គណៈសង្ឃ​នាយក ចាត់ទុក​សម្តី​លោក ខាន់ សុវណ្ណ ជា​គំនិត​លាមក និង​អសីលធម៌​មកលើ​ព្រះសង្ឃ​
ជាតិ
គណៈសង្ឃ​នាយក ចាត់ទុក​សម្តី​លោក ខាន់ សុវណ្ណ ជា​គំនិត​លាមក និង​អសីលធម៌​មកលើ​ព្រះសង្ឃ​
21, May 2020 , 11:36 am        
រូបភាព
ភ្នំពេញ​៖ គណៈសង្ឃ​នាយ​កនៅ​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ​លោក ខាន់ សុវណ្ណ ដែលជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ បាន​ប្រើប្រាស់​សម្តី​មិន​សមរម្យ​មកលើ​ព្រះសង្ឃ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។ គណៈសង្ឃ​នាយក ចាត់ទុក​សម្តី​លោក ខាន់ សុវណ្ណ ជា​គំនិត​លាមក និង​អសីលធម៌​។​

 
​លោក ខាន់ សុវណ្ណ បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​២ ដែលមាន​ឈ្មោះ «​សុវណ្ណ ខាន់ អពប​» និង​«khmer Mjas Srok» ថា កម្ពុជា​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់ និង​ត្រូវការ​កម្មករ​ជំនាញ និង​គ្មាន​ជំនាញ​ជាច្រើន​ម៉ឺន​នាក់ ដើម្បី​បង្គ្រប់​ទីផ្សារ «​ចាត់ការ​ផ្សឹក​លោកសង្ឃ​ដែល​កំពុង​ពេញកម្លាំង​ក្រោម​អាយុ​៥៦​ឆ្នាំ​ចោល​ឱ្យអស់ » តើ​អាចទៅរួច​ឬទេ​? 
 
​ដោយសារតែ​សំណេរ​នេះហើយ ទើប​ធ្វើឱ្យ​គណៈសង្ឃ​នាយក មិន​ពេញចិត្ត និង​មិនអាច​ទទួលយក​បានឡើយ​។ គណៈសង្ឃ​នាយក ចាត់ទុក​សំណេរ​របស់លោក ខាន់ សុវណ្ណ នេះ ជា​គំនិត​លាមក អសីលធម៌ និង​ភាព​យង់ឃ្នង​ព្រៃផ្សៃ ជាពិសេស​ប្រមាថ​មាក់ងាយ​មកលើ​ព្រះសង្ឃ និង​ព្រះពុទ្ធសាសនា​គ្រប់​លំដាប់ថ្នាក់​ទូទាំងប្រទេស​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គំនិត​យោបល់​លោក ខាន់ សុវណ្ណ នេះ គឺជា​ការបកស្រាយ​ដោយ​ខ្វះ​ពិសោធន៍ ខ្វះ​ចំណេះដឹង​ប្រវត្តិសាស្ត្រ គ្មាន​សុចរិត​ភាព និង​គ្មាន​ភាពយុត្តិធម៌​ឡើយ ហើយក៏​ជាការ​បង្វែរ​គំនិត​មហាជន​ឱ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ល្វីង​ជូរចត់ នៃ​របប​ខ្មៅ​ងងឹត​របស់​ពួក​ខ្មែរក្រហម​ផងដែរ​។ បន្ថែម​ពីនេះ ពាក្យសម្តី​មិន​សមរម្យ​មកលើ​ព្រះសង្ឃ​បែបនេះ វា​ក៏​បង្កើត​នូវ​ភាពឈឺចាប់​និង​ការ​ចងពៀរ​ដល់​យុវ​សង្ឃ និង​ពុទ្ធបរិស័ទ​ទៀតផង​។ នេះ​ជាការ​លើកឡើង​របស់​គ​ណៈ​សង្ឃនាយក​។​
 
​គណៈសង្ឃ​នាយក បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​២០ ឧសភា​ដូច្នេះ​ថា​៖«​សូម​សម្ដែង​នូវ​ការ​ព្រួយ​បារ​ម្មណ៍ និង​ការសោកស្ដាយ​ជាទីបំផុត ហើយ​ថ្កោលទោស​ចំពោះ​សំណេរ និង​ការលើកឡើង​របស់លោក ខាន់ សុវណ្ណ​ ដោយ​ចាត់ទុកថា ជាការ​ខ្វះ​វិចារណញ្ញាណ ខ្វះ​សុភ​វិនិច្ឆ័យ ប្រកបដោយ​ភាព​អគតិ និង​ទុទិដ្ឋិនិយម ដើរ​ថយក្រោយ គំនិត​ផ្ទុយ​ពី​វឌ្ឍនភាព​សង្គម សាសនា និង​វប្បធម៌​»​។​
 
​បើតាម​គណៈសង្ឃ​នាយក ពាក្យសម្តី​លោក ខាន់ សុវណ្ណ នេះ កំពុង​រំលោភ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ត្រង់​មាត្រា​៥១៦ ពីបទ​ប្រមាថកាតតៀន​ព្រះសង្ឃ និង​ប៉ះពាល់​ដល់​ស្មារតី​មាត្រា​៤៣​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែងថា ពុទ្ធសាសនា​របស់​រដ្ឋ ដែលមាន​កាតព្វកិច្ច​កា​រពារ​មិនឱ្យ​បុគ្គល​ណា​រំលោភបំពាន​បានឡើយ​។ ជាពិសេស​រំលោភសិទ្ធិ​មនុស្ស​ជា​សាកល​ដែលមាន​ចែង​អំពី​សិទ្ធិ​ជំនឿ និង​ការរស់រានមានជីវិត​ប្រកបដោយ​សេចក្តី​ថ្នៃ​ថ្នូរ​ភេទ​ជា​បុព្វ​ជិត​ក្តី និង​ជា​គ្រហស្ថ​ក្តី​។​
 
