អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​អំណាច​បន្ថែម​ដល់ WHO
19, May 2020 , 2:06 pm        
រូបភាព
លោក ម៉ូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព AFP
លោក ម៉ូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព AFP
ដោយ:
​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៨ ខែឧសភា អំពាវនាវ​ឲ្យ​មាន​ការផ្តល់អំណាច​បន្ថែ​ម​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​ដែល​គំរាមកំហែង​ដល់​សុខភាព​សកល​។

 
​កំណែទម្រង់ និង​ការផ្ដល់អំណាច​ឲ្យ​អង្គការ​សុខភាព​ពិភពលោក គឺជា​ប្រធានបទ​មួយ​ដែល​ត្រូវបាន​រំលេច​ឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​របស់​អង្គការ​នេះ​។ អង្គការ​នេះ ត្រូវ​មើលឃើញថា មិនមាន​អំណាច​ខ្លាំង​ក្នុងការ​ចាប់បង្ខំ​សមាជិក​ឡើយ ក្រៅតែពី​ការផ្ដល់​យោបល់​លើ​បញ្ហា​សុខាភិបាល​នោះ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្ដល់​អំណាច​ថែមទៀត​សម្រាប់​អង្គការ​អន្តរជាតិ​មួយ​នេះ​។ 
 
​តាមរយៈ​សុន្ទរកថា​ទៅកាន់​សន្និបាត​សុខាភិបាល​ពិភពលោក​របស់ WHO ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ លោក មូ​ន បាន​លើកឡើងថា​៖« យើង​ត្រូវតែ​ធ្វើ​បច្ចុប្បន្នភាព​បញ្ញត្តិ​សុខាភិបាល​អន្តរជាតិរ​បស់ WHO និង​បទដ្ឋាន​ដែល​ទាក់ទង និង​ដោយ​ភ្ជាប់​ជាមួយ​នូវ​ចំណង​ផ្លូវច្បាប់​»​។ ក្នុងន័យនេះ លោក មូ​ន ចង់​ឲ្យ​បញ្ញត្តិ​ទាំងឡាយ​របស់ WHO មាន​សិទ្ធិ​ចាប់បង្ខំ​សមាជិក​ឲ្យ​អនុវត្ត ជាជាង​ការធ្វើ​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។ 
 
​យោងតាម​បញ្ញត្តិ​ឆ្នាំ​២០០៥​របស់​អង្គការ សមាជិក WHO ទាំង​១៩៤​ប្រទេស ត្រូវ​ផ្តល់ដំណឹង​ដល់​អង្គការ​នេះ​ឲ្យ​បាន​រហ័ស​ក្នុងករណី​ដែលមាន​ការផ្ទុះ​ជំងឺឆ្លង​ណាមួយ​។ យ៉ាងណាមិញ បច្ចុប្បន្ននេះ WHO មាន​អនុភាព​តិចតួច និង​ខ្វះ​អំណាច​ក្នុង​ការចូលទៅ​ធ្វើការ​ស៊ើបអង្កេត​នៅក្នុង​ប្រទេស​ណាមួយ បើសិនជា​គ្មាន​ការអនុញ្ញាត​ពី​ប្រទេស​សាមី​នោះ ដែល​ការណ៍​នេះ​បង្ក​ឲ្យ​មាន​ផល​លំបាក​សម្រាប់​ការស្វែងរក​ប្រភព​ជំងឺ និង​ពន្យារពេល​ស្វែងរក​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​ផងដែរ​។​
 
​លោក មូ​ន បន្ថែមថា​« ទិន្ន័យ​ទាក់ទង​ទៅ​ការឆ្លង គួរតែ​ត្រូវ​ចែករំលែក​រវាង​ប្រទេស​នឹង​ប្រទេស​ដោយ​តម្លាភាព ហើយ​ប្រ​ព័​ន្ទ​ព្រមាន​ជាមុន និង​យន្តការ​សហប្រតិបត្តិកា​រ​ត្រូវតែ​រួមគ្នា​បង្កើតឡើង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ៕

© រក្សាសិទ្ធិដោយ thmeythmey.com