COVID-19
អន្តរជាតិ
COVID-19 អាចធ្វើ​ឲ្យ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ទូទាំង​ពិភពលោក ​ធ្លាក់ចុះ​ជាង​៧ភាគរយ
20, May 2020 , 9:59 pm        
រូបភាព
ការបញ្ចេញឧស្ម័នពីរោងចក្រឧស្សាហកម្ម។រូបភាពAFP
ការបញ្ចេញឧស្ម័នពីរោងចក្រឧស្សាហកម្ម។រូបភាពAFP
ដោយ:
​ការបញ្ចេញ​ឧស្ម័ន​កាបូន​និ​ច នៅ​ទូទាំង​សកលលោក ​អាច​នឹង​ធ្លាក់ចុះ​ច្រើនជាង​៧% នៅ​ឆ្នាំ​២០២០ អាស្រ័យទៅលើ​រយៈពេល​វិធានការ​រឹតត្បិត និង​ការធ្វើ​គម្លាត​សុវត្ថិភាព អំឡុងពេល​ពេល​ការ​រាតត្បាត​ជំងឺ COVID-19។ នេះ​បើតាម​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ ​ក្នុង​ទស្សនាវដ្ដី Nature Climate Change នៅ​ថ្ងៃទី​១៩ ខែឧសភា​។​

 
​ការសិក្សា​ពី​កម្រិត​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច ធ្វើឡើង​ដោយ​ស្ថាប័ន​នៅ​អឺរ៉ុប អាមេរិក និង​អូស្ត្រាលី ដោយ​វិភាគ​ទៅលើ​ការបញ្ចេញ​ឧស្ម័ន​នេះ​ជាប្រចាំ​ថ្ងៃ​ នៅក្នុង​ប្រទេស​ចំនួន​៦៩ រដ្ឋ​របស់​អាមេរិក​ចំនួន​៥០ និង​ខេត្ត​របស​ចិន​ចំនួន​៣០ ក្នុង​វិស័យសេដ្ឋកិច្ច​ចំនួន​៣ និង​មើល​ទៅលើ​កម្រិត​ទាំង​៣ ​នៃ​ការ​រឹតត្បិត​ឲ្យ​នៅផ្ទះ ក៏ដូចជា​ការប្រើ​ពិនិត្យ​ទិន្ន័យ​នៃ​ការប្រើប្រាស់​អគ្គិសនី​ប្រចាំថ្ងៃ និង​ការ​បម្លាស់​ទី​។​
 
​នៅក្នុង​ឆ្នាំ​២០១៩ ពិភពលោក​ទាំងមូល​ប​ញ្ចេ​ញ​ឧស្ម័ន​កាបូ​និ​ច ចំនួន​១០០​លាន​តោន​ក្នុង​មួយថ្ងៃ​ តាមរយៈ​ការដុត​ឥន្ធនៈ​ហ្វូ​ស៊ី​ល និង​ការផលិត​ស៊ីម៉ង់ត៍។ នេះ​ជា​លើកឡើង​របស់​ការស្រាវជ្រាវ​ខាងលើ​។​
 
​ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត COVID-19 មក ដែល​នាំ​ឲ្យ​មានការ​ដាក់ចេញ​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច ធ្លាក់ចុះ​ត្រឹម​៨៣​លាន​តោន​ក្នុង​មួយថ្ងៃ ដែលជា​ការថយចុះ​១៧​ភាគរយ​។ ចំណែកឯ​ប្រទេស​ខ្លះ​វិញ ការបញ្ចេញ​ឧស្ម័ន​ពុល​នេះ មានការ​ធ្លាក់ចុះ​ជា​មធ្យម​២៦​ភាគរយ ក្នុងពេលដែល​មានការ​រឹតត្បិត​តឹង​តែ​បំផុត​។​
 
​ការស្រាវជ្រាវ ក៏បាន​បង្ហាញ​ផងដែរ​ថា បើ​ពិភពលោក​ទាំងមូល ​ត្រឡប់​ទៅ​ស្ថានភាព​ដើម​ មុន​ជំងឺ​រាតត្បាត​ក្នុង​ខែមិថុនា ការបញ្ចេញ​ឧស្ម័ន​នឹង​ថយចុះ​៤​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។ ចំណែកឯ​ក្នុងករណី​ដែល ការ​រឹតត្បិត​ទូទាំង​ពិភពលោក ​បន្ត​ដល់​ចប់​ឆ្នាំ​២០២០ ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច នឹងមាន​ការធ្លាក់ចុះ​ជាង​៧​ភាគរយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ចិន ជា​ប្រទេស​ដែល​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ច្រើនជាងគេ ​ក្នុង​ខែមេសា​កន្លងទៅ តាម​ពីក្រោយ​ដោយ​អាមេរិក អឺរ៉ុប និង​ឥណ្ឌា​។ ការបញ្ចេញ​ឧស្ម័ន ក្នុង​វិស័យ​អាកាសចរ​មានការ​ធ្លាក់ចុះ​៧៥​ភាករយ ក្នុង​ខែមេសា ចំណែកឯ​ការបញ្ចេញ​ឧស្ម័ន​ក្នុងការ​ដឹកជញ្ជូន​ផ្លូវគោក ​មានការ​ធ្លាក់ចុះ​៥០​ភាគរយ និង​ការផលិត​អគ្គិសនី ​បាន​កាត់បន្ថយ​ចំនួន​១៥​ភាគរយ និង​៣៥​ភាគ​រយ ក្នុង​វិស័យ​ឧស្សាហកម្ម​។ ប៉ុន្តែ​គេ​ក៏​ឃើញ​មាន​ផងដែរ ​នូវ​កំណើន​នៃ​ការបញ្ចេញ​ឧស្ម័ន​ក្នុង​អាគារ​ស្នាក់នៅ ​ចំនួន​៥​ភាគរយ​​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com