​ដោយ​មើលឃើញ​ទង្វើរ​មិនគួរ​គប្បី របស់លោក ខាន់ សុវណ្ណ នេះ ទើប​គណៈ​សង្ឃនាយក ចម្រើនពរ​ឱ្យ​បុគ្គល​រូបនេះ ស្រាវជ្រាវ​មើល​ប្រវត្តិសាស្ត្រ​ខ្មែរ​ឱ្យបាន​ស៊ីជម្រៅ នូវ​អ្វីដែល​កម្ពុជា​ធ្លាប់​ឆ្លងកាត់ ជាពិសេស​ផល​អាក្រក់ និង​ផលចំណេញ សម្រាប់​វប្បធម៌ សាសនា​និង​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ផង​។ «​សូមកុំ​មើល​តែ​ចំណុច​ណា​ដែល​អាក្រក់ៗ អវិជ្ជមាន​បន្តិចបន្តួច​របស់​ព្រះសង្ឃ​តែ​ម្យ៉ាង​ប៉ុណ្ណោះ សូម​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​មួយ​ដើម​។​ក្នុងសង្គម​កម្ពុជា ទាមទារ​ឱ្យ​កង់​ពុទ្ធចក្រ ត្រូវ​ដើរ​ទន្ទឹមនឹង​អាណាចក្រ ព្រោះ​ពុទ្ធចក្រ​ជា​ប្រភព​នៃ​សីលធម៌​សង្គម​ខ្មែរ អាណាចក្រ​ជា​អ្នកបង្កើត​នូវ​សម្ភារៈ​សេដ្ឋកិច្ចសង្គម ដូច្នេះ​កង់​ទាំងពីរ​ត្រូវបំពេញ​គ្នា​ទៅវិញទៅមក​។ វិទ្យាសាស្ត្រ​ពុំ​អាច​ខ្វះ​សីលធម៌​បានឡើយ ហើយ​សីលធម៌​ក៏​ពុំ​អាច​ខ្វះ​វិទ្យាសាស្ត្រ​នោះដែរ​»​។ នេះ​ជា​សង្ឃដីកា​របស់​គណៈសង្ឃ​នាយក​។​
 
​គណៈសង្ឃ​នាយក ក៏​ទទួលស្គាល់ថា មាន​ព្រះសង្ឃ​ចំនួន​តិច​បំផុត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ប៉ុន្តែ​ព្រះសង្ឃ​ទាំងនោះ ក៏បាន​អនុវត្តតាម​ធម៌​វិន័យ តាមរយៈ​ការ​«​ផ្សឹក​»​ផងដែរ​។ គណៈសង្ឃ​នាយក បាន​មាន​សង្ឃដីការ​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ទោះបីជា​ក្នុង​បច្ចុប្បន្នកាល​ក៏ដូចជា​អតីតកាល ភាពខុស​ឆ្គង​របស់​អ្នកបួស​មួយចំនួន​តូច​ពិត​ជាមាន​ខ្លះ ប៉ុន្តែ​ពុំមែន​ទាំងអស់​ឡើយ​។ ​ផ្ទុយទៅវិញ​គណៈសង្ឃ​នាយក​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ចាត់វិធានការ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព ​មិនឱ្យ​បុគ្គល​ប្រព្រឹត្ត​ខុស​វិន័យ បន្ត​ភាពជា​សង្ឃ​តទៅទៀត​នោះទេ​»​។​
 
​តែ​យ៉ាងណា​គណៈសង្ឃ​នាយក ក៏​ចម្រើនពរ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ កុំ​ដើរ​តាម​និង​អនុវត្ត​នូវ​គំនិត​យោបល់​របស់​បុគ្គល ខាន់ សុវណ្ណ ព្រោះ​វា​ជាហេតុ​នាំឱ្យ​ជួប​វិនាសកម្ម​ហិនហោច ដល់​សង្គម​កម្ពុជា​សាជាថ្មី​ម្ដងទៀត​។ «​ផ្ទុយ​មកវិញ​សូម​មហាជន​ខ្មែរ​គ្រប់រូប​មានការ​រួបរួមសាមគ្គី​គ្នា​រក្សា​ការពារ​សន្តិភាព និង​តម្លៃ​ពុទ្ធសាសនា ព្រមទាំង​ព្រះសង្ឃ​ដោយ​ជ្រក​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និង​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការរីកចម្រើន​រុងរឿង​លើ​គ្រប់​វិស័យ​នៃ​សង្គម​កម្ពុជា​»​។ នេះ​ជាការ​សំណូមពរ​របស់​គណៈសង្ឃ​នាយក​។​
 
​គួរ​បញ្ជាក់ថា ព្រះសង្ឃ​នៃ​ពុទ្ធសាសនា គឺជា​ស្រែបុណ្យ​របស់​ពុទ្ធបរិស័ទ ក្នុងនាម​ជា​សម្មតិសង្ឃ ដែល​បាន​អប់រំ​បន្ទុំ​ចិត្ត​ប្រកបដោយ​សីល សមាធិ បញ្ញា និង​រួមចំណែក​ថែរក្សា​វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់ ពុទ្ធសាសនា ដែលជា​មរតក​ជាតិ ព្រលឹង​ជាតិ និង​អត្តសញ្ញាណ​ជាតិខ្មែរ​ជាដើម​៕

Tag:
 ព្រះសង្ឃ​
  សាសនា​
  ខាន់ សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម