COVID-19
ជាតិ
ស្ថាប័នជំនាញ៖ កូវីដ នៅតែគំរាមកំហែងយើង សូមបងប្អូនប្រុងប្រយ័ត្នជានិច្ច
22, May 2020 , 11:50 am        
រូបភាព
រូបពី CDC
រូបពី CDC
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានក្រើនរម្លឹកប្រជាជន ឲ្យប្រុងប្រយ័ត្នកាន់តែខ្លាំង ចំពោះជំងឺកូវីដ១៩។ ការក្រើនរម្លឹកនេះ ធ្វើឡើងក្រោយពីកម្ពុជា រកឃើញករណីឆ្លង១ថ្មីបន្ថែម កាលពីយប់ម្សិលមិញ (២១ឧសភា)។



តាមរយៈសារលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានពញ្ញាក់ស្មារតីប្រជាជនដូច្នេះថា៖«ជំងឺកូវីដ១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ»។

ករណីឆ្លងថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ ដែលបានធ្វើដំណើរតាមជើងហោះហើរ ពីហ្វីលីពីន ឆ្លងកាត់កូរ៉េខាងត្បូង ហើយវិលត្រឡ្រប់មកកម្ពុជា នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

បុរសនោះ ជាមនុស្សទី១២៣ ដែលរកឃើញថាផ្ទុកមេរោគកូវីដ១៩។ ការរកឃើញមេរោគកូវីដ១៩លើបុរសនោះ គឺបន្ទាប់ពីកម្ពុជា ព្យាបាលអ្នកជំងឺកូវីដ១៩ ទាំង១២២នាក់ ឲ្យជាសះស្បើយអស់ និងខាតរកឃើញករណីឆ្លងថ្មីជាង១ខែមកហើយ។

អ្នកដំណើរ ដែលស្ថិតក្នុងយន្តហោះជាមួយបុរសជនជាតិខ្មែររូបនោះ សរុបមាន៦២នាក់ ដោយក្នុងនោះ កូរ៉េ២៣នាក់ បែលហ្ស៊ិក១នាក់ តៃវ៉ាន់១នាក់ ហូឡង់១នាក់ ជប៉ុន៣នាក់ និង ខ្មែរ៣៣នាក់ (៣៤ទាំងបុរសដែលឆ្លងជំងឺកូវីដ១៩)។ សំណាករបស់អ្នកទាំងអស់នោះ ត្រូវបានបញ្ជូនទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រ ហើយលទ្ធផល បង្ហាញថា បុរសជនជាតិខ្មែររូបនោះ មានវិជ្ជមានកូវីដ១៩។

បច្ចុប្បន្នបុរសរូបនោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខ្មែរ-សូវៀត រីឯអ្នកដំណើរ៦២នាក់ទៀត ត្រូវបន្តដាក់ឲ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង គិតមកដល់ពេលនេះ កម្ពុជា បានធ្វើតេស្តរកមេរោគកូវីដ១៩ លើមនុស្សជាង១,៥ម៉ឺននាក់ហើយ ដោយស្មើនឹង៩៧៤នាក់ ក្នុង១លាននាក់។

ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញកាលពីយប់ម្សិលមិញ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដែរ ឲ្យប្រជាជន បន្តអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ១៩៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com