COVID-19
អន្តរជាតិ
បារាំងនិងអាល្លឺម៉ង់ លើកសំណើថវិកា៥៤៥ពាន់លានដុល្លារស្រោចស្រង់អឺរ៉ុបពី COVID-19 លោកស្រីអេនជឺឡា មឺគែល អធិការបតីអាល្លឺម៉ង់ និង លោកអេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង។រូបភាពAFP
× បារាំង និងអាល្លឺម៉ង់ នៅថ្ងៃទី១៨ ខែឧសភា បានលើកសំណើកញ្ចប់ថវិកា៥៤៥ពាន់លានដុល្លារ ជាមូលនិធិហិរញ្ញវត្ថុក្នុងការស្រោចស្រង់សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺ COVID-19។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ។
ការប្រកាសសំណើកញ្វប់ថវិកាស្រោចស្រង់សេដ្ឋកិច្ចអឺរ៉ុបធ្វើឡើង ក្រោយជំនួបតាមប្រព័ន្ធអនឡាញរវាងលោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោកស្រីអែនជឺឡា មឺហ្គែល អធិការបតីអាល្លឺម៉ង់។ លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប បានប្រាប់សារព័ត៌មានអឺរ៉ុបធំៗថា សំណើបារាំងនិងអាល្លឺម៉ង់មានមហិច្ឆិតា ចំគោលដៅ និងគួរឲ្យស្វាគមន៍។
ដោយសារតែជំងឺ COVID-19 សេដ្ឋកិច្ចរបស់អឺរ៉ុបកំពុងជួបបញ្ហាប្រឈមធំបំផុតចាប់តាំងតែពីចប់សង្គ្រាមលោកលើកទី២មក។ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ទទួលស្គាល់ថា សហភាពអឺរ៉ុបខ្វះការឆ្លើយតបក្នុងដំណាក់កាលដំបូងទៅនឹងជំងឺ COVID-19 និងត្រូវមានការសម្របសម្រួលបន្ថែមទៀតលើវិស័យសុខភាព។
សេចក្តីថ្លែងការណ៍រួមរវាងលោក ម៉ាក្រុង និងលោកស្រី មឺហ្គែល បានបញ្ជាក់ថា ទឹកប្រាក់៥៤៥ពាន់លានដុល្លារដែលត្រូវចំណាយដើម្បីសង្គ្រោះសេដ្ឋកិច្ចអឺឬ៉ុប នឹងបានមកពីកម្ចីពីទីផ្សារក្នុងនាមសហភាពអឺរ៉ុប ហើយនឹងត្រូវចែកចាយទៅកាន់ វិស័យ និងតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងចំណោមប្រទេសចំនួន២៧។
បើតាមលោកស្រីអធិការបតី មឺហ្គែល គោលបំណងនៃសំណើនេះ គឺដើម្បីធានាថា អឺរ៉ុបចេញពីវិបត្តិ ដោយមានភាពស្អិតល្មួត និងសាមគ្គីភាពបន្ថែមទៀត។ លោកស្រីបន្ថែមថា៖ «យើងជឿជាក់ថា វាមិនត្រឹមតែយុត្តិធម៍ទេ ប៉ុន្តែវាជាការចាំបាច់ក្នុងការទទួលបានមូលនិធិនេះ បន្ទាប់មកយើងនឹងសងទៅទីផ្សាវិញតាមរយៈកញ្ចប់ថវិការរបស់សហភាពអឺរ៉ុបក្នុងនាពេលអនាគត។»
ចំណែកឯលោក ម៉ាក្រុង វិញ អះអាងថា ប្រទេសដែលទទួលបានមូលនិធិហិរញ្ញវត្ថុ នឹងមិនត្រូវសងប្រាក់វិញឡើង ដោយសង្កត់ធ្ងន់ថា នេះជាមូលនិធិ មិនមែនជាកម្ចី។ យ៉ាងណាមិញ លោក Sebastian Kurz អធិការបតីអូទ្រីសប្រឆាំងសំណើមួយនេះភ្លាមៗ ដោយទទូចថា ជំនួយក្នុងទម្រង់ណាក៏ដោយត្រូវតែជាកម្ចី មិនមែនជំនួយឥតសំណងឡើយ។
បើសិនជាសំណើខាងលើ ត្រូវបានយល់ព្រមដោយប្រទេសសមាជិអឺរ៉ុបទាំង២៧ មូលនិធិខាងលើនេះនឹងបញ្ចប់ការជាប់គាំងគម្រោងសារពើពន្ធក្នុងសហភាពអឺរ៉ុប ព្រោះតាំងតែពីដើមឡើយ ប្រទេសនៅភាគខាងជើងអឺរ៉ុប រួមមានអាល្លឺម៉ង់ជាដើម ជំទាស់ការខ្ចីបំណុលរួមគ្នា។ សេដ្ឋកិច្ចក្នុងតំបន់ចាយប្រាក់អឺរ៉ូ ត្រូវបានព្យាករថា នឹងខាតបង់៧,៧ភាគរយក្នុងឆ្នាំនេះ ដោយប្រទេសនៅភាគខាងត្បូងដូចជាអ៊ីតាលី និងក្រិកនឹងរងគ្រោះខ្លាំងជាងគេពីជំងឺ COVID-19 នេះ៕
Tag:
បារាំង
អាល្លឺម៉ង់
COVID-19
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com