ជាតិ
ខេត្តព្រះសីហនុ កែច្នៃឆ្នេរថ្មីមួយទៀតនៅពយជំទាវម៉ៅ ដើម្បីទាក់ទាញទេសចរ
× ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ កំពុងរៀបចំឈូសឆាយឆ្នេរថ្មីមួយបន្ថែមទៀត ទុកជាឆ្នេរសាធារណៈរបស់រដ្ឋ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា ឆ្នេរថ្មីនេះ មានទីតាំងស្ថិតតំបន់ពយជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ នៅមិនឆ្ងាយពីឆ្នេរអូរឈើទាលឡើយ។
ជាទីតាំងមានខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វេង និងមានដើមឈើដុះប្របគួរជាទីគយគន់ ឆ្នេរថ្មី នឹងក្លាយជាតំបន់ដ៏ទាក់ទាញមួយទៀតរបស់ខេត្តព្រះសីហនុ។ នេះបើតាម លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។
អ្នកនាំពាក្យដដែល បញ្ជាក់ថា កន្លងមកអាជ្ញាធរមិនបានរៀបចំតំបន់ឆ្នេរនេះ គឺដោយសារតែមិនមានហេដ្ឋារចនាសម្ព័ន្ធល្អ តែពេលនេះហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរៀបចំរួចហើយ ហើយការកែលម្អសោភណ្ឌភាពឆ្នេរថ្មីនេះ នឹងទាក់ទាញភ្ញៀវបានទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន។ ក្រៅពីអំពាវនាវឲ្យភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់ឆ្នេរថ្មី ពយជំទាវម៉ៅ លោក ឃាង ភារម្យ ក៏ស្នើឲ្យពួកគាត់ចូលរួមថែរក្សាបរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន នៅខេត្តព្រះសីហនុ មានឆ្នេរដូចជា ឆ្នេរអូរឈើទាល១, ឆ្នេរអូរឈើទាល២, ឆ្នេរអូរត្រេះ១, ឆ្នេរអូរត្រេះ២, ឆ្នេរឯករាជ្យ, ឆ្នេរសុខា, ឆ្នេររាម និងឆ្នេរលំហែកាយ៕
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ៖
© រក្សាសិទ្ធិដោយ thmeythmey.com