ជំងឺ​កូ​វីដ​១៩​ធ្វើ​ឲ្យ​កសិករ​ដាំ​បន្លែ​មួយចំនួន​ក្នុងស្រុក​ស្អាង​ខាតបង់ ខណៈ​តម្លៃ​ទីផ្សារ​នៅតែ​ជា​បញ្ហា​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជំងឺ​កូ​វីដ​១៩​ធ្វើ​ឲ្យ​កសិករ​ដាំ​បន្លែ​មួយចំនួន​ក្នុងស្រុក​ស្អាង​ខាតបង់ ខណៈ​តម្លៃ​ទីផ្សារ​នៅតែ​ជា​បញ្ហា​
26, May 2020 , 7:59 pm        
រូបភាព
កម្មករនៅក្នុងស្រុកស្អាង រៀបចំច្រកស្ពៃខ្មៅដាក់ក្នុងថង់ ដើម្បីដឹកទៅលក់នៅខេត្តកំពត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
កម្មករនៅក្នុងស្រុកស្អាង រៀបចំច្រកស្ពៃខ្មៅដាក់ក្នុងថង់ ដើម្បីដឹកទៅលក់នៅខេត្តកំពត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ឃុំ​ទឹក​វិល ខេត្តកណ្តាល ៖ លោក​គួ​ន បូរ៉ា ជា​កសិករ​ដាំ​បន្លែ​ម្នា​ក់នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។ លោក​ភ្ជួរ​ចោល​បន្លែ​ស្ពៃ​ខ្មៅ ឬ​គេ​ហៅថា ស្ពៃខៀវ​ជាង​២​តោន កាលពី​ចុងខែ​មីនា និង​ដើមខែ​មេសា ដោយសារ​ជំងឺ​កូ​វីដ​។ កាលពី​ពេលនោះ ពិធី​រៀបការ​មួយចំនួន​ត្រូវបាន​លុបចោល​ដោយសារ​ភ័យខ្លាច​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ហើយ​បន្លែ​របស់លោក​បូរ៉ា ដែល​ភាគច្រើន​គេ​ប្រើ​សម្រាប់ធ្វើ​ម្ហូប​ការ​ក៏​លក់​លែង​ដាច់ ហើយ​លក់បាន​តម្លៃ​ទាប​បំផុត​។​

 
​ខណៈ​លោក​កំពុង​រៀប​ដឹក​បន្លែ​ប្រហែល​១០​គីឡូក្រាម​លក់​ឲ្យ​គេ លោក គួ​ន បូរ៉ា អាយុ​៤១​ឆ្នាំ អង្គុយ​មិន​ឆ្ងាយ​ពី​ដី​របស់លោក​ដែលមាន​ផ្ទៃក្រឡា​ប្រមាណ​១៥​អា ក្នុងភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល​នោះទេ​។ លោក បូរ៉ា ដែលមាន​កូន​២​នាក់ ថ្លែងប្រាប់​VOA​ថា លោក​ដាំ​ស្ពៃ​ខ្មៅ​លើដី​លោក​ផ្ទាល់​និង​ដី​ដែល​លោក​ជួល​គេ​១៨​អា តម្លៃ​៥៥​ម៉ឺន​រៀល​ក្នុង​មួយឆ្នាំ កាលពី​ខែកុម្ភៈ ដោយ​លោក​សង្ឃឹមថា នឹង​លក់បាន​តម្លៃ​ថ្លៃ ប៉ុន្តែ​ជំងឺ​កូ​វីដ​ធ្វើ​ឲ្យ​លោក​ចោល​បន្លែ​នេះ​ជាង​២​តោន ដោយសារ​មិនមាន​អ្នកទិញ ហើយ​តម្លៃ​មិនអាច​ទូទាត់​ថ្លៃ​ដឹកជញ្ជូន​មក​លក់​នៅ​ភ្នំពេញ​បាន​។​
 
​ពេល​កំពុង​អង្គុយ​សម្រាក​នៅ​ម្ខាង​ផ្លូវ ខណៈ​ចត​ម៉ូតូ​ចាស់​របស់លោក​មួយគ្រឿង​នៅក្បែរនោះ​លោក​ថ្លែងថា​៖ «​ប៉ះពាល់​ហ្នឹង យើង​ដាំ​បាន យកទៅលក់ អត់​មាន​អ្នកណា​ហ៊ាន​ទិញ​ទេ​។ ក្នុង​ផ្សារ​ហ្នឹង អត់​មាន​មនុស្ស​មក​ទិញ​តែម្តង​។ ម្នាក់ៗ​នៅតែ​ផ្ទះ អត់​ហ៊ាន​ចេញពីផ្ទះ​។ ដល់ពេល​គេ​អត់​មក​ទិញ ក្នុង​ភ្នំពេញ ហូប​អត់​អស់​ទេ​បន្លែ​។ បន្លែ​វា​ច្រើន ដល់​អ៊ីចឹង​វាស​ល់​។​ហើយ​មួយ​គីឡូ​ពីរ​បី​រយ​[​រៀល​]​។​យើង​មាន​លក់​អី​កើត​? ទុកចោល​នៅ​ចម្ការ​»​។ 
 
 
​លោក​បន្តថា​៖ «​កាល​ហ្នឹង​នឹកឃើញ​រដូវ​ការ ហើយ​យើង​ដាំ​អាហ្នឹង​ទៅ នឹកឃើញ​តម្រូវការ​។ ដល់ពេល​គេ​បិទ​ការ បិទ​អី​ទៅ អត់ ...​អត់​មាន​អ្នកណា​ទិញ​»​។​
 
​ក្រៅពី​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ តម្លៃ​បន្លែ​លើ​ទីផ្សារ​នៅតែ​ជា​បញ្ហា​សម្រាប់​លោក គួ​ន បូរ៉ា និង​កសិករ​ដាំ​បន្លែ​ផ្សេងទៀត ដោយសារ​តម្លៃ​នេះ​បាន​ប្រែប្រួល​ឆាប់រហ័ស ហើយ​កសិករ​មិនអាច​គ្រប់គ្រង​បានទេ​។  បន្ថែម​ពីនេះ ទៅទៀត  ពួកគេ​ក៏​មិនមាន​ព័ត៌មាន​ថា​តើ​បន្លែ​ណា​មាន​ទីផ្សារ​ច្រើន បន្លែ​ណា​គួរ​សម្រុក​ដាំ និង​បន្លែ​ណា​មិនគួរ​សម្រុក​ដាំ​នៅពេល​ខាងមុខ​។​
 
​លោក គួ​ន បូរ៉ា កសិករ​ដែល​ដាំ​បន្លែ​ជាង​១០​ឆ្នាំ​មកហើយ និង​មាន​ភរិយា​ជា​កម្មការិនី​កាត់ដេរ លើកឡើងថា​តម្លៃ​បន្លែ​មិន​ទៀងទាត់​នៅលើ​ទីផ្សារ ធ្វើ​ឲ្យ​កសិករ​ពិបាក​ដាំ ហើយ​ពួកគេ​តែងតែ​ប្រថុយប្រថាន​ជានិច្ច​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អាហ្នឹង​ចេះតែ​ផ្សងព្រេង​ទៅ ក្រែងលោ​អា​ជំងឺ​ហ្នឹង​វា​គ្រាន់បើ​វិញ​ទៅ វា​អាច​បាន​លក់បាន​ខ្លះ​វិញ​។ រាល់​ឆ្នាំ បើ​កុំ​កើត​ជំងឺ​ហ្នឹង វា​ចេះតែមាន​ហូរហែ លក់បាន​គ្រាន់​ចាយ ទប់​កូន​រៀន​»​។​
 
​ជាធម្មតា លោក បូរ៉ា និង​កសិករ​នៅក្បែរ​ដី​របស់លោក​ដាំ​ស្ពៃ​តឿ ស្ពៃជ្រក់  ស្បៃ​ខ្មៅ សាឡា​ត់​និង​ស្លឹក​ខ្ទឹម​ជាដើម​។ កសិករ​ដែលមាន​ដី​ដាំ​បន្លែ​ក៏ត្រូវ​ជួល​គេ​មកជួយ​ធ្វើ​ស្មៅ កាត់​បន្លែ និង​រៀបចំ​ទៅ​លក់​នៅ​ភ្នំពេញ​ផងដែរ​។ កម្មករ​ម្នាក់​អា​ចរក​កម្រៃ​បាន​ប្រមាណ​ពី​២៥.០០០ ទៅ​៣៥.០០០​រៀល​ក្នុង​មួយថ្ងៃ​។​
 
​នេះ​ជាការ​ចំណាយ​ទៅលើ​កម្មករ ដែល​លោក​បូរ៉ា លើកឡើងថា លោក​សម្រេច​ភ្ជួរ​បន្លែ​ចោល​តែម្តង ដោយសារ​មិនអាច​ទូទាត់​ថ្លៃ​ដឹក​ទៅ​លក់​នៅ​ភ្នំពេញ និង​ឈ្នួល​កម្មករ​ជួយ​កាត់​ស្ពៃ និង​លីសែង​យកទៅលក់​។​
 
​លោក​បន្ថែមថា​៖ «​កាត់​យកទៅ​ក្នុង​មួយ​តោន​បានតែ​៤០​ម៉ឺន ៣៥​ម៉ឺន​[​រៀល​]​អី​ទេ​។ ហើយ​នៅ​ឈ្នួល​កាត់​ឈ្នួល​ដឹក វា​អស់​៤០​ម៉ឺន​[​រៀល​]​ជាង​។ អ៊ីចឹង​វា​ចូល​ដើម​។ កាត់​មួយ​តោន ចូល​ដើមពីរ​បី​ម៉ឺន ៥​ម៉ឺន​[​រៀល​]​។ ហើយ​អ៊ីចឹង​ម្នាក់ៗ ខាត​អ៊ីចឹង​ទុកចោល​បណ្តោយ​ទៅ​! យកទៅលក់ អត់​បាន​លុយ​ដដែល​»​។​
 
​កសិករ​រូបនោះ​បញ្ជាក់ទៀតថា​៖ «​បើ​យកទៅ​ខាត​ដដែល ...​ហត់​ហើយ​អត់​បាន​លុយ​ផង​។ អ៊ីចឹង​យើង​សុខចិត្ត​នៅផ្ទះ​ទៅ ទុកចោល ទៅហើយ​ចូល​លុយ​ផ្ទះ​បួន​ប្រាំ​ម៉ឺន​[​រៀល​]​ទៀត​នោះ​»​។​


លោក គួន បូរ៉ា អាយុ៤១ឆ្នាំ កសិករដាំបន្លែក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ លោកនិយាយថាបន្លែស្ពៃខ្មៅរបស់លោកជាង២តោន ត្រូវបានភ្ជួរចោល ដោយសារមិនមានទីផ្សារ។ (ស៊ុន ណារិន/VOA)
 
​លោក បូរ៉ា បាន​ខាតបង់​ថវិកា​ប្រហែល​៣​ទៅ​៤​លាន​រៀល ដែលជា​ប្រាក់​ភរិយា​របស់លោក​សន្សំ​ពី​ការងារ​រោងចក្រ ទុក​សម្រាប់ធ្វើ​កសិកម្ម​។ លោក​ក៏​កំពុង​ព្រួយបារម្ភ​ខ្លាច​ភរិយា​បាត់​ការងារ​ជា​កម្មករ​រោងចក្រ ហើយ​ពិបាក​សងបំណុល​ជំពាក់​គេ​។ ក្រុមគ្រួសារ​របស់លោក បូរ៉ា បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ប្រមាណ​៣​ពាន់​ដុល្លារ ហើយ​ត្រូវ​បង់​គេ​ប្រមាណ​១៣០​ដុល្លារ​ក្នុង​១​ខែ​ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​ទៀត​។​
 
​លោក​មានប្រសាសន៍ថា​៖ «​បើ​ប៉ះពាល់​រោងចក្រ​ហ្នឹង​ទៀត វ័ណ្ឌក​បណ្តោយ​! វា​រត់​រួច តែ​រួច​ទាំង​ត្រដេបត្រដាប​»​។​
 
​លោក បូរ៉ា ឲ្យ​ដឹង​ទៀតថា ការ​នាំចូល​បន្លែ​ពី​ប្រទេស​វៀតណាម​ក៏​នាំ​ឲ្យ​ប៉ះពាល់​បន្លែ​ក្នុងស្រុក​ផងដែរ​។ លោក​លើក​ឧទាហរណ៍​ដូចជា​ស្ពៃ​ដែល​លោក​ដាំ មានការ​ប្រកួតប្រជែង​ជាមួយ​ស្ពៃ​នាំចូល​ពី​វៀតណាម​។​
 
​លោក​បញ្ជាក់ថា​៖ «​បើ​និយាយ​អី​គីមី យើង​មិន​ឈ្នះ​គេ​ទេ​។ របស់គេ​ស្អាត​ឡើង​រលោង មើលទៅ​ដូច​កញ្ចក់​អ៊ីចឹង​ហ្នឹង​។ រឿង​អី​មិន​ប្រើ​គីមី​ខ្លាំង​។​បន្លែ​យើង ធម្មតា​សត្វ​ស៊ី ហើយ​អ្នក​ហូប ភាគច្រើន ឲ្យ​តែ​ឃើញ​សត្វ​ស៊ី អត់​ចង់​ហូប​ទេ​...​ឲ្យ​តែ​ឃើញ​បន្លែ​រលោង​ស្អាត​ហ្នឹង គាត់​ចូលចិត្ត​ហូប​»​។​
 
​លោក បូរ៉ា ឲ្យ​ដឹង​ទៀតថា លោក​មិនដឹង​ព័ត៌មាន​អំពី​ទីផ្សារ​ថា​តើ​ក្នុង​រយៈពេល​១​ខែ​ទៅ​២​ខែ​ខាងមុខ​ទៀត កសិករ​គួរ​ដាំ​បន្លែ​អ្វី​ដើម្បី​បំពេញ​ទីផ្សារ​ដែល​ខ្វះខាត​នោះទេ​។​
 
​កសិករ​ម្នាក់ទៀត ដែលមាន​ដី​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក​បូរ៉ា​គឺ​លោក​ហៃ ម៉េង​លាង​។ លោក​ធ្វើជា​កសិករ​តាំងពីក្មេង និង​ដាំ​បន្លែ​នៅលើ​ដី​កេរ​ឪពុកម្តាយ​ចែក​ឲ្យ​។  លោក​និយាយថា ទីផ្សារ​ជា​រឿង​សំខាន់​សម្រាប់​រូបលោក និង​កសិករ​ផ្សេងទៀត​។​
 
​កាលពី​ថ្ងៃអាទិត្យ​លោក​បាន​លក់​ស្ពៃ​ជាង​១​តោន ដោយ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​១.១០០[​រៀល​]​។ លោក ម៉េង​លាង អាយុ​៣៧​ឆ្នាំ និង​មានកូន​២​នាក់​។