COVID-19
អន្តរជាតិ
WHO បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែល​គ្របដណ្ដប់​ដោយ​ភាព​តឹងតែង​រវាង​អាមេរិក​និង​ចិន​លើ COVID-19
18, May 2020 , 1:59 pm        
រូបភាព
ដោយ:
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​១៨ ខែឧសភា​នេះ​បានចាប់ផ្តើម​សន្និបាត​ពី​ចម្ងាយ​លើក​ទី​១ របស់ខ្លួន​។ ការបើក​សន្និបាត​នេះ​ធ្វើឡើង​ក្នុង​បរិយាកាស​នៃ​ភាព​តឹងតែង​រវាង​ចិន និង​អាមេរិក​ដែល​អាចធ្វើ​ឲ្យ​រាំងស្ទះ​ដល់ WHO ក្នុង​ការចេញ​សកម្មភាព​ខ្លាំងក្លា និង​ចាំបាច់​ដើម្បី​ដោះស្រាយ​ជំងឺ COVID-19 ។ នេះ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

 
​សន្និបាត​សុខភាព​ពិភពលោក ដែលជា​ទូទៅ​ប្រារព្ធ​ឡើង​រយៈពេល​៣​សប្តាហ៍ បាន​កាត់បន្ថយ​មក​ត្រឹមតែ​២ ថ្ងៃ គឺ​ថ្ងៃទី​១៨ និង ១៩ ខែឧសភា​។ ការផ្តោត​សំខាន់​របស់​សន្និបាត​លើក​នេះ ត្រូវបាន​គេ​រំពឹងថា គឺ​ជំងឺ COVID-1 9​តែមួយគត់​។ ជំងឺ COVID-19 ដែល​មកដល់ពេលនេះ​បាន​ចម្លង​មនុស្ស​ជាង​៤,៧​លាន​នាក់ និង​សម្លាប់​មនុស្ស​៣១​ម៉ឺន​នាក់​។​
 
​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល រដ្ឋមន្ត្រី​សុខាភិបាល និង​ឥស្សរជន​ជាច្រើនរូប​ត្រូវបាន​គេ​រំពឹងថា​នឹងចូលរួម​ក្នុង​ស​ន្និ​បា​ត​នៅ​រសៀល ថ្ងៃទី​១៨​ឧសភានេះ​ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។ លោក Tedros Adhanom Ghebreyesus ប្រមុខ WHO និយាយ​កាលពី​ថ្ងៃទី​១៦ ខែឧសភា​ថា ព្រឹត្តិការណ៍​នេះ ជាស​ន្និបាត​សុខភាព​ពិភពលោក ដែល​សំខាន់បំផុត តាំងតែ​ពី​អង្គការ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៨»​។​
 
​ប៉ុន្តែ​គេ​មើលឃើញថា ឱ​កាស​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ណាមួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​សាកល រង​ការគំរាមកំហែង​ ដោយសារ​ទំនាក់ទំនង​ដែល​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​រវាង​ចិន និង​អាមេរិក​។ ដោយ​កាលពី​សប្តាហ៍​មុន លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គំរាម​ផ្តាច់ទំនាក់ទំនង​ជាមួយ​ចិន និង​ចោទ​ចិន​ជា​បន្តបន្ទាប់​ ទាក់ទង​នឹង​កំណើត​វីរុស​ដែល​ចេញពី​មន្ទីរពិសោធន៍​។ មិនតែប៉ុណ្ណោះ អាមេរិក​ បាន​ផ្តាច់​វិភាគទាន​ទៅ WHO ផងដែរ​។​
 
