ជាតិ
សង្គមជាតិ
សមាគម​អភិរក្ស​ដំរី​ខ្មែរ​បន្ត​ស៊ើបអង្កេត​ករណី​ស្លាប់​របស់​«​បាក់​ម៉ៃ​» ហើយ​គ្រោង​យក​ឆ្អឹង​ផ្គុំ​ជា​សំណាក​
24, May 2020 , 3:50 pm        
រូបភាព
ដំរី«បាក់ម៉ៃ» និង​អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា
ដំរី«បាក់ម៉ៃ» និង​អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា
ដោយ:
​ភ្នំពេញ​៖ ទាក់ទង​នឹង​ដំរី​«​បាក់​ម៉ៃ​»​ស្លាប់​ដោយសារ​ជំងឺ កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​នៅតែ​មិនទាន់​អស់ចិត្ត​ឡើយ ដោយ​សមាគម​បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​ការស្លាប់​របស់​ដំរី​នោះ​។ ក្រោយ​បញ្ចុះសព​ដំរី​នោះ​រួចរាល់ សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា គ្រោង​នឹង​យក​ឆ្អឹង​ដំរី​នោះមក​ផ្គុំ​ជា​សំណាក​រូប​ដំរី​សម្រាប់​តាំង​បង្ហាញ​នៅ​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ទៀតផង​។


 
​អ្នកស្រី ខៃ ចិន្តា សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា នៅតែ​សង្ស័យថា ការបាត់​បង់ជីវិតរ​បស់​ដំរី​«​បាក់​ម៉ៃ​» មិនមែន​មកពី​ជំងឺ​នោះទេ​។ ថ្លែង​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោកស្រី ខៃ​ចិន្តា បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នៅតែ​សង្ស័យ​។ យើង​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ ធ្វើការ​ស៊ើបអង្កេត នៅក្នុង​រឿង​ដំរី​ស្លាប់​ហ្នឹង ដោយ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​។​
 
​បើតាម​អ្នកស្រី ខៃ ចិន្តា សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា បាន​បញ្ចុះសព​ដំរី​នោះ​នៅ​ទីជម្រក​របស់​វា​ក្នុង​សមាគម ស្ថិតនៅ​ខេត្តរតនគិរី​រួចហើយ​។ ក្រោយ​បញ្ចុះសព​ដំរី​នេះ អ្នកស្រី​ក៏​គ្រោង​នឹង​ប្រមូល​ឆ្អឹង​របស់​វា យកមក​ដំឡើង​ធ្វើជា​សំណាក​រូប​ដំរី សម្រាប់​ទុក​តាំង​បង្ហាញ​នៅក្នុង​សមាគម ដើម្បី​ជា​និមិត្តរូប​ដំរី​«​បាក់​ម៉ៃ​»​ឡើងវិញ​។ 
 
​ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​រូបនេះ​បានបង្ហាញ​ការសោកស្តាយ​ថា ការបាត់បង់​ដំរី​«​បាក់​ម៉ៃ​» គឺជា​ការបាត់បង់​ធនធាន​សត្វ​ដំរី ដែលជា​បេតិកភណ្ឌ​ធម្មជាតិ ដែល​សមាគម​បាន​ខិតខំ​ថែរក្សា និង​អភិរក្ស​អស់​រយៈពេល​ជា​យូរ​ឆ្នាំ ដោយមាន​ការគាំទ្រ​ពី​ក្រសួងបរិស្ថាន និង​បណ្តា​ស្ថាប័ន​ជាតិ​ផ្សេងទៀត​។ 
 
 
​ការបាត់បង់​ដំរី​បាក់​ម៉ៃ​ដែលមាន​អាយុ​៣៤​ឆ្នាំ​នោះបាន​ធ្វើ​ឲ្យ​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​គឺ​នៅសល់តែ​ដំរី​៣​ក្បាល​ទៀត​តែប៉ុណ្ណោះ ដែល​កំពុងតែ​ស្ថិតនៅក្រោម​ការថែទាំ និង​ការពារ​។ អ្នកស្រី ចិ​នា្ត បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​ដំរី​មេ សម្រាប់​បង្កាត់​ពូជ​បន្ថែមទៀត​ផងដែរ​។​
 
​បើតាម​អ្នកស្រី ខៃ ចិន្តា មុន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​យក​ដំរី​«​បាក់​ម៉ៃ​»​នោះមក​ចិញ្ចឹម បាក់​ម៉ៃ​ជា​ដំរី​ដែលមាន​ចរិត​កាច  ហើយ​ធ្លាប់​សម្លាប់​ហ្ម​របស់​វា​ផងដែរ​។ ក្រោយមក​នៅ​ឆ្នាំ​២០១៦ សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ក៏បាន​យក​វា​មក​ចិញ្ចឹម ហើយ​វា​ក៏​ប្រែ​មក​សភាព​ស្លូត​វិញ និង​ចូលចិត្ត​គ្រប់​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​វា​៕  
 

Tag:
 សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​
 ​ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com