COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្មករ និងបុគ្គលិកដែលព្យួរការងារ កាន់តែប្រឈមនឹងបញ្ហាជីវភាព បើកូវីដ-១៩ បន្តអូសបន្លាយ
23, May 2020 , 8:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ស្ថានភាពជំងឺកូវីដ១៩កាន់តែអូសបន្លាយ កំពុងបង្កផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដោយធ្វើឲ្យមនុស្សរាប់លានបាត់បង់ការងារ ឬផ្អាកការងារបណ្តោះអាសន្ន។ ចំណែកកម្ពុជាក៏ដូចគ្នាដែរ មានកម្មករ និងបុគ្គលិករាប់ម៉ឺននាក់ ត្រូវបានផ្អាក ឬព្យួរការងារ ជាពិសេសវិស័យកាត់ដេរ និងវិស័យកម្សាន្ត។ បច្ចុប្បន្ន ពួកគេ កំពុងប្រឈមបញ្ហាជីវភាពយ៉ាងខ្លាំង បន្ទាប់ពីបាត់បង់ការងារដែលជាប្រភពចំណូល តែត្រូវចំណាយកាន់តែច្រើននៅក្នុងជីវភាពប្រចាំថ្ងៃ។



ជាបន្តសូមស្តាប់បទយកការណ៍ដែលរៀបចំដោយ លោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗដូចតទៅ៖ 
 
 
រោងចក្រកាត់ដេរ ចំនួន២៣៧ កំពុងព្យួរការងារ ហើយបានប៉ះពាល់ដល់កម្មករនិយោជិក ជិត១២ម៉ឺននាក់។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារដែលបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២១ ខែឧសភា។ តាមលោក ហេង សួរ តាមពិតរោងចក្រដែលបានព្យួរ និងកំពុងព្យួរការងារនៅកម្ពុជា មានទាំងអស់ ៣៣០រោងកច្រ ប៉ុន្តែមានរោងចក្រជាង១០០ បានដំណើរការឡើងវិញ។ 
 
ការព្យួរការងាររបស់រោងចក្រជាបន្តបន្ទាប់នេះ ដោយសារតែប្រទេសជាច្រើននៅអឺរ៉ុប និងអាមេរិក ដែលជាអ្នកបញ្ជាទិញសំខាន់ជាងគេ បានផ្អាកការបញ្ជាទិញបណ្តោះអាសន្នដោយសារតែប្រទេសទាំងនោះកំពុងមានការរីករាលដាលនៃវីរុសកូរូណា ឬជំងឺកូវីដ១៩។ 
 
យ៉ាងណាក៏ដោយ រដ្ឋាភិបាល និងនិយោជក បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលព្យួរការងារក្នុងមួយខែ៧០ដុល្លារ ដើម្បីជួយសម្រាលបន្ទុករបស់កម្មករបានខ្លះ។ ទោះបីទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារពីភាគីនិយោគ និងរដ្ឋាភិបាលមែន តែកម្មករក្នុងវិស័យកាត់ដេរ នៅតែជួបប្រទះបញ្ហាជីវភាពខ្លាំង ព្រោះបាត់បង់ចំណូលប្រចាំថ្ងៃជាងពាក់កណ្តាល។ 

 
លោក ផុន សុខដំ អាយុ២៥ឆ្នាំកម្មករនៅរោងចក្រមួយនៅឃុំលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដែលត្រូវបានព្យួរការងារជាង២ខែមកហើយ បានឲ្យដឹងថា បច្ចុប្បន្ន លោកស្នាក់នៅផ្ទះដោយមិនទាន់រកការងារថ្មីនៅឡើយ។ ការបាត់បង់ការងារដែលជាប្រភពចំណូលប្រចាំថ្ងៃ បានធ្វើឲ្យសុខដំដែលមានកូនតូចផង កំពុងជួបការលំបាកជាច្រើន ដូចជា គ្មានលុយសងធនាគារ និងកង្វះថវិកាទិញទឹកដោះគោឲ្យកូន។
 
លោករៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ យ៉ាងដូច្នេះថា៖ «បញ្ហាដែរហ្នឹង ណាមួយយើងត្រូវចំណាយច្រើន មានកូនតូចផង។ ត្រូវចំណាយលើទឹកដោះគោឲ្យកូនតូច។ គាត់មានអាយុ២ខួបកន្លះហើយ តែគាត់ញ៉ាំទឹកដោះគោកញ្ចប់ មួយថ្ងៃ៨កញ្ចប់ មួយកញ្ចប់មួយពាន់ តែឥឡូវឡើងថ្លៃទៀត មួយកេសឡើងជាង៤ម៉ឺនរៀល»។ 
 
ដូចគ្នាដែរ លោក កែវ ពិសែន ជាកម្មករកាត់ដេរម្នាក់នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដែលត្រូវបានព្យួរការងារដែរនោះ បានប្រាប់សារព័ត៌មានថ្មីៗថា ប្រាក់ឧបត្ថម្ភ៧០ដុល្លារនេះ មិនអាចទ្រទ្រង់ការចំណាយរបស់លោកបានឡើយ។ ហេតុនេះ ទើបលោកសម្រេចចិត្តមករកការងារសំណង់នៅភ្នំពេញ ដើម្បីរកលុយសងបំណុលធនាគារ និងទ្រទ្រង់ជីវភាព។ 


លោក កែវ ពិសែន អតីតកម្មកររោងចក្រកាត់ដេរមួយនៅខេត្តកំពង់ឆ្នាំង
 
មានអាយុ២៣ឆ្នាំ ពិសែន រៀបរាប់ថា៖ «លុយដែលគេឲ្យមក អត់គ្រប់ទេ បើសិនជាអត់ការងារក្រៅធ្វើ។ បានអីគ្រប់ លុយប៉ុណ្ណឹង ធ្លាប់មួយខែបើកបានជាង២០០ដុល្លារ តែឥឡូវបានមិនដល់ពាក់កណ្តាលផង យើងផ្គត់ផ្គង់ម៉េចរួច បើយើងជំពាក់គេច្រើនដែរ។ វាពិបាកដែរ ព្រោះពីមុន យើងធ្លាប់ធ្វើការនៅរោងចក្រ ដឹងតែដល់ថ្ងៃបើកលុយ បានបើកលុយមក សងគេ បង់រដ្ឋ(ធនាគារ)អ៊ីចឹងទៅ។ ដល់ពេលយើងអត់ការងារ គេព្យួរការងារចឹង ដើររកការងារទម្រាំបានធ្វើ ហើយនៅធ្វើការសំណង់ ប្រាក់ខែក៏ពិបាកបើក ព្រោះមិនទៀងដូចរោងចក្រទេ។ រោងចក្រគេបើកទៀងទាត់ តែការងារសំណង់មិនដឹងបើកថ្ងៃណាថ្ងៃណី ហើយយើងជំពាក់គេ»។ 
 
តាមពិតទៅ ដំបូងឡើយ រដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ ដែលព្យួរការងារចំនួន៦០ភាគរយ នៃប្រាក់ខែគោលរបស់ពួកគេ។ ក្នុងនោះរដ្ឋាភិបាលចំណាយ២០ភាគរយ ចំណែកភាគីរោងចក្រចំណាយ៤០ភាគរយ តែដោយសារភាគីរោងចក្រ ប្រកាសថាគ្មានលទ្ធភាពនោះ រដ្ឋាភិបាលក៏សម្រេចបន្ថយប្រាក់ឧបត្ថម្ភពី ៦០ភាគរយ មក៧០ដុល្លារវិញ ដោយរដ្ឋាភិបាលចេញ៤០ដុល្លារ ឯភាគីថៅកែរោងចក្រចេញ៣០ដុល្លារ។ 
 
