COVID-19
ជាតិ
COVID-19៖ ករណី១ទៀតនៅកម្ពុជាដែលជាស្ត្រីខ្មែរទើបមកពីអាមេរិក
23, May 2020 , 6:06 am        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាលនាព្រឹក​ថ្ងៃសៅរ៍ នេះ បាន​ប្រកាសពីការរកឃើញករណីឆ្លង COVID-19 មួយករណីទៀត ដោយអ្នកជំងឺជាស្ត្រីខ្មែរ​វ័យ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលទើប​វិលត្រឡប់ពីសហរដ្ឋអាមេរិក និងឆ្លងកាត់កូរ៉េខាងត្បូង ហើយមកដល់​កម្ពុជាតាំងពីថ្ងៃទី​៨ ខែឧសភា។



លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បាន​រៀបរាប់ក្នុងសេចក្តីជូនព័ត៌មានថា ស្ត្រី​ដែលជាករណីទី​១២៤នៅកម្ពុជានោះ បានទៅក្រុងញូវយ៉ក តាំងពីខែកុម្ភៈ ឆ្នាំ​២០២០ មក ហើយជាប់គាំងនៅទីនោះ មួយរយៈដោយសារតែការបិទជើងហោះហើរ។

«ពេលមក​ដល់​កម្ពុជា គាត់បាន​រស់នៅ​ដាច់ដោយឡែក ហើយទៅពិនិត្យសុខភាព និងធ្វើ​តេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែឧសភា ដោយសារគាត់មាន​បញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបាន​លទ្ធផលអវិជ្ជមាននាពេលនោះ។ គ្រូពេទ្យបានណែនាំ​ឲ្យគាត់បន្តធ្វើចត្តាឡីស័ក​១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា... ហើយថ្ងៃទី២២ ខែឧសភា គាត់ក៏ត្រូវក្រុមគ្រូពេទ្យយកវត្ថុសំណាក​វិភាគសារជាថ្មី ដែលទទួលបានលទ្ធផល​វិជ្ជមាន COVID-19»។ នេះបើតាម​ការបញ្ជាក់របស់អ្នកនាំពាក្យ។

កម្ពុជាមានអ្នកឆ្លង COVID-19 សរុប​១២៤នាក់ ដោយ១២២នាក់បានជាសះស្បើយ និងនៅសល់​ករណី២ថ្មី ដែលទើប​តែតេស្តឃើញក្រោយស្ងប់ស្ងាត់ជាង១ខែ។ កាលពីថ្ងៃទី២១ ក្រសួង​បានប្រកាសពីករណី​ទី១២៣ដែលជាបុរសខ្មែរម្នាក់នៅខេត្តកំពត ហើយមាន​ប្រវត្តិធ្វើដំណើរពីហ្វីលីពីន ដោយឆ្លងកាត់កូរ៉េខាងត្បូង មុន​មក​ដល់កម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com