COVID-19
អន្តរជាតិ
COVID-19 លើ​ពិភពលោក​មាន​ជាង​៥​លាន​ករណី ខណៈ​អ្នក​សះស្បើយ​មាន​លើស ២​លាន​នាក់​
21, May 2020 , 10:18 am        
រូបភាព
រូបភាព៖ European Space Agency
រូបភាព៖ European Space Agency
​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ការឆ្លង​ជំងឺ COVID-19 នៅលើ​ពិភពលោក បាន​កើន​ដល់​ជាង ៥​លាន​ករណី ខណៈពេល​អ្នកជា​សះស្បើយ​បាន​កើនឡើង​ជាង ២​លាន​នាក់​។ នេះ​បើតាម​តួលេខ​របស់​វេ​ប​សាយ Worldometer​។


​មកទល់ពេលនេះ ប្រទេស និង​តំបន់​ស្ទើរតែ​ទាំងអស់​នៅលើ​ពិភពលោក បាន​រាយការណ៍​ថា មាន COVID-19 ខណៈពេល​ប្រទេស​តិចតួច​ប៉ុណ្ណោះ ដែល​មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង ក្នុងនោះ​មានដូចជា​កូរ៉េខាងជើង​ជាដើម​។ ពិភពលោក​ទាំងមូល មាន​ករណី​ឆ្លង COVID-19 បាន​កើន​ឡើងដល់ ៥០៨៥០៦៦​ករណី​ហើយ​។ ប្រទេស​ដែលមាន​ករណី​COVID-19 ច្រើនជាងគេ​លើ​ពិភពលោក នៅតែ​ជា​អាមេរិក គឺ​១៥៩១៩៩១​ករណី ចំណែក​រុស្ស៊ី​បាន​ឡើងមក​លំដាប់​ទី​២ ដែលមាន​៣០៨៧០៥ ។ 
 
​ប្រេ​ស៊ី​ល ដែល​ស្ថិតនៅ​តំបន់​អាមេរិក​ខាងត្បូង ក៏មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​កើនឡើង​ខ្លាំង​ដែរ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយបាន​ឈរ​នៅ​លំដាប់​ទី​៣ នៃ​ប្រទេស​មាន​កូ​រ៉ូ​ណា​វីរុស​ច្រើនជាងគេ គឺ​២៩៣៣៥៧​ករណី​។ តាម​ការរំពឹងទុក ប្រេ​ស៊ី​ល អាច​ឈរ​នៅ​លំដាប់​ទី​២ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ព្រោះ​ប្រេ​ស៊ី​ល មាន​ករណី​ឆ្លង​រហូតដល់ ២​ម៉ឺន​ករណី​ឯណោះ​ក្នុង​ថ្ងៃទី​២០ ខែឧសភា ខណៈពេល​រុស្ស៊ី​មាន​ត្រឹមតែ​ជាង ៨​ពាន់​ករណី​។ 
 
​ចំណែក​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​វិញ អត្រា​ឆ្លង COVID-19 គឺមាន​ការ​ថមថយ​យ៉ាងខ្លាំង​ក្នុង​មួយថ្ងៃៗ​។ អេ​ស្ប៉ា​ញ ចក្រភព​អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ នា​ថ្ងៃទី​២០ ខែឧសភា បានប្រកាសថា មាន​ករណី​ឆ្លង​ក្រោម ១០០០​ករណី​។  តួលេខ​នេះ គឺ​ធ្លាក់ចុះ​ខ្លាំងណាស់ បើ​ធៀប​ទៅនឹង​មួយរយៈ​មុន ដែល​បណ្តា​ប្រទេស​ទាំងនេះ មាន​ករណី​ឆ្លង​រហូតដល់ ៥​ពាន់ ឬ​៦​ពាន់​ករណី​ឯណោះ​។ តួលេខ COVID-19 សរុប​នៅ​អេ​ស្ប៉ា​ញ​មាន​ចំនួន ២៧៩៥២៤​ករណី​, អង់គ្លេស​មាន ២៤៨២៩៣​ករណី​, អ៊ីតាលី​មាន ២២៧៣៦៤​ករណី​, បារាំង​មាន​ចំនួន ១៨១៥៧៥​ករណី និង​អាល្លឺម៉ង់​មាន ១៧៨៥៣១​ករណី​។ 
 
​ដោយឡែក​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​វិញ សិង្ហ​បុរី​នៅតែមាន​ករណី COVID-19 ច្រើនជាងគេ ដែលមាន​រហូតដល់ ២៩៣៦៤​ករណី ឥណ្ឌូណេស៊ី​ឈរ​នៅ​តារាង​ទី​២ មាន​ចំនួន ១៩១៨៩​ករណី ខណៈពេល​ឡាវ​ជា​ប្រទេស​មាន​ករណី​កូ​រ៉ូ​ណា​វីរុស​តិចជាងគេ​បំផុត​នៅក្នុង​តំបន់ ដោយមាន​ត្រឹមតែ ១៩​ករណី​។ 
 
​បើទោះបីជា​ករណី​ឆ្លង​មាន​ច្រើនជាង ៥​លាន​ករណី​មែន ប៉ុន្តែ​ចំនួន​អ្នកជា​សះស្បើយ​ក៏មាន​ការកើនឡើង​យ៉ាង​រហ័ស​ដែរ​។ គិត​ត្រឹម​ថ្ងៃ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ពិភពលោក​ទាំងមូល មាន​អ្នកជា​សះស្បើយ​ពី​COVID-19 ចំនួន ២០២១៨៤៣​នាក់​។ ក្នុងចំណោម​ប្រទេស​ទាំងអស់ អាមេរិក​មាន​អ្នកជា​សះស្បើយ​ច្រើនជាងគេ ពោល​គឺមាន​ចំនួន ៣៧០០៧៦​នាក់ ខណៈ​អេ​ស្ប៉ា​ញ​ឈរ​នៅ​លំដាប់​ទី​២ មាន ១៩៦៩៥៨​នាក់ អាល្លឺម៉ង់​ឈរ​នៅ​លំដាប់​ទី​៣ មាន​១៥៦៩០០​នាក់ អ៊ីតាលី​មាន​ចំនួន ១៣២២៨២​នាក់​។ 
 
​ចំណែក​ក្នុង​តំបន់​អាស៊ាន​វិញ​មាន​អ្នក​សះស្បើយ​ចំនួន​២៧៩៥១​នាក់​។ កម្ពុជា​ដែលមាន​ករណី​ឆ្លង​១២២​នាក់ ព្យាបាល​សះស្បើយ​អស់ហើយ​។ ចិន ដែលជា​ប្រទេស​ផ្ទុះ​COVID-19 បាន​ឈរ​នៅ​លំដាប់​ទី​១៣ នៃ​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ ដោយមាន​ចំនួន​កូ​រ៉ូ​ណា​វីរុស​សរុប ៨២៩៦៧​ករណី ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៨២៤៩​នាក់​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com