លោក ត្រាំ ទុកពេល​ឲ្យ WHO ៣០​ថ្ងៃ​ដើម្បី​កែប្រែ មុន​សម្រេចចិត្ត​ផ្អាក​ជំនួយ​អចិន្ត្រៃយ៍​
COVID-19
អន្តរជាតិ
លោក ត្រាំ ទុកពេល​ឲ្យ WHO ៣០​ថ្ងៃ​ដើម្បី​កែប្រែ មុន​សម្រេចចិត្ត​ផ្អាក​ជំនួយ​អចិន្ត្រៃយ៍​
19, May 2020 , 4:27 pm        
រូបភាព
ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​គំរាម​ផ្អាក​ជំនួយ​អាមេរិក​សម្រាប់​អង្គការ​សុខភាព​ពិភពលោក (WHO) ជា​អចិន្ត្រៃយ៍ បើ​អង្គការ​មួយ​នេះ​មិន​ផ្លាស់ប្ដូរ​ស្ថាប័ន​របស់ខ្លួន​ក្នុងពេល​៣០​ថ្ងៃ​ទេនោះ​។ ក្នុង​លិខិត​ផ្ញើ​ទៅកាន់​អគ្គនាយក WHO លោក ត្រាំ បាន​រិះគន់​យ៉ាង​ចាស់ដៃ​លើ​អង្គការ​សុខភាព​ពិភពលោក​មួយ​នេះ ដោយបាន​លើកឡើង​ពីអ្វី​ដែល​លោក​ចាត់ទុកជា​កំហុស និង​ការ​ការឆ្លើយតប​មិនមាន​ប្រសិទ្ធភាព​ទៅនឹង​ជំងឺ COVID-19 ។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​លិខិត​មួយ​ចុះ​ថ្ងៃទី​១៨ ខែឧសភា ផ្ញើ​ឲ្យ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO លោក Tedros Adhanom Ghebreyesus ដោយបាន​រៀបរាប់​ពី​ទង្វើ​ដែល​រដ្ឋាភិបាល​លោក​ចាត់​ថា ជា​រឿង​មិន​ត្រឹមត្រូវ​។ លោក ត្រាំ ក៏​រិះគន់ WHO ថា មិនអាច​គ្រប់គ្រង​COVID-19 នៅ​ដំណាក់កាល​ដំបូង​នៃ​ការផ្ទុះ និង​មាន​ទំនោរ​ទៅរក​ចិន​ខ្លាំងពេក​រហូត​មិនអាច​សម្រេច​ចិត្តបាន​ដោយ​ឯករាជ្យ​។​
 
«​អង្គការ​សុខភាព​ពិភពលោក មិន​អើពើ​នឹង​របាយការណ៍​ទុក​ចិត្តជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​នៅ​វូ​ហាន​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៩ ឬក៏​មុននេះ​ទៅទៀត​ដោយ​រាប់ទាំង​របាយការណ៍រ​បស់​ព្រឹ​ត្ត​ប័ត្រ​វេជ្ជសាស្ត្រ Lancet ។ អង្គការ​សុខភាព​ពិភពលោក មិនបាន​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​របាយការណ៍​ដែល​មិន​ស្រប​នឹង​របាយការណ៍​រដ្ឋាភិបាល​ចិន ទោះ​ជាមាន​ប្រភពពី​ទីក្រុង​វូ​ហាន​ក្ដី​។​» នេះ​ជា​សំណេរ​ក្នុង​សំបុត្រ​លោក ត្រាំ ។​
 
 
 
​ក្នុង​សំបុត្រ​ដដែល លោក ត្រាំ ក៏​បង្ហាញ​ការមិន​ពេញចិត្ត​នឹង WHO ដែល​ជំទាស់​ការ​វិធាន​ការបិទ​ប្រទេស​របស់លោក តែ​បែរជា​សរសើរ​វិធានកា​រ​រឹតត្បិត​ដ៏​តឹងរ៉ឹង​របស់​ចិន​ទៅវិញ​។ មេដឹកនាំ​អាមេរិក​រូបនេះ ក៏​បន្ត​រិះគន់​អង្គការ​អន្តរជាតិ​ខាង​សុខាភិបាល​មួយ​លើ​ការមិន​ដាក់​សម្ពាធ​លើ​ចិន​ឲ្យ​មានការ​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​អន្តរជាតិ​ចូល​ទឹកដី​ចិន ហើយ​នៅពេល​ទៅដល់​ចិន បែរជា​មិនអាច​ទៅដល់​ទីក្រុង​វូ​ហាន​ទៅទៀត​។​
 
​សំណេរ​បួន​ទំព័​របស់លោក ត្រាំ ទៅកាន់​លោក Tedros បញ្ចប់​ទៅដោយ​ការទទូច​ជាថ្មី​ឲ្យ WHO ធ្វើកំណែទម្រង់​ជាក់លាក់​ក្នុង​រយៈពេល​៣០​ថ្ងៃ​។ លោក ត្រាំ ព្រមាន​ថា បើ WHO មិន​ធ្វើ​បែប​នោះ អាមេរិក​នឹង​ផ្អឹប​ជំនួយ​របស់ខ្លួន​ជា​អចិន្ត្រៃយ៍​តែម្ដង ហើយក៏​ពិចារណា​ពី​សមាជិកភាព​ក្នុង​អង្គការ​មួយ​នេះ​ផងដែរ ព្រោះ​អាមេរិក​មិនអាច​ចំណាយលុយ​ដែល​បានមកពី​ការបង់ពន្ធ​របស់​ប្រជាជន​ខ្លួន​លើ​អង្គ​ការដែល​មិន​បម្រើ​ប្រយោជន៍​អាមេរិក​ឡើយ​។​
 
​អាមេរិក បាន​បង្ក​កលុយ​ចំណែក​របស់ខ្លួន​សម្រាប់​អង្គការ​នេះ​កាលពី​ថ្ងៃ​១៤ ខែមេសា​កន្លងទៅ ដោយ​ចោទ WHO លើ​ការគ្រប់គ្រង COVID-19 មិនបាន​ល្អ​។ មន្ត្រី​ទាំង​តូច​ទាំង​ក្នុង​រដ្ឋបាល​លោក ត្រាំ បាន​រិះគន់​ចិន​មិន​សំចៃមាត់​រហូតដល់​ថ្នាក់​លើកឡើងថា វីរុស​នេះ​មាន​ប្រភពពី​មន្ទីរពិសោធន៍​នៅ​ក្រុង​វូ​ហាន​ទៀតផង​។ រឿងនេះ​ក៏​ក្លាយជា​កម្មវត្ថុ​នៃ​ជម្លោះ​ពាក្យសម្ដី​មួយទៀត​រវាង​អាមេរិក និង​ចិន​៕  
 
  
 

Tag:
 អាមេរិក​
  WHO
  COVID-19
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com