ជាតិ
រោងចក្រ-សហគ្រាសកើនដល់៣៦៤ហើយ ដែលព្យួរការងារ ធ្វើឲ្យប៉ះពាល់កម្មករជាង១២ម៉ឺននាក់
× ភ្នំពេញ៖ រោងកច្រក្នុងវិស័យកាត់ដេរ និងសហគ្រាសក្នុងវិស័យទេសចរណ៍សរុប ៣៦៤ កំពុងព្យួរការងារ ហើយបានប៉ះពាល់ដល់កម្មករនិយោជិក ជិត១២ម៉ឺននាក់។ កម្មករនិយោជិតជាង១២ម៉ឺននេះ ជាង១០ម៉ឺននាក់ជាកម្មការិនី។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ហេង សួរ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២១ ខែឧសភានេះថា៖«ចំនួនរោងចក្រកំពុងព្យួរសរុបមាន ២៣៧ ស្មើនឹងកម្មករនិយោជិកសរុប១១៨ ៤៧៥នាក់ ក្នុងនោះមានស្រី៩៥ ១០៤នាក់។ សហគ្រាសវិស័យទេសចរណ៍ កំពុងព្យួការងារសរុបមាន ១២៧សហគ្រាស ស្មើនឹងកម្មករនិយោជិតចំនួន៩ ៧០២នាក់ ក្នុងនោះមានស្រី ៤ ១៩៩នាក់»។
តាមពិត រោងចក្រដែលបានព្យួរ និងកំពុងព្យួរការងារនៅកម្ពុជា មានទាំងអស់ ៣៣០រោងកច្រ ប៉ុន្តែមានរោងចក្រជាង១០០ បានដំណើរការឡើងវិញ។ ចំណែករោចចក្របិទជាផ្លូវការមាន២០រោងចក្រ។
លោក ហេង សួរ អះអាងថា ចំពោះប្រាក់ឧបត្ថម្ភ៤០ដុល្លារពីរដ្ឋាភិបាល នឹងត្រូវផ្ដល់ឲ្យកម្មករនិយោជិក ដែលព្យួរការងារ តាមធនាគារវីង ក្នុងសប្ដាហ៍នេះ។ លោក បន្តថា ចំនួនកម្មករដែលមានឈ្មោះ ទទួលបានប្រាក់៤០ដុល្លារ មានជាង៥ម៉ឺននាក់ហើយ។
ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារ កម្មករនិយោជិក ដែលព្យួរការងារ នៅត្រូវទទួលបានប្រាក់៣០ដុល្លារទៀតពីរោងចក្រ។
មេសហជីពមួយរូប គឺលោក អាត ធន់ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា រោងចក្រដែលព្យួរការងារ និងបិទនឹងបន្តកើនឡើង ដោយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលមិនទាន់ធូរស្រាល ពិសេសនៅអឺរ៉ុប។ លោក មានប្រសាសន៍ថា ស្ថានភាពវិស័យកាត់ដេរនៅកម្ពុជា នឹងកាន់ធ្ងន់ធ្ងូរមួយកម្រិតទៀត ប្រសិនបើ EBA ត្រូវបានចូលជាធរមាន នៅខែសីហា។
លោក អាត ធន់ ថ្លែងថា តាមការសង្កេតរបស់លោក ប្រាក់៣០ដុល្លារពីខាងរោងចក្រ គឺកម្មករនិយោជិក ដែលព្យួរការងារ បានទទួលហើយ។ ប៉ុន្តែលោកនិយាយថា ប្រាក់៤០ដុល្លារពីរដ្ឋាភិបាល កម្មករនិយោជិត មិនទាន់ទទួលបានឡើយ។
លោក អាត ធន់ លើកឡើងថា តាមរបាយការណ៍ឆ្នាំ២០១៩ រោងចក្រក្នុងវិស័យកាត់ដេរនៅកម្ពុជា មានប្រមាណ ១ ០៨០ រោងច្រក៕
Tag:
រោងចក្រ
សហគ្រាស
ព្យួរការងារ
© រក្សាសិទ្ធិដោយ thmeythmey.com