ​សម្ភាស​ជាមួយ​ថ្មីៗ​២៥​រាជធានី​-​ខេត្ត តាម​ទូរ​សព្ទ កសិករ​រូបនេះ ប្រាប់​ឲ្យ​ដឹងថា​៖«​ចំណូល​សរុប​ទាំង​ដើម​ទាំង​ទុន គឺ​បាន​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​។ បើ​គិតពី​ត្រី​ឆ្ដោ​វិញ ក្នុង​១​ស្រះ អាច​លក់បាន ១០​ម៉ឺន​ដុល្លារ​ដែរ​»​។ 
 
​ទោះបី​បាន​ប្រាក់ចំណូល​ច្រើន ប៉ុន្តែ​លោក សាំង អ៊ី​ម នៅតែ​ជួប​បញ្ហា​ប្រឈម​ត្រី​ងាប់ ដោយសារ​អាកាសធាតុ​ត្រជាក់ និង​ពេល​មាន​ព្យុះ​ជាដើម​។ ជាមួយគ្នានេះ ការចាប់ផ្ដើម​មុខរបរ​ចិញ្ចឹម​ត្រី​នេះ មុនដំបូង​មាន​ផល​លំបាក ដោយសារ​ការខ្វះខាត​ទុន និង​ទីធ្លា​សម្រាប់​ចិញ្ចឹម​ជាដើម​។ លោក និយាយថា​៖«​ដំបូង​ប្រើ​ដើមទុន​តិចតួច ប៉ុន្តែ​ដោយសារ​ការ​ខំប្រឹង​បន្តិច​ម្ដងៗ ក៏​អាច​ពង្រីក​ការចិញ្ចឹម​ត្រី ដល់​៨​ស្រះ​នេះ [​ដែលមាន​ផ្ទៃដី​សរុប​៦​ហិកតា​]»​។ 
 
​ត្រី​របស់លោក សាំង អ៊ី​ម ត្រូវបាន​ផ្គត់ផ្គង់​នៅ​ទីផ្សារ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយចំនួន​។  នៅ​ថ្ងៃ​អនាគត លោក មាន​គម្រោង​ពង្រីក​ការចិញ្ចឹម​ត្រី​បន្ថែមទៀត សម្រាប់​ផ្គត់ផ្គង់​នៅ​គ្រប់​ខេត្ត​ក្រុង​៕
 
 
 

Tag:
 កសិកម្ម​
  ចិញ្ចឹម​ត្រី​
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com