កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ចង់បាន Coutinho ក្រោយ Bayern មិន​ហ៊ាន​តម្លៃ​១២៧​លាន​ដុល្លារ​ដែល Barca កំណត់​
25, May 2020 , 10:19 pm        
រូបភាព
Arsenal បាន​បើក​កិច្ចចរចា​មួយ​ដើម្បី​ទិញយក​របស់​ខ្សែបម្រើ Philippe Coutinho ពី​ក្រុម Barcelona មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នៅ​រដូវក្តៅ​ខាងមុខ​។ Coutinho បច្ចុប្បន្ន​កំពុងស្នាក់នៅ​ជាមួយ Bayern Munich ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ចុងរដូវ​កាល​នេះ​។​

 
Coutinho កំពុង​ស្ថិតក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​មួយ​រដូវ​កាល​ជាមួយ​ក្លិប​យក្ស​អាល្លឺម៉ង់ ប៉ុន្តែ​ក្រុម​នៃ​ក្របខណ្ឌ Bundesliga មួយ​នេះ​បាន​ឲ្យ​ដឹងថា ពួកគេ​នឹងមិន​ទិញយក​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ជា​អចិន្ត្រៃយ៍​ឡើយ ក្រោយ Barcelona ដាក់​តម្លៃ​ដល់​ទៅ​១២៧​លាន​ដុល្លារ​អាមេរិក​។​
 
​នេះ​មានន័យថា អតីត​កីឡាករ Liverpool រូបនេះ​នឹង​វិលត្រឡប់​មកកាន់ Barca វិញ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ដែលជា​កន្លែង​រូបគេ​ហាក់​មិន​ពេញចិត្ត ដ្បិត​មិនអាច​ដណ្តើមបាន​កន្លែង​សម្រាប់​ជម្រើស​១១​នាក់​ដំបូង​។​
 
Coutinho បាន​ផ្លាស់​ពី​ហង្ស​ក្រហម​ទៅកាន់​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​កាលពី​ឆ្នាំ​២០១៨ ក្នុងតម្លៃ​ផ្ទេរ ១៧០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​រូបគេ​មិនបាន​បង្ហាញ​ទម្រង់​លេង​ឲ្យ​សម​នឹង​តម្លៃ​ខ្លួន​នៅឯ​ទឹកដី Nou Camp ឡើយ​។ ដោយ​លេង​មិន​សមប្រកប និង​មិន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទៀត​នោះ រូបគេ​ក៏​គ្រោង​នឹង​ចាក​ចេញពី​ទឹកដី​អេ​ស្ប៉ា​ញ​នៅ​ចប់​រដូវ​កាល​ក្រោយនេះ​ផងដែរ​។​
 
​យោងតាម​គេហទំព័រ Le10sport.com ក្រុម Arsenal បានចាត់ទុក​ខ្សែបម្រើ​វ័យ ២៧ ឆ្នាំ​រូបនេះ ជា​គោលដៅ​ច​ម្រ​ង​ក្នុង​ការផ្ទេរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍ ដោយបាន​បើក​កិច្ចពិភាក្សា​ជាមួយ​ភ្នាក់ងារ​របស់ Coutinho គឺ​លោក Kia Joorabchian រួចហើយ​។​
 
​លោក Mikel Arteta អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ ត្រូវបាន​គេ​ជឿជាក់ថា មានការ​ពេញចិត្ត​ពេញ​ថ្លើម​នឹង​របៀប​លេង​របស់ Coutinho ហើយក៏​ចង់បាន​រូបគេ​ទៅលេង​ក្នុងតួនាទី​ជា​ខ្សែបំរើ​ប្រយុទ្ធ ឬ​តំបន់​ប្រយុទ្ធ​ស្លាប​ខាងឆ្វេង​។ ទម្រង់​លេង​ដែល Arteta ចង់បាន​គឺ​ដូច​ដែរ Coutinho លេង​នៅ Liverpool អ៊ីចឹង​ដែរ​។​
 
Arsenal កំពុងមាន​បញ្ហា​ធនធាន​កីឡាករ​នាពេល​បច្ចុប្បន្ន ស្របពេល​កីឡាករ​ឆ្មើ​ម​មួយចំនួន​ហាក់​ចង់​ចាកចេញ​ថែមទៀត​។ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក៏មាន​ព័ត៌មាន​លេច​លឺថា ត្រូវបាន​ក្រុម​យក្ស​បារាំង Paris St-Germain ទាក់ទង​ដោយ​ផ្តល់​តម្លៃ​ខ្លួន​៤១​លាន​ដុល្លារ​ទៅ​ឲ្យ Arsenal នៅ​រដូវ​កាល​ក្រោយ​។ 
 
​ប្រសិនបើ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​មួយ​នេះ​ពិតជា​យល់ព្រម​ឲ្យ Aubameyang ចាកចេញ​មែន​នោះ Coutinho អាច​នឹងមាន​ភាគរយ​ច្រើន​ក្នុង​ការវិល​ចូល​ក្រុម​ក្នុង​ទឹកដី​អង់គ្លេស​នេះ​វិញ​៕

Tag:
 Arsenal
  Philippe Coutinho
© រក្សាសិទ្ធិដោយ thmeythmey.com