ភ្នំពេញ៖ស្របពេលដែលផលិតផលទំនើប មានលក់នៅលើទីផ្សារនោះ គេតែងតែសង្កេតឃើញម្ចាស់អាជីវកម្មសុទ្ធតែអួតអាងពីគុណភាពផលិតផលខ្លួនថា មានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ។ ដូច្នេះតើផលិតផលដែលមានម៉ាកយីហោសុទ្ធតែមានគុណភាពឬយ៉ាងណា?
ដើម្បីជ្រាបព័ត៌មានបន្ថែមសូមលោកអ្នកនាង តាមដានបទសម្ភាសរវាងអ្នកនាង ស៊ែម ម៉ូនីតា អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗជាមួយ ឯកឧត្តម ឧត្តមសេនីយ៏ឯក លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដូចតទៅ៖
អ្នកនាង ស៊ែម ម៉ូនីតា៖តើផលិតផលមួយដែលអាចដាក់លក់នៅលើទីផ្សារដោយស្របច្បាប់បានគឺត្រូវមានអ្វីខ្លះ?
លោក លីវ សុផាណារិទ្ធិ៖យើងសម្គាល់បានដោយខ្លួនឯងដូចជាគ្រឿងឧបភោគបរិភោគជាដើមយើងមើលឃើញមានចុះបញ្ជីការ លេខប្រវេតន៍ ឬក៏ ច.ប.ផ(ច.ប.ផ គឺមានន័យថា ផលិតផលនោះត្រូវបាន ផលិតក្នុងប្រទេស រឺ ត្រូវបាននាំចូលមានបញ្ជីការត្រឹមត្រូវ)។ ដោយឡែកចំពោះឱសថឬក៏គ្រឿងសំអាង ក៏មានលេខប្រវេតន៍ដូចគ្នា មានន័យថាបានឆ្លងកាត់ការត្រួតពិនិត្យពីមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលត្រឹមត្រូវហើយក្រសួងអនុញ្ញាតឱ្យធ្វើទីផ្សារដែលមានលេខប្រវេតន៍ពីក្រសួងសុខាភិបាល។ ចំណែកឯខាងក្រសួងពាណិជ្ជកម្មគឺទទួលចុះបញ្ជីម៉ាកនិងផលិតផល។
អ្នកនាង ស៊ែម ម៉ូនីតា៖ចុះប្រសិនបើផលិតផលមួយម្ចាស់អាជីវកម្មមានចុះបញ្ជីការត្រឹមត្រូវរួចរាល់ហើយ តែរយៈពេលក្រោយមកម្ចាស់ផលិតផលបានដូរគុណភាព ដោយបន្ថយឬប្ដូរគុណភាពវិញ តើខាងគណៈកម្មាធិការមានយន្តការបែបណាដែរ?
លោក លីវ សុផាណារិទ្ធិ៖បាទ!តាមកម្មវិធីត្រួតពិនិត្យគុណភាពរាល់ផលិតផលដូចជាគ្រឿងឧបភោគបរិភោគជាដើមគឺរយៈពេល៣ខែម្ដង គឺត្រូវមានការបញ្ចូនទៅមន្ទីរពិសោធន៍ដើម្បីត្រួតពិនិត្យគុណភាព។ នេះជាយន្តការមួយដើម្បីគ្រប់គ្រងគុណភាពអោយមាននិរន្តភាពក្នុងការរក្សាគុណភាពនេះ។ហើយប្រសិនម្ចាស់អាជីវកម្មមិនអនុលោមតាមកម្មវិធីនេះ វាអាចជាបទល្មើសមួយដែលគាត់ព្យាយាមក្លែងបន្លំឬក៏ធ្វើឱ្យខុសពីរូបមន្តដែលគាត់បានចុះបញ្ជី។កិច្ចការនេះគឺ ក្រសួងឧស្សាហ៍កម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអ្នកធ្វើការដោយតម្រូវឱ្យគ្រប់ក្រុមហ៊ុន ផលិតក្នុងប្រទេស ឬនាំចូលផ្ញើរសំណាកយកមកត្រួតពិនិត្យ ស្របពេលជាមួយគ្នានោះក៏ដូចជាសមត្ថកិច្ចកាំកុងត្រូល និង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ធ្វើការត្រួតពិនិត្យរាល់ទំនិញនៅតាមទីផ្សារដែរ ដើម្បីបញ្ចូនទៅមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព ។ ឯក្រសួងសុខាភិបាល ក៏មានយន្តការមួយចំនួន ក្នុងការទិញសំណាកឱសថ និង គ្រឿងសំអាង ជារឿយៗ ក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ជាមួយគុណភាព ដែលក្រុមហ៊ុនបានសុំការអនុញ្ញាតពីក្រសួង ។
អ្នកនាង ស៊ែម ម៉ូនីតា៖ដូច្នេះផលិតផលដែលគេនាំចូលឬបង្កើតម៉ាកBrand(ម៉ាកទំនើប) មួយដែលមានចុះបញ្ជីការត្រឹមត្រូវមិនប្រាកដថានិងមានគុណរហូតមួយរយភាគរយមែនដែរទេ?
លោក លីវ សុផាណារិទ្ធិ៖ត្រង់នេះជាទូទៅការបង្កើតប្រ៊ែន(Brand)មួយឬផលិតផលក្នុងនោះរូបមន្តត្រូវមានស្ដង់ដារ បើឆ្នាំនេះស្ដង់ដារផ្សេង ឆ្នាំក្រោយស្តង់ដារផ្សេងទៀត ដោយមិនមានសុំការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចទេនោះ វាគឺជាការប្រព្រឹត្តបទល្មើសមួយខុសពីអ្វីដែលគាត់បានចុះបញ្ជី ដែលជាហានិភ័យប៉ះពាល់ដល់អ្នកប្រើប្រាស់ ដែលទទួលបានគុណភាពមិនដូចពួកគាត់រំពឹងទុក ហើយទាំងនេះគឺជាចេតនាក្នុងការក្លែងបន្លំក្នុងការធ្វើពាណិជ្ជកម្ម ។
អ្នកនាង ស៊ែម ម៉ូនីតា៖តើអ្នកដែលចរាចរផលិតផលអន់គុណភាពឬក្លែងក្លាយមានទោសទណ្ឌយ៉ាងដូចម្ដេចដែរ?
លោក លីវ សុផាណារិទ្ធិ៖ តាមមាត្រា ៦៣ និង ៦៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា សម្រាប់ទោសទណ្ឌ កំរិតស្រាលមានផាកពិន័យពីប៉ុន្មាន ៥ លានរៀលទៅ ១០ លានរៀល និងរឹបអូលផលិតផលទាំងនោះ ឬក៏អាចជាប់ពន្ធនាគារ រួមទាំងទោសព្រហ្មទណ្ឌ ប្រសិនមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬដល់អាយុជីវិតអ្នកប្រើប្រាស់ ។ ចំពោះច្បាប់នៃការគ្រប់គ្រងឱសថវិញសណ្ឋានទោសធ្ងន់អាចទទួលការផាកពិន័យ ២០ លានរៀល ដល់ ៥០ លានរៀល ឬ ផ្តន្ទាទោស រយៈពេល ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ប្រសិនឱសថក្លែងក្លាយទាំងនោះមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬដល់អាយុជីវិតអ្នកប្រើប្រាស់។
អ្នកនាងស៊ែម ម៉ូនីតា៖ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ប្រើយូរទៅសង្កេតឃើញថាប្លែកគុណភាពមិនដូចមុន គឺអាចទាក់ទងទៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយអោយជួយត្រួតពិនិត្យបន្ថែមទៀតមែនឬទេ?
លោក លីវ សុផាណារិទ្ធិ៖បាទ!ខាងយើងស្វាគម៍ជានិច្ចរាល់ការរាយការណ៍ពីគ្រប់ករណីទាំងអស់ដែលប្រជាពលរដ្ឋក៏ដូចជា អ្នកប្រើប្រាស់គាត់សង្ស័យថាផលិតផលដែលគាត់កំពុងប្រើមានការប្រែប្រួលមិនប្រក្រតីសូមរាយការណ៍ មកគណៈកម្មាធិការ យើងនឹងចាត់វិធានការហើយនិងអនុវត្តឱ្យបានម៉ឺងមាត់បំផុត ហើយរាល់ការរាយការណ៍យើងចាត់ទុកជាការសម្ងាត់ជូន។
អ្នកនាង ស៊ែម ម៉ូនីតា៖សម្រាប់លេខប្រវេតន៍ បើគាត់មានការចុះបញ្ជីការត្រឹមត្រូវ តែមិនបានបិតសញ្ញាសម្គាល់នោះក៏ខុសច្បាប់ដែរមែនទេ?
លោក លីវ សុផាណារិទ្ធិ៖បាទ!គឺខុសច្បាប់។រាល់ទំនិញឬផលិតផលគ្រឿងឧបភោគបរិភោគ នៅលើការវេចខ្ចប់យើងឃើញមានដាក់ពាក្យ ច.ប.ផ ឬសញ្ញា ស៊ីអេស(ស្ដង់ដារ)។ដោយឡែកសម្រាប់ឱសថគឺមានលេខបញ្ជិកាឱសថ គ្រឿងសំអាងមានលេខបញ្ជិកាគ្រឿងសំអាង យើងអាចពិនិត្យនិងឃើញមានពីរសណ្ឋានគឺ៖មួយគឺការបិតលេខបញ្ជិកានៅលើនឹងដែលចេញដោយក្រសួងសុខាភិបាល ឬបើគេនាំចូលទ្រង់ទ្រាយធំគេមានបោះពុម្ពលើការវេចខ្ចប់នោះតែម្ដង ។
អ្នកនាង ស៊ែម ម៉ូនីតា៖ដូច្នេះតើប្រជាពលរដ្ឋគួរចូលរួមសហការយ៉ាងខ្លះណាជាមួយគណៈកម្មាធិការទើបមានប្រសិទ្ធភាព?
លោក លីវ សុផាណារិទ្ធិ៖បាទ!សព្វថ្ងៃមានផលិតផលច្រើនណាស់លក់នៅលើទីផ្សារមានទាំងទំនិញ គ្រឿងបរិភោគ ឱសថ គ្រឿងសំអាង ដូចខ្ញុំធ្លាប់លើកឡើងថាមន្ត្រីអនុវត្តច្បាប់ពេលខ្លះមិនអាចដឹងពីផលិតផលបានគ្រប់ផលិតផលនោះទេព្រោះផលិតផលនីមួយៗ មានរាប់ពាន់ រាប់ម៉ឺនប្រភេទ សូម្បីតែការវេចខ្ចប់មួយចំនួន ក៏មានការប្រែប្រួល ពីមួយឆ្នាំទៅមួយឆ្នាំដែរ ដូច្នេះត្រូវឱ្យខាងក្រុមហ៊ុន និងសហគ្រិន ត្រូវសហការបញ្ជូនសំណាកមកក្រសួងស្ថាប័នគ្រប់គ្រងគុណភាពឱ្យបានដឹងផង ដើម្បីធ្វើបច្ចុប្បន្នភាព។ហើយប្រជាពលរដ្ឋមុនប្រើប្រាស់ត្រូវត្រួតពិនិត្យឱ្យបានច្បាស់ទៅលើលេខបញ្ជិការ ច.ប.ផ ក៏ដូច សញ្ញា CS និងសុពុលភាពនៃការប្រើប្រាស់កុំឱ្យហួសកំណត់ អាស័យដ្ឋាន និង លេខទូរសព្ទច្បាស់លាស់របស់ក្រុមហ៊ុន ក៏ដូចជារោងចក្រផលិត ហើយប្រសិនបើនៅមានចំនុចផ្សេងទៀតគួរឱ្យសង្ស័យនោះ អាចធ្វើការទំនាក់ទំនងមកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបាន។
សូមពិនិត្យលើស្លាកសញ្ញាខាងក្រោយ៖