ថៃ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ បើក​អាជីវកម្ម និង​ធ្វើដំណើរ​ទូទាំងប្រទេស​ថៃ​ឡើងវិញ
COVID-19
ជាតិ
ថៃ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ បើក​អាជីវកម្ម និង​ធ្វើដំណើរ​ទូទាំងប្រទេស​ថៃ​ឡើងវិញ
17, May 2020 , 4:28 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ អាច​បើក​អាជីវកម្ម​មួយចំនួន​បាន​ឡើងវិញ និង​អាចធ្វើ​ដំណើរ​បាន​គ្រប់ពេលវេលា នៅ​ទូទាំងប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ តទៅ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដោយ បញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​ឡើងវិញ និង​ធ្វើដំណើរ​បាន​គ្រប់ពេលវេលា​នេះ គឺជា​ការបន្ធូរបន្ថយ​នៃ​វិធានការ​រឹតបន្តឹង និង​ផ្លាស់ប្តូរ​ពេលវេលា​បម្រាម​គោចរ​ទូទាំងប្រទេស​ថៃ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​។

 
​សេចក្តីជូនដំណឹង​ដដែល បញ្ជាក់ថា ភោជនីយដ្ឋាន សួន​អាហារ មជ្ឈមណ្ឌល​អាហារ អាហា​រដ្ឋា​ន ផ្សារ​ទំនើប  កន្លែង​លក់ទំនិញ ហាង​សហគមន៍ ហាង​លក់រាយ​-​បោះ​ដុំ កន្លែង​ផ្តល់​សេវា​ថែ​ក្មេង​-​មនុស្ស​ចាស់ កន្លែង​ស្នាក់នៅ ការថត​ផ្សាយ​កម្មវិធី​ទូរទស្សន៍ ភាពយន្ត វីដេអូ  បន្ទប់​ប្រជុំ​ក្នុង​សណ្ឋាគារ និង​មជ្ឈមណ្ឌល​សន្និសីទ ជាដើម  ត្រូវបាន​រដ្ឋាភិបាល​ថៃ​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​។ ប៉ុន្តែ ស្ថានទូត​កម្ពុជា សង្កត់ធ្ងន់​ក្នុង​សេចក្តីជូនដំណឹង​ថា កន្លែង​ទាំងនេះ ហាម​ដាច់​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង​ឡើយ​។ 
 
​ជាមួយគ្នានេះ  គ្លីនិក​ថែទាំ​សម្រស់ ហាង​កែ​សម្ផស្ស ហាង​ធ្វើ​សក់​-​ក្រចក ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​វិញ​ដែរ ប៉ុន្តែ​ហាម​ការកែ​សម្ផស្ស​លើ​ផ្ទៃមុខ​។ ចំណែក កន្លែង​ហាត់ប្រាណ ដែល​មិន​ស្ថិតនៅក្នុង​ផ្សារ​ទំនើប កន្លែង​លើក​ទំនិញ និង ហាង​តាម​សហគមន៍ ក៏​ទទួល​ការអនុញ្ញាត​ឲ្យ​បើក​ដែរ តែ​អនុញ្ញាត​ឲ្យ​បើក​ហាត់​តែ​យូ​ហ្កា ឬ​ហាត់ប្រាណ​ដែល​មិន​ប្រើ​ឧបករណ៍​កីឡា​។ 
 
​នៅ​ទីកន្លែង​ផ្សេងៗ​ទៀត ដែល​ទទួល​ការអនុញ្ញាត​ឲ្យ​បើក​វិញ ដូចជា អាង​ហែល​ទឹក​សាធារណៈ សួនផ្កា សារមន្ទីរ មជ្ឈមណ្ឌល​អប់រំ ទីតាំង​ប្រវត្តិសាស្ត្រ បណ្ណាល័យ​សាធារណៈ និង រោងភាបយន្ត​។  
 
​ថ្វី​ដ្បិត អាជីវកម្ម​ទាំងនោះ​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​ក៏ពិតមែន  ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​នៅតែ​តម្រូវ​ឲ្យ​បុគ្គលិក ឬ​ម្ចាស់​ទីតាំង​អាជីវកម្ម​នីមួយៗ អនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩  ទៅតាម​សេចក្តីណែនាំ លក្ខខណ្ឌ និង​ពេលវេលា​ដែល​ភិ​បាល​ក្រុង​-​ខេត្ត បានកំណត់​។ លើសពីនេះ អាជ្ញាធរ មាន​សិទ្ធ​ត្រួតពិនិត្យ ណែនាំ ដាស់តឿន និង​ហាមឃាត់ ឬ​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម