COVID-19
កីឡាជាតិ
ជាតិ
កម្មវិធីប្រកួតកីឡាអាចដំណើរការឡើងវិញ ប៉ុន្តែមិនឲ្យមានអ្នកចូលទស្សនា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, រូបភាពពីក្រសួងសុខាភិបាល
× ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ឧសភា នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចឲ្យសហព័ន្ធកីឡាជាតិអាចរៀបចំការប្រកួត និងប្រមូលផ្តុំកីឡាករជម្រើសជាតិឡើងវិញ ចាប់ពីខែមិថុនា តទៅ។ ប៉ុន្តែរាល់ការប្រកួតនីមួយៗ ក្រសួងមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាឡើយ។ ជាមួយគ្នានេះ ក្រសួង ស្នើឲ្យសហព័ន្ធកីឡាជាតិទាំងអស់ អនុវត្តវិធានការការពារជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសំឡេងដែលបានបែកធ្លាយនៅព្រឹកថ្ងៃទី២១ ឧសភា បានជំរុញឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាគ្នាពាក់ព័ន្ធលទ្ធភាពក្នុងការបើកឲ្យដំណើរការប្រកួតកីឡាគ្រប់ប្រភេទឡើងវិញ។
នៅល្ងាចថ្ងៃដដែល រដ្ឋមន្ត្រីទាំងបីរូបបានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធបញ្ហានេះ។ ក្រោយពិភាក្សាគ្នាយ៉ាងល្អិតល្អន់ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩បានអនុញ្ញាតឲ្យបើកវិស័យកីឡាឡើងវិញតាមលក្ខខណ្ឌតម្រូវជាជំហានៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃទី២២ ឧសភា នេះ។
សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា ក្រសួង អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិបើកការប្រកួតរបស់ខ្លួនឡើងវិញ តែមិនអនុញ្ញាតឲ្យមានអ្នកទស្សនានោះទេ។ រាល់ការប្រកួតម្តងៗ ក្រសួង អនុញ្ញាតឲ្យមានតែកីឡាករ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស មិនលើសពី១០០នាក់។ ជាមួយគ្នានេះ ក្រសួងក៏អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជននិងកីឡា ប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិឡើងវិញផងដែរ។
តែយ៉ាងណា ក្រសួងសុខាភិបាល ជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ បន្តរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការការពារជំងឺកូវីដ-១៩ ទោះបីបច្ចុប្បន្នស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាមានសភាពធូរស្បើយក៏ដោយ។ ការជំរុញឲ្យយកចិត្តទុកដាក់របស់ក្រសួង គឺដោយសារក្រសួងបារម្ភពីរលកទីពីរនៃការឆ្លងជំងឺកូវីដ-១៩ ដ្បិតក្រសួងយល់ថា ការឆ្លងជំងឺកូវីដ-១៩ នៅតែមានហានិភ័យខ្ពស់នៅកម្ពុជា។
លើសពីនេះ ក្រសួងក្រើនរំលឹកឲ្យសហព័ន្ធកីឡាជាតិណែនាំឲ្យកីឡាករកីឡាការិនីអនុវត្តវិធានការការពារជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ តាមរយៈការរក្សាគម្លាតសង្គម និងបុគ្គល លាងដៃជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ជាប្រចាំនៅពេលចាំបាច់៕
Tag:
បាល់ទាត់
ក្រសួងអប់រំយុវជននិងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com