ទាក់ទងនឹងការព្យួរការងារកម្មករនេះ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានអះអាងថា ប្រាក់ឧបត្ថម្ភ៧០ដុល្លារនេះ មិនអាចឆ្លើយតបនឹងការចំណាយក្នុងគ្រួសារបស់គាត់បាននោះទេ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖‍«សម្រាប់ខ្ញុំ ខ្ញុំគិតថា សូម្បីតែប្រាក់ខែគោលគាត់ពេញ១៩០ដុល្លារ ក៏មិនអាចធ្វើឲ្យជីវភាពគាត់រុងរឿងអីបានដែរ មានន័យថា គាត់ធ្វើការមួយខែ សម្រាប់ចំណាយតែមួយខែ ក៏មិនគ្រប់ផង។ អ៊ីចឹងទម្រាំតែស្ថានភាពកូវីដនេះ ប្រាក់ឈ្នួលគាត់ត្រូវបានផ្តល់ដោយរដ្ឋាភិបាល និងនិយោជកមិនបាន៤០ភាគរយនៃប្រាក់ខែគោលរបស់គាត់ តើធ្វើម៉េចឲ្យគាត់ឆ្លើយតបនឹងការចំណាយរបស់គ្រួសារបាន បើស្ថានភាពកូវីដនេះ ទំនិញក្នុងទីផ្សារផ្សេងៗត្រូវបានឡើងថ្លៃ។ អ៊ីចឹងគាត់មិនអាចដោះស្រាយជីវភាពគ្រួសារគាត់បាននោះទេ ប៉ុន្តែយើងមិនមានជម្រើសអ្វីផ្សេងទេ មានតែឯកភាពទទួលយក»។ 
 


 
បើតាមប្រធានសហជីពចលនាកម្មកររូបនេះ បច្ចុប្បន្នកម្មករ ដែលជាសមាជិករបស់លោក មានប្រមាណ៦ម៉ឺននាក់ ក្នុងនោះជាង១ម៉ឺននាក់ ត្រូវបានព្យួរការងារ។ លោកបន្ថែមថា ពួកគេកំពុងតែប្រឈមមុខបញ្ហាជីវភាពខ្លាំង ព្រោះកម្មករម្នាក់ មិនមែនធ្វើការសម្រាប់តែខ្លួនឯងនោះទេ តែពួកគេមានកូន និងចាស់ជរា ដែលត្រូវចិញ្ចឹម។ ក្រៅពីនេះ កម្មករភាគច្រើនមានបំណុលធនាគារ។
 
ទាក់ទងនឹងប្រាក់ឧបត្ថម្ភនេះដែរ លោក កាំង ម៉ូនីកា អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ធ្លាប់មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា បើតាមគោលការណ៍ច្បាប់ ក្នុងកាលៈទេសៈបែបនេះ និយោជកមិនមានកាតព្វកិច្ចបង់ប្រាក់ឈ្នួលឲ្យកម្មករនោះទេ តែនេះជាការគិតគូររបស់និយោជក ចំពោះជីវភាពកម្មកររបស់ខ្លួន។ 
 
លោកពន្យល់យ៉ាងដូច្នេះថា៖ «តាមពិត បើសិនជាតាមគោលការណ៍ច្បាប់វិញ គឺក្នុងលក្ខណៈប្រធានស័កបែបនេះ និយោជកមិនមានកាតព្វកិច្ច បង់ប្រាក់ឈ្នួលទៅឲ្យកម្មករនិយោជិកទេ តែអាហ្នឹងជាការគិតគូរបន្ថែមពីភាគីនិយោជក»។ 
 
ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទអាជីវកម្មជាច្រើន រួមមាន សាលារៀន ខារ៉ាអូខេ ក្លិបកម្សាន្ត ហាងម៉ាស្សា និងក្លិបហាត់ប្រាណជាដើម។ ទន្ទឹមគ្នានេះ បុគ្គលិក និងកម្មករនៅក្នុងវិស័យទាំងនេះ ក៏ត្រូវម្ចាស់អាជីវកម្មបញ្ឈប់ ឬព្យួរការងារ ដែលធ្វើពួកគេ កំពុងជួបប្រទះបញ្ហាជីវភាពជាខ្លាំង ដ្បិតពួកគេមិនទទួលបានប្រាក់ឧបត្ថម្ភ ដូចកម្មករក្នុងវិស័យកាត់ដេរនោះឡើយ។
 