​ទោះជា​យ៉ាងណាក្តី ប្រទេស​ជាច្រើន​សង្ឃឹមថា គេ​អាច​អនុម័ត​សេចក្តីសម្រេចចិត្ត ​ដោយ​កុងសង់ស៊ុស ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺឆ្លង​។ សេចក្តីព្រាង​ការសម្រេច​ចិត្ត​ដែល​ស្នើ​ដោយ​សហភាព​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​មានការ​វាយតម្លៃ​ជា​អន្តរជាតិ ​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ COVID-19 ដោយ​មិន​លម្អៀង ឯករាជ្យ និង​គ្រប់​ជ្រុងជ្រោយ​។ សេចក្តីសម្រេចចិត្ត​ព្រាង​នេះ ក៏បាន​អំពាវនាវ​ ឲ្យ​មានការ​ទទួលបាន​ឧបករណ៍​តេស្ត វេជ្ជសាស្ត្រ ថ្នាំ​ព្យាបាល ​និង​វ៉ាក់សាំង​ នាពេល​អនាគត​ដោយ​សមភាព​ផងដែរ​។​
 
​ជាមួយគ្នានេះ សេចក្តីព្រាង​ការសម្រេច​ក៏​លើក​ផងដែរ​ឲ្យ WHO ធ្វើការ​ជិតស្និទ្ធជាមួយ​ភ្នាក់ងារ​អន្តរជាតិ និង​ប្រទេស​ដទៃ ​ក្នុងការ​កំណត់​សត្វ​ដែលជា​ប្រភព​វីរុស និង​ការឆ្លង​ទៅកាន់​មនុស្ស​។ លើសពីនោះ កិច្ចប្រជុំ​សន្និបាត​នេះ ក៏​លើកឡើង​ពី​បញ្ហា​ចម្រូងចម្រាស​ដូចជា កំណែទម្រង់ WHO បន្ទាប់ពី​បង្ហាញ​ឃើញថា អង្គការ​នេះ​ មិន​មាន​សមត្ថ​ភាពគ្រប់គ្រាន់​ ក្នុងការ​បង្ការ​វិបត្តិ​ធ្ងន់ធ្ងរ​ ដូចជា COVID-19 ។​
 
​បញ្ហា​តៃវ៉ាន់ ក៏​ទំនងជា​ប្រធានបទ​ក្ដៅ​មួយ​ដែរ​។ អាមេរិក និង​ប្រទេស​មួយចំនួន ​ទាមទារ​ឲ្យ​ WHO អនុញ្ញាត​ឲ្យ​តៃវ៉ាន់​ ចូលរួម​ក្នុង​សន្និបាត​នេះ ​ក្នុងឋានៈ​ជា​អ្នកសង្កេតការណ៍ និង​បញ្ឈប់​ការមិន​ឲ្យ​តៃវ៉ាន់​ចូលរួម​។ ចិន​ជំទាស់​វត្តមាន​តៃវ៉ាន់ ក្រោម​ហេតុផល​ថា ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។ ឯ WHO ទទូចថា ការធ្វើ​បែបនេះ ​ទាមទារ​ឲ្យ​មាន​សេចក្តីសម្រេចចិត្ត​មួយទៀត ព្រោះ​តាំងពី​ឆ្នាំ​១៩៧២ ប៉េកាំង ជា​អ្នកតំណាង​ស្របច្បាប់​តែមួយគត់​របស់​ចិន​។​
 
​យ៉ាងណាមិញ អង្គការ​សុខភាព​មួយ​នេះ ក៏​បើកផ្លូវ​អញ្ជើញ​តែ​វ៉ាន់​ឲ្យ​ចូលរួម បើសិនជា​ចិន​យល់ព្រម​។ តៃវ៉ាន់​ធ្លាប់​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​សន្និបាត​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​បញ្ឈប់​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់ពី​លោកស្រី Tsai Ing-wen ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់ និង​បដិសេធ​មិន​ទទួលស្គាល់ថា ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។ មកទល់ពេលនេះ មាន​ប្រទេស​ជាង​១៥ ហើយ​បា​នស​សេរ​សំបុត្រ​ទៅ​លោក Tedros ឲ្យ​លើក​ការចូលរួម​របស់​តៃវ៉ាន់​ក្នុង​របៀបវារៈ​៕

© រក្សាសិទ្ធិដោយ thmeythmey.com