ជាតិ
សង្គមជាតិ
រដ្ឋាភិបាល នឹងសង់​ស្តូប​នយោបាយ​ឈ្នះ​ឈ្នះ​បន្ថែម នៅ​កោះកុង ឧ​ត្ត​រ​មានជ័យ ប៉ៃលិន និង កំពង់ស្ពឺ​
21, May 2020 , 10:29 pm        
រូបភាព
វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ថតពីទិសខាងលិច
វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ថតពីទិសខាងលិច
ក្រៅពី​សង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ រដ្ឋាភិបាល នឹង​សង់​ស្តូប​អនុ​ស្សារី​យ៍​នយោបាយ​ឈ្នះ​ឈ្នះ​បន្ថែមទៀត នៅតាម​បណ្តា​ខេត្ត​មួយចំនួន រួមមាន កោះកុង ឧ​ត្ត​រ​មានជ័យ ប៉ៃលិន និង កំពង់ស្ពឺ​។ គេហទំព័រ​ក្រសួងការពារជាតិ ផ្សាយ​ថា រដ្ឋាភិបាល នឹង​ចាប់ផ្តើម​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ខេត្តកោះកុង​មុនគេ តែ​មិនបាន​បង្ហាញ​ពី​វេលា​ជាក់លាក់​ឡើយ​។



​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ និង​កន្លងមក​ធ្វើជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍​វិមាន​ឈ្នះ​ឈ្នះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​ថា ការសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ខេត្តកោះកុង នឹង​ចាប់ផ្តើម​ក្នុងពេល​ខាង​មុខ​ឆាប់ៗ​នេះ​។​
 
​បើតាម​គេហទំព័រ​ក្រសួងការពារជាតិ ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ខេត្តកោះកុង នឹងត្រូវ​សាងសង់ឡើង ដោយ​យក​ទម្រង់​តាម​សំណង់​នៃ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​រាជធានី​ភ្នំពេញ ហើយ​ស្តូប​នេះ មាន​កម្ពស់​៤៣​ម៉ែត្រ ស្ថិតនៅលើ​ភ្នំ ក្នុងភូមិ​បឹង​ឃុន​ឆាំង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ 
 
​ចំណែក​ស្តូប​អនុ​ស្សាយ៍​នយោបាយ​ឈ្នះ​ឈ្នះ​បី​កន្លែង​ទៀត នឹងត្រូវ​កសាងឡើង នៅ​តំបន់​អន្លុងវែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​តំបន់​ប៉ៃលិន (​ប្រហែល​ក្នុង​ក្រុងប៉ៃលិន​) និង នៅ​តំបន់​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ស្តូប​ទាំងបី​កន្លែង​នេះ នឹងត្រូវ​ចាប់ផ្តើម​សាងសង់​ជា​បន្តបន្ទាប់​គ្នា នៅក្រោយពី​រដ្ឋាភិបាល សាងសង់​នៅ​ខេត្តកោះកុង​រួច​។ 
 
​ស្តូប​អនុស្សា​វរី​យ៍​ន​យោ​យ​បាយ​ឈ្នះ​ឈ្នះ​តាម​បណ្តា​ខេត្ត ហៅ​ត្រឹម​ជា​ស្តូប គឺ​មិន​ហៅ​ជា​វិមាន ដូច​វិមាន​អនុស្សា​រី​យ៍​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​ភ្នំពេញ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ណឹ​ម សុវត្ថិ ដោយ​លោក បន្ថែមថា ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ទាំងនោះ មាន​ទំហំ​តូច​ជាង (​និង​មាន​កម្ពស់​ទាប​ជាង​) វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​។ 
 
​លោក ពន្យល់​ពី​មូលហេតុ​និង​អត្ថន័យ​ថា ការសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​នៅតាម​បណ្តា​ខេត្ត គឺ​ដើម្បី​រម្លឹក​អនុ​វស្សា​វរីយ៍​នៃ​នយោបាយ​ឈ្នះ​ឈ្នះ ទៅលើ​មូលដ្ឋានទ័ព​ខ្មែរក្រហម ដែល​ឈរជើង​នៅក្នុង​តំបន់​ទាំងនោះ​។ លោក មានប្រសាសន៍ថា ការសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ ក៏​ទុកជា​ការបង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ខ្មែរ​ទាំងអស់គ្នា​ដែរ​។​
 
