ជាតិ
លោក ម៉ៅ ធនិន​៖ «​ពលរដ្ឋ ៧៥​ភាគរយ​នៅ​ខេត្តពោធិ៍សាត់ ប្រកប​របរ​កសិកម្ម​»
22, May 2020 , 10:29 pm        
រូបភាព
ភ្នំពេញ​៖ ខេត្តពោធិ៍សាត់ មាន​ប្រជាជន​រស់នៅ​ចំនួន ៤៩​ម៉ឺន​នាក់ ក្នុងនោះ​ប្រជាពលរដ្ឋ ៧៥​ភាគរយ ប្រកប​របរ​កសិកម្ម និង​២៥​ភាគរយ ជា​សេវាករ ពាណិជ្ជករ និង​មន្ត្រីរាជការ​។ នេះ​បើតាម​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​២១ ឧសភា​។



​មាន​ចម្ងាយ ១៨៦​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ខេត្តពោធិ៍សាត់ ជា​ខេត្ត​ស្ថិតនៅ​ទិសពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ វិស័យ​ចំបង​នៅក្នុង​ខេត្តពោធិ៍សាត់ គឺ​វិស័យ​កសិកម្ម ដែល​ជួយ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការដាំដុះ​ដំណាំ​កសិកម្ម​។ បើតាម​លោក ម៉ៅ ធនិន នៅ​ខេត្តពោធិ៍សាត់ មាន​ផ្ទៃដី​កសិកម្ម​ប្រមាណ ១៥​ម៉ឺន​ហិកតា ដែល​ទទួលផល​បាន​ចន្លោះ​ពី ៣៨​ទៅ​៤២​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ 
 
​សូម​អញ្ជើញ​ស្ដាប់​ការលើកឡើង​របស់លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​ដូចតទៅ​៖ 

 
 
 
​នា​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តពោធិ៍សាត់​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២១ ខែឧសភា លោក ម៉ៅ ធនិន បាន​លើកឡើងថា​៖ «​ខេត្តពោធិ៍សាត់ មាន​ពលរដ្ឋ ៧៥​ភាគរយ ប្រកប​របរ​កសិកម្ម និង​២៥​ភាគរយ ជា​សេវាករ ពាណិជ្ជករ និង​មន្ត្រីរាជការ​។ ដោយសារតែ​ប្រជាពលរដ្ឋ​មាន​ចំនួន​លើសលុប​លើ​វិស័យ​កសិកម្ម​។ ដូច្នេះ​វិស័យ​កសិកម្ម ក្នុង​ខេត្ត​នាំមក​នូវ​ការអភិវឌ្ឍ និង​ការរីកចម្រើន​ទៅលើ​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​»​។ 
 
​បច្ចុប្បន្ន ខេត្តពោធិ៍សាត់ មាន​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ១៦​កន្លែង សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស​។ លើសពីនេះ ខេត្តពោធិ៍សាត់ មាន​កសិដ្ឋាន​ដាំ​ដុះ​បន្លែ​ដែល​មិនមាន​សារធាតុ​គីមី ចំនួន ២៧​កសិដ្ឋាន លើ​ផ្ទៃដី ១៤៧​ហិកតា​។ ងាក​មក​មើ​លពី​ជលផល​វិញ អភិបាលខេត្ត​ពោធិ៍សាត់ អះអាងថា ក្នុង​ឡូ​អភិរក្ស​ចំនួន ៦ ទទួលបាន​ផល​ត្រី​ប្រចាំឆ្នាំ​ប្រមាណ ៤១,២០០​តោន ។ 
 


រូបភាព​ពី​ហ្វេសប៊ុក​លោក ម៉ៅ ធនិន

​ខេត្តពោធិ៍សាត់ ដែល​អំណោយផល​លើ​វិស័យ​កសិកម្ម​នេះ មាន​ទំនប់​ធារាសាស្ត្រ​ខ្នាត​យក្ស​ចំនួន ២ នៅ​បែក​ខាងលើ​ស្រុក​ភ្នំក្រវាញ គឺ​ទំ​បន់​ទី​៣ និង​ទី​៥​។ លោក ម៉ៅ ធនិន បញ្ជាក់ថា​៖ «​ទំ​បន់​ទាំង​២​នេះ អាច​ស្ដុក​ទឹកបាន​ប្រមាណ ៥៥​លាន​ម៉ែត្រ​គីប​ក្នុង​មួយឆ្នាំ ហូរ​ធ្លា​ក់លើ​ស្ទឹង​ពោធិ៍សាត់ ដែល​ស្រោចស្រព​ទៅលើ​ស្រុក​៤ និង​ក្រុង​១»​។ 
​សូមបញ្ជាក់ថា នៅក្នុង​ខេត្តពោធិ៍សាត់ មាន​ផ្ទៃដី​ចំនួន ១​ម៉ឺន​២​ពាន់​ហិកតា កំពុង​ដាំ​ដុះ​លើ​ដំណាំ​ក្រូចពោធិ៍សាត់​៕ 
 
 







 រូបភាព​ពី​ហ្វេសប៊ុក​លោក ម៉ៅ ធនិន


Tag:
 កសិកម្ម​
  ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com