អន្តរជាតិ
ថៃ សាកល្បងវ៉ាក់សាំង COVID-19 ដែលអាចថោកជាងផលិតផលអាមេរិក ឬអឺរ៉ុប ថៃ សាកល្បងវ៉ាក់សាំងCOVID-19 ដើម្បីទុកលក់ឲ្យប្រទេសចំណូលទាប និងចំណូលមធ្យម។ រូបភាព៖ AFP
× អ្នកស្រាវជ្រាវជាន់ខ្ពស់ថៃម្នាក់ នាថ្ងៃទី២៥ ខែឧសភា បានអះអាងថា ថៃ កំពុងដឹកនាំការធ្វើតេស្តស្វែងរកវ៉ាក់សាំង COVID-19 ជាមួយនឹងការសាកល្បងលើសត្វស្វាមួយប្រភេទ។ ប្រសិនបើជោគជ័យលើការរកឃើញវ៉ាក់សាំងប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុសមែន វ៉ាក់សាំងរបស់ថៃ អាចមានតម្លៃថោកជាងវ៉ាក់សាំង ដែលស្រាវជ្រាវដោយប្រទេសជឿនលឿន ដូចជាអាមេរិក ឬអឺរ៉ុប ហើយអតិថិជនគោលដៅ គឺប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។
ចាប់តាំងពីផ្ទុះCOVID-19 មកទល់ពេលនេះ ប្រទេសជាច្រើនដូចជាអាមេរិក ចិន អាល្លឺម៉ង់ អូស្ត្រាលី និងវិទ្យាស្ថានផ្សេងៗ កំពុងសស្រាក់សស្រាំយ៉ាងខ្លាំង ក្នុងការស្រាវជ្រាវស្វែងរកវ៉ាក់សាំងប្រឆាំង COVID-19។ ដោយមានកិច្ចសហការជាមួយសកលវិទ្យាល័យ Pennsylvania របស់អាមេរិក ថៃក៏បានចូលរួមក្នុងការប្រកួតប្រជែង ស្វែងរកវ៉ាក់សាំង ជាមួយបណ្តាប្រទេសដទៃដែរ។
វ៉ាក់សាំងថៃ ធ្វើឡើងក្នុងបំណងប្រកួតប្រជែងជាមួយទីផ្សារអាមេរិក និងអឺរ៉ុប ពោលគឺលក់ក្នុងតម្លៃថោកជាង និងទុកលក់ឲ្យប្រទេសមានចំណូល និងប្រទេសមានចំណូលមធ្យម។ លោកស្រីវេជ្ជបណ្ឌិត Suchinda Malaivitjitnond ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវានរជាតិថៃ បានលើកឡើងបែបនេះ ដោយបន្ថែមថា ការស្រាវជ្រាវលើកវ៉ាក់សាំងនេះ គឺប្រើប្រាស់បច្ចេកវិទ្យាថ្មី mRNA ដែលមិនត្រូវបានគេយកមកផលិតវ៉ាក់សាំងឡើយ នាពេលកន្លងមក។
សព្វថ្ងៃក្រុមហ៊ុនថ្នាំពេទ្យធំៗ ដូចជា Pfizer និង Moderna ក៏បានប្រើប្រាស់គំរូប្រភេទនេះ ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ក្នុងដំណាក់កាលនេះ ថៃកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងCOVID-19 លើសត្វស្វាមួយប្រភេទ ចំនួន ១៣ក្បាល បន្ទាប់ពីធ្វើតេស្តទទួលបានជោគជ័យលើសត្វកណ្តុរនាពេលកន្លងមក។ បើតាមការបញ្ជាក់របស់ វេជ្ជបណ្ឌិត Kiat Ruxrungtham ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងជូឡានៃសកលវិទ្យាល័យជូឡាឡុងកន ថៃអាចនឹងធ្វើតេស្តសាកល្បងវ៉ាក់សាំងលើមនុស្សនាខែតុលាខាងមុខ ប្រសិនបើការធ្វើតេស្តលើសត្វស្វា ដំណើរការល្អ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៥ ខែឧសភា ថៃមានករណីCOVID-19 សរុបចំនួន ៣០៤២ករណី អ្នកស្លាប់ចំនួន ៥៧នាក់ និងអ្នកជាសះស្បើយមានចំនួន ២៩២៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com