​លោក អះអាងថា រដ្ឋាភិបាល មិនមែន​ចង់​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ តែ​នៅក្នុង​ខេត្ត​ទាំង​បួន​ខាងលើនេះនេះ គឺអាច​នឹង​បន្ត​សាងសង់​តាម​តំបន់​ឬ​ខេត្ត​ដទៃ​ផ្សេងទៀត ដែល​ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការយក​ឈ្នះ​ទៅលើ​ទ័ព​ខ្មែរក្រហម​។ លោក និយាយ​ដូច្នេះ​ថា​៖«​អាចមាន​ច្រើន​កន្លែង​ទៀត​»​។  
 
​យ៉ាងណា លោក មិនទាន់​អាច​ផ្តល់ព័ត៌មាន​បានឡើយ​ថា ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​នីមួយៗ នឹងត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​។ លោក បំភ្លឺ ទាំងការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅភ្នំពេញ និងគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅតាមខេត្ត គឺមិនមែនចំណាយថវិកាជាតិឡើយ តែជាថវិកា ដែលបានមកពីការចូលរួមពីភាគីនានា។ 
 
​កាលពី​ថ្ងៃទី​១៨ ខែឧសភា រដ្ឋបាល​ខេត្តកោះកុង បាន​ប្រារព្ធ​ពិធី​ប្រកាស​សមាសភាព​អនុគណៈកម្មការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ ក្រោម​អធិបតីភាព​របស់​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាង​សាង់​វិមាន​ឈ្នះ​ឈ្នះ​។ 
 
​រដ្ឋមន្ត្រី​ការពារជាតិ ថ្លែង​ក្នុង​ពិធី​នោះ​ថា តំបន់​អន្លុងវែង ខេត្ត​ឧ​ត្ត​មានជ័យ ជា​តំបន់ ដែល​បានបញ្ចប់​សង្គ្រាម​ចុងក្រោយ​គេ ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​, តំបន់​ប៉ៃលិន  ជា​តំបន់ ដែលមាន​ការចូលរួម​ពី​ប្រតិបត្តិការ​ជាច្រើន ក្នុងការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​, និង​តំបន់​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​តំបន់​ចាប់ផ្តើម​អនុវត្តិ​នយោបាយ​ឈ្នះ​ឈ្នះ ហើយ​តំបន់​នេះ ជា​តំបន់​ដែល​កងពល​លេខ​១៨ របស់លោក​កែវ ពង់ ឈរជើង​នាពេលនោះ​។ 
 
​គេហទំព័រ​ក្រសួងការពារជាតិ បាន​ស្រង់​សម្តី​របស់​សម្តេច​រដ្ឋមន្ត្រី ទៅ​សរសេរថា ការសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ខេត្តកោះកុង​មុនគេ​នាពេលនេះ គឺ​ដើម្បី​ដក​ពិសោធ សម្រាប់​ការសាងសង់​ស្តូប​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ខេត្ត​ផ្សេងទៀត​។​
 
​សូមបញ្ជាក់ថា វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅភ្នំពេញ មាន​កម្ពស់​៥៤​ម៉ែត្រ និង​ត្រូវបាន​សាងសង់​ឡើងលើ​ផ្ទៃដី​៨​ហិកតា​នៅ​សង្កាត់​បាក់​ខែង ខ​ណ្ឌ័​ជ្រោយចង្វា ដែល​ស្ថិតនៅ​ទល់មុខ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ ចំណាយ​ទឹកប្រាក់​អស់​១២​លាន​ដុល្លារ និង​ចំណា​យ​ពេល​ជិត​បី​ឆ្នាំ​ក្នុង​ការសាងសង់ គឺ​ចាប់ផ្តើម​តាំងពី​ដើមឆ្នាំ​២០១៦ ហើយ​រួចរាល់​និង​សម្ពោធ​នៅ​ខែធ្នូ ឆ្នាំ​២០១៨​។ 
 
​អត្ថន័យ​សំខាន់​មួយ​នៃ​ការកសាង​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ គឺ​ដើម្បី​រម្លឹក​ពី​ការយក​ឈ្នះ​ឬ​ការផ្តួលរំលំ​ខ្មែរក្រហម និង​ការធ្វើ​ឲ្យ​កម្ពុជា មាន​សន្តិភាព​ពេញ​បូ​រិ​បូរ​៕

Tag:
 ស្តូប​នយោបាយ​ឈ្នះ​ឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com