នារីបម្រើការងារក្នុងហាងខារ៉ាអូខេមួយ ក្នុងក្រុងភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នាងក៏ប្រឈមបញ្ហាជីវភាពខ្លះដែរ បន្ទាប់ពីរដ្ឋាភិបាលបានបិទខារ៉ាអូខេមក។ 
 
នាងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «ប្រហែលជាប៉ះពាល់ខ្លះដែរ គ្រាន់យើងនិងគេវាខុសគ្នាចឹងទៅ។ គ្រាន់តែមានរឿងកូវីដហ្នឹងភ្លាម រឿងលុយកាក់ រៀងវេទនាតិច តែប៉ុណ្ណឹងឯង»។ 
 
បច្ចុប្បន្ន នាងកំពុងរស់នៅជាមួយបងប្អូននៅក្រុងភ្នំពេញ ដោយមិនទាន់រកការងារអ្វីជាដុំកំភួននោះ តែនាងបានងាកមកលក់ផលិតគ្រឿងសំអាងនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយរកបានប្រាក់បន្តិចបន្តួចដែរ ដើម្បីដោះស្រាយជីវភាព ទម្រាំស្ថានភាពកូវីដធូរស្រាលឡើងវិញ។  
 
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) បានប្រាប់សារព័ត៌មានថ្មីៗថា បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចបិទអាជីវកម្មក្នុងសេវាកម្មកម្សាន្ត ចាប់ពីពាក់កណ្តាលខែមីនាមក មានកម្មករ និងបុគ្គលិកប្រមាណ៨ម៉ឺននាក់នៅទូទាំងប្រទេស រងផលប៉ះពាល់។ អ្នកស្រីបន្តថា អ្នកដែលរងផលប៉ះពាល់ខ្លាំងនោះ មានកម្មករ និងបុគ្គលិកធ្វើការ នៅហាងខារ៉ាអូខេ ក្លិបកម្សាន្ត និងហាងម៉ាស្សា  ដែលមានសរុបជាង៣ម៉ឺននាក់។ 
 
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ៖«មានខារ៉ាអូខេ មានម៉ាស្សា មានក្លិបផងដែរ ដែលបានបិទ។ ម៉ាស្សាហ្នឹង មិនមែនមានតែនៅភ្នំពេញនោះទេ នៅសៀមរាប ក៏មានច្រើនដែរដែលបិទ ព្រោះគាត់អាស្រ័យលើភ្ញៀវទេសចរ។ បើគិតពីកម្មករ និងបុគ្គលិកខារ៉ាអូខេ ម៉ាស្សា និងក្លិប មាន៣២ ០០០នាក់។ នេះបើតាមការសិក្សារបស់ UNAIDS»។ 
 
បើតាមអ្នកស្រី អ៊ូ ទេពផល្លីន បច្ចុប្បន្ន ពួកគេខ្លះកំពុងប្រឈមបញ្ហាជាច្រើន ដូចជា គ្មានលុយឲ្យបន្ទប់ជួល មើលជំងឺ សងបំណុល និងការចំណាយប្រចាំថ្ងៃសម្រាប់ខ្លួនពួកគេផ្ទាល់ និងគ្រួសាររបស់ពួកគេ។ អ្នកស្រីស្នើឲ្យរដ្ឋាភិបាល ជួយគិតគូរពីជីវភាពកម្មករ និងបុគ្គលិកសេវាកម្មកម្សាន្តផង ដូចជា ផ្តល់ការព្យាបាលនៅតាមមន្ទីរពេទ្យដោយមិនគិតថ្លៃ និងជំនួយផ្សេងៗទៀត តាមលទ្ធភាពរបស់រដ្ឋ៕  

Tag:
 កម្មករ
 ខារ៉ាអូខេ
 Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com