ក្នុងករណីមួយចំនួន អារម្មណ៍ឆាប់ខឹងឆេវឆាវ គឺបណ្ដាលមកពីឥទ្ធិពលនៃសារធាតុមួយចំនួនដូចជានីកូទីន កាហ្វេអ៊ីន និងជាតិអាកុល។ ហើយពេលខ្លះវាក៏កើតឡើងដោយសារតែភាពតានតឹងក្នុងអារម្មណ៍ផងដែរ។បញ្ហាអារម្មណ៍ឆាប់ខឹងឆេវឆាវថែមទាំងអាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូនទៀតផង ដោយវាអាចធ្វើឲ្យអារម្មណ៍របស់អ្នកដែលកំពុងមករដូវ ជិតអស់រដូវ ឬអស់រដូវ ងាយនឹងផ្លាស់ប្ដូរលឿន។ ដំណោះស្រាយនៃបញ្ហាឆាប់ខឹងឆេវឆាវ គឺមានច្រើន ហើយខុសគ្នាអាស្រ័យលើមូលហេតុដែលបណ្ដាលឱ្យមានបញ្ហាអារម្មណ៍មិនប្រក្រតីនេះ។ យោងទៅតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថាអាហារអាចជួយគ្រប់គ្រង ក៏ដូចជាលើកអារម្មណ៍របស់អ្នកដែលឆាប់ខឹងបាន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារមួយចំនួនដែលជួយទប់ទល់ ក៏ដូចជាដោះស្រាយបញ្ហាអារម្មណ៍ឆាប់ខឹងឆេវឆាវបានយ៉ាងឆាប់រហ័ស ៖
១. ផ្លែចេក
តើអ្នកធ្លាប់បានដឹងទេថាផ្លែឈើត្រូពិចធម្មតាមួយផ្លែនេះ គឺមានប្រសិទ្ធិភាពល្អបំផុតចំពោះការរក្សាលំនឹងនៃអារម្មណ៍? ប្រសិនបើអ្នកចេះតែឆាប់ខឹងទប់មិនបាន ចូរព្យាយាមទទួលទានផ្លែចេក។
២. បឺរសណ្ដែកដី
ប្រសិនបើអ្នកតែងមានអារម្មណ៍ឆាបខឹងរាល់ថ្ងៃនោះ ចូរកុំស្ទាក់ស្ទើនឹងទទួលទានបឺរសណ្ដែកដីជាមួយផ្លែចេក។ អាហារប្រភេទនេះជួយផ្ដល់ឲ្យខួរក្បាលនូវប្រូតេអ៊ីន និងជាតិខ្លាញ់ល្អៗទាំងអស់ដែលខួរក្បាលត្រូវការដើម្បីដំណើរការមុខងារបានត្រឹមត្រូវប្រសើរបំផុត។ បឺរសណ្ដែកដីថែមទាំងជួយបង្កើនថាមពលរាងកាយដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អផងដែរ។
៣. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានប្រសិទ្ធិភាពជួយរក្សាលំនឹង ក៏ដូចជាលើកកំពស់អារម្មណ៍ល្អប្រសើរ ។ ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានច្រើនពេកលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃនោះទេ។
៤. សូកូឡាខ្មៅ
សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវបានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៥. តែបៃតង
តែបៃតងមានផ្ទុកសារធាតុ theanine ដែលជួយឱ្យស្ងប់អារម្មណ៍និងអាចផ្ដោតអារម្មណ៍បានល្អ។ ម្យ៉ាងវិញទៀតតែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីនតិចដែលមិនអាចជះឥទ្ធិពលធ្វើឱ្យអ្នកមានអារម្មណ៍ខឹងមួរម៉ៅបានឡើយ។
៦. ត្រីសាលម៉ុន
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រយោជន៍ណាស់ក្នុងការលើកកម្ពស់អារម្មណ៍ល្អនិងស្ដារថាមពលឡើងវិញ។ ដើម្បីជាការប្រសើរ ចូរទទួលទានត្រីសម្បូរខ្លាញ់ដូចសាលម៉ុនយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
៧. ស៊ុត
មិនត្រឹមតែផ្ដល់ឱ្យរាងកាយនូវប្រូតេអ៊ីនគុណភាពខ្ពស់ដែលចាំបាច់ដើម្បីផលិតអ័រម៉ូនរីករាយប៉ុណ្ណោះទេ ប៉ុន្តែស៊ុតក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh