ONE Championship
កីឡាជាតិ
ជាតិ
Christian Lee រំពឹងថា​នឹង​ផ្ដល់​មេរៀន​ឲ្យ Iuri Lapicus ព្រម​ចុះចាញ់​ឲ្យ​បាន​លឿន​
24, May 2020 , 9:43 am        
រូបភាព
 អត្ថបទ​៖ ស៊ី​ធី​

​ក្នុងការ​ប្រកួត​បន្ទាប់ Christian Lee ឬ ឈ្មោះ​ក្រៅ “The Warrior” ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion  នឹង​ឈាន​ជើង​ចូល​សង្វៀន​ជាថ្មី​ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ទល់នឹង​កីឡាករ​ជើង​ខ្លាំង​បំផុត​មួយ​ក្នុង​ទម្ងន់​នេះ Iuri Lapicus​។



 
 
​រហូតដល់​ពេលនេះ Lapicus ធ្វើ​បានល្អ​បំផុត​នៅក្នុង​អាជីព​ក្បាច់គុន​ចម្រុះ​របស់ខ្លួន​។ បុរស​វ័យ ២៤​ឆ្នាំ​សញ្ជាតិ​ម៉ុ​ល​ដូ​វ៉ា មកពី​ក្លិប Team Petrosyan បាន​កាន់​កំណត់ត្រា​ល្អឥតខ្ចោះ​ពោល ឈ្នះ ១៤ ដង និង មិនដែល​ចាញ់​សោះ ហើយ​រូបគេ​បានបញ្ចប់​គ្រប់​កីឡាករ​ពេល​ប្រឈមមុខ​ដាក់ខ្លួន​នៅលើ​សង្វៀន​។ 
 
​កាល​ខែ ឧសភា ឆ្នាំ​២០១៩ រូបគេ​បានបញ្ចប់​វីរបុរស​គុន​ចម្រុះ​របស់​ថៃ Shannon “OneShin” Wiratchai ដោយ​ក្បាច់​ឃ្លេ​កនា​ទឹក​ទី​៣ ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​។  ក្រោយមកទៀត​កីឡាករ​ដដែល​នេះ​បាន​ផ្ដួល​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Marat “Cobra” Gafurov ដោយ​ការ​ម៉ាត់​ចំ​គុម្ព​ថ្គាម ត្រឹមតែ ៦៧ វិនាទី​ប៉ុណ្ណោះ​កាល​ខែកុម្ភៈ កន្លងទៅ​។ 
 
Lee បាន​សរសើរ​ចំពោះ​ការប្រកួត​របស់​កីឡាករ​សញ្ជាតិ​ម៉ុ​ល​ដូ​វ៉ា និង ការឡើង​មកកាន់​ទម្ងន់ lightweight​។ កូនកាត់​សិង្ហ​បុរី​-​អាមេរិក មកពី​ក្លិប Evolve និង United MMA រូបនេះ​បាន​ថ្លែងថា ៖«​ការចាប់អារម្មណ៍​រប​ស់​ខ្ញុំ​គឺថា Iuri Lapicus ពិតជា​កីឡាករ​គ្រោះថ្នាក់​បំផុត និង​ជា​កីឡាករ​វ័យក្មេង​ដែល​ស្រេកឃ្លាន​ជ័យជម្នះ​។ គេ​មិនទាន់​ចាញ់​សោះ​ក្នុង​អាជីព ហើយ​ខ្ញុំ​ដឹងថា​គេ​បញ្ចប់ Gafurov បានល្អ​មែនទែន​»​។​
 
Lee គូសបញ្ជាក់​ទៀតថា ៖«​ទំនុកចិត្ត​របស់គេ​កាន់តែ​ខ្ពស់​ឡើង​នាពេលនេះ​។ គេ​ច្បាស់​ជាមាន​អារម្មណ៍ល្អ​បំផុត​ក្នុង​អាជីព​ដែល​មិន​ដែលមាន​ពីមុន​។ ហើយ​កាន់តែ​ល្អ​បំផុត​របស់គេ គឺ ត្រូវ​ឡើង​សង្វៀន​ជួប​ខ្ញុំ​សិន​»​។ 
 
Lapicus មិន​ត្រឹមតែ​ជា​កីឡាករ​ដ៏​មាន​ទំនុកចិត្ត​នាពេល​កន្លងទៅ ប៉ុន្តែ ឆ្នាំ ២០១៩ ក៏​ជា​ឆ្នាំ​ល្អ​បំផុត​មួយ​របស់ “The Warrior” ដែរ​។ 


 
​កាល​ខែ មករា ឆ្នាំ​២០១៩ កន្លងទៅ គេ​ប្រកួត​ក្នុង​ទម្ងន់ featherweight ប៉ុន្តែ​ចាញ់ Edward “The Ferocious” Kelly ដោយ​ត្រូវ​សន្លប់​ត្រឹម​ទឹក​ទី​១​។ រយៈពេល ៤ ខែ​បន្ទាប់ តារា​គុន​ចម្រុះ​ដដែល​នេះ​បាន​រំកិល​ទម្ងន់​ឡើងលើ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Lightweight World Champion ពី​កីឡាករ​ជប៉ុន Shinya “Tobikan Judan” Aoki​។ វីរបុរស​ជប៉ុន​បាន​គាប​ដៃ​ជាប់​នៅ​ទឹក​ទី​១ ប៉ុន្តែ Lee អាច​រើ​បម្រាស់ និង ផ្ដួល​គូប្រជែង​ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​ដើម្បី​គ្រង​ខ្សែក្រវាត់​នោះ​។ 
 
Lee បាន​គ្រង​ខ្សែក្រវាត់ ONE Lightweight World Grand Prix Championship មួយ​ផ្សេងទៀត ក្រោយ​ឈ្នះ Saygid “Dagi” Guseyn Arslanaliev នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​កាល​ខែតុលា ឆ្នាំមុន​។ 
 
​មិន​ត្រឹមតែ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​លំដាប់​ពិភពលោក ប៉ុន្តែ Lee ក៏មាន​ស្មារតី​រឹងមាំ​សម្រាប់​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ដែរ​។ ម្ចាស់​ខ្សែក្រវាត់​ពីររូប​នេះ ពន្យល់ថា ៖ «​ពេល​ខ្ញុំ​ប្រកួត​ទម្ងន់ featherweight ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ម្ចាស់​ខ្សែក្រវាត់​អីចឹង​។ ពេល​រំកិល​ឡើងមក​ទម្ងន់ lightweight ក៏​នៅតែមាន​អារម្មណ៍​បែប​ហ្នឹង​។ នេះ​ជា​ផ្នត់គំនិត​ទូទៅ​ដែល​ខ្ញុំ​ដាក់​ជាប់​ខ្លួន​ទោះ​ពេល​ហ្វឹកហាត់​ក៏ដោយ​។ ទោះ​ហាត់ និង ឡើង​ប្រកួត គឺ​ផ្នត់គំនិត​ខ្ញុំ​នៅ​ដដែល​។ លទ្ធផល​ពីរ​ដ៏​សំខាន់​កន្លងមក​បាន​ដោយសារតែ​ខ្ញុំ​ហ្វឹកហាត់​ខ្លាំងក្លា​សម្រាប់​ការប្រកួត​»​។ 
 
Lapicus ជា​មនុស្ស​ម្នាក់​ដែល​នឹង​ព្យាយាម​ដើម្បី​ផ្ដួល Lee ដោយ​ប្រើ​ទាំង​ជំនាញ​ប្រយុទ្ធ និង ក្បាច់​ចាប់​ដ៏​ចំណាន​។ យ៉ាងណាក្ដី Lee នៅ​ជឿ​លើ​ភាព​អំណត់​របស់ខ្លួន , ក្បាច់គុន​ខ្លួន និង បទពិសោធន៍​ក្នុងនាម​ជា​ម្ចាស់​ខ្សែក្រវាត់​ដែល នឹងធ្វើ​ឲ្យ​ខុសប្លែក​ក្នុងការ​ប្រកួត​។ «​ខ្ញុំ​ជឿជាក់ថា គេ​នឹង​ហាត់​ទ្វេដង និង មាន​ឆន្ទៈ​ខ្ពស់​មុន​ជួប​ខ្ញុំ​។ ខ្ញុំ​ក៏មាន​អារម្មណ៍​ត្រូវ​ប្រយ័ត្ន​គ្រប់​ចំណុច​ទាំងអស់​ពេល​ប្រកួត​។ ខ្ញុំ​មិន​គិតថា​គេ​អាច​ប្រកួត​បាន ៥ ទឹក​នោះឡើយ​ជាមួយ​ខ្ញុំ​»​។  Lee សារភាព​បែបនេះ​។ 
 
Lee  រំលឹក​ទៀតថា ៖«​ជ័យជម្នះ​ភាគច្រើន​របស់គេ គឺ​បញ្ចប់​គូប្រកួត​នៅ​ទឹក​ទី​១​។ ដូច្នេះ គេ​មិនអាច​ទ្រាំ​បានយូរ​ទេ​។ គេ​សុំា​នឹង​ការ​ឈ្នះ​លឿន​លើ​គូប្រជែង​។ ដូច្នេះ​ខ្ញុំ​គឺជា​ការ​តេស្ត​សមត្ថភាព​ដ៏​ធំ​មួយ និង គូប្រជែង​តឹងតែង​បំផុត​សម្រាប់​រូបគេ​»​។ 
 
Lee សង្កត់ធ្ងន់​ទៀត​បែបនេះ ៖«​ខ្ញុំ​មានសំណាង​ហ្វឹកហាត់​ជាមួយ​គ្រូ​យូ​ដូ​ជាច្រើន និង គ្រូ kickboxing ផង​។ ហើយ​ខ្ញុំ​ក៏​គិតថា​គេ​អាច​ផ្ដល់​គ្រោះថ្នាក់​ក្នុង​ក្បាច់គុន​ទាំង​នេះដែរ​។ ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀម​រួចហើយ​»​។ 
 
​យ៉ាងណាក្ដី “The Warrior” នៅតែ​គិតថា​ខ្លួន​មានប្រៀប​លើ​ការប្រកួត​៥​ទឹក​។ ម្ចាស់​ខ្សែក្រវាត់ lightweight ក៏ត្រូវ​ហ្វឹកហាត់​ឲ្យ​កាន់តែ​ល្អ​ក្នុង​ការបញ្ចប់​ដៃគូ​ឲ្យ​បាន​លឿន​ព្រោះ​ជា​គោលដៅ​ការពារ​ខ្សែក្រវាត់ World Title ។ ម្ចាស់​ខ្សែក្រវាត់​ពីរ​តាំងចិត្ត​ថា ៖«​ខ្ញុំ​មិន​និយាយ​អ្វី​ច្រើនពេក​ទេ​។ ហើយក៏​មិន​ឲ្យ​ខ្សែក្រវាត់​របូត​ដែរ​។ ប៉ុន្តែ​គោលដៅ​សំខាន់​គឺ​បញ្ចប់​ការប្រកួត​ត្រឹម​ទឹក​ទី​១»៕



© រក្សាសិទ្ធិដោយ thmeythmey.com