COVID-19
អន្តរជាតិ
អភិបាលរដ្ឋ​ញូវយ៉ក ថា វ៉ាក់សាំង COVID-19 មិនមែន​សម្រាប់តែ​អ្នកមាន​ឡើយ
20, May 2020 , 3:08 pm        
រូបភាព
លោក Andrew Cuomo អភិបាលក្រុងញ៉ូវយ៉ក។រូបភាពAFP
លោក Andrew Cuomo អភិបាលក្រុងញ៉ូវយ៉ក។រូបភាពAFP
ដោយ:
លោក Andrew Cuomo អភិបាលរដ្ឋ​ញូវយ៉ក​នៅ​ថ្ងៃទី​១៩ ខែឧសភា បាន​អះអាងថា វ៉ាក់សាំង បង្ការ​ជំងឺ COVID-19 ត្រូវតែ​ចែកចាយ​ដោយ​ស្មើភាព​គ្នា ដោយ​មិន​គិតពី​ទ្រព្យសម្បត្តិ​ឡើយ​។



លោក Cuomo ក៏​ឆ្លៀត​វាយប្រហារ​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ ដោយ​និយាយថា ការដឹកនាំ​ត្រូវ​ផ្អែកលើ​សមត្ថភាព មិនមែន​លើ​ការចុះផ្សាយ​ក្នុង​បណ្តាញ​សង្គម Twitter ទេ​។ 
 
​លោក Andrew Cuomo អ្នកនយោបាយ​បក្ស​ប្រជាធិបតេយ្យ បាន​រិះគន់​របៀប​ដឹកនាំ​ប្រទេស​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​លោក​លើកឡើងថា ចូលចិត្ត​ប្រើតែ Twitter ។ នេះ​មិនមែនជា​លើកឡើង​ទីមួយ​ដែល​លោក Cuomo រិះគន់​ថ្នាក់ដឹកនាំ​កំពូល​បែបនេះ តាំងពី​ការ​រាលដាល COVID-19 នៅ​អាមេរិក​។ រដ្ឋ​ញូវយ៉ក​ដែល​លោក Cuomo ជា​អភិបាល រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​ជំងឺ​នេះ​។ 
 
​ដោយ​សំដៅ​ដល់​លោក ត្រាំ លោក Cuomo បាន​និយាយថា​៖« អ្នក​ត្រូវតែ​ដឹងថា​អ្នក​កំពុង​ធ្វើ​អ្វី មិនមែន​មើលទៅ​ធ្វើ​ដូច​អ្នកធ្វើ​អ្វីមួយ ឫ​ស្តាប់ទៅ​ថា​ដូច​អ្នកធ្វើ​អ្វីមួយ​ឡើយ​។ យើង​ត្រូវ​ឆ្លាត និង​មិនមែន​ចាំតែ​បង្ហោះ​សារ​Twitter ដើម្បី​សម្រេច​កិច្ចការ​អ្វី​ឡើយ​។​» 
 
​មកទល់ពេលនេះ គេ​ពុំទាន់​ឃើញ​មានការ​ឆ្លើយឆ្លង​ពី លោក ត្រាំ នៅឡើយ​ទេ​។​
 
​និយាយ​ពី​រឿង​វ៉ាក់សាំង​វិញ លោក Cuomo បានទាមទារ​ឲ្យ​មានការ​ចែករំលែក​សម្រាប់​មនុស្ស​ទាំងអស់​។ ការទាមទារ​នេះ​ធ្វើឡើង​បន្ទាប់ពី​សន្និសីទ​ថ្ងៃទី​១៩ ខែឧសភា របស់​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា Moderna Inc ដែល​ប្រកាស​ពី​ការបង្កើត​វ៉ាក់សាំង​រប​ស់​ដែល​ផលិត​អង់​ទីករ​ប្រឆាំង COVID-19 ។ លោក Cuomo អះអាងថា មនុស្ស​គ្រប់រូប​ត្រូវ​ទទួលបាន​វ៉ាក់សាំង ព្រោះ​វា​មិនមែន​សម្រាប់តែ​ក្រុម​អ្នកមាន ឫ​អ្នកមាន​អាទិភាព​ឡើយ​។​
 
​រដ្ឋ​ញូវយ៉ក ដែល​COVID-19 រាតត្បាត​ខ្លាំង ចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ខ្លះ​។ បើតាម​អភិបាលរដ្ឋ​ខាងលើ ទីក្រុង Albany ដែលជា​ទីក្រុង​ធំ​របស់​រដ្ឋ​ញ៉ូ​វ​យ៉​ក នឹង​ក្លាយជា​តំបន់​ទី​៧ ក្នុងចំណោម​១០ ក្នុង​ការបើក​ឡើងវិញ បន្ទាប់ពី​ស្វែងរក​បុគ្គលិក​គ្រប់គ្រាន់​ក្នុងការ​តាមរក​ចំនួន​អ្នក​ឆ្លង​។ នេះ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។ ក្នុង​រដ្ឋ​ញ៉ូ​វ​យក​ទាំងមូល​វិញ ចំនួន​អ្នក​សម្រាក​ក្នុង​មន្ទីរពេទ្យ​បាន​ធ្លាក់ចុះ​ពី​៣៧៣​នៅ​ថ្ងៃ​១៩ ឧសភា មក​ត្រឹម​៣៣៥​ករណី​នៅ​ថ្ងៃ​២០ ឧសភា​។ ចំណែក​ចំនួន​អ្នកស្លាប់​បាន​ធ្លាក់ចុះ​ចំនួន​១០៥​នាក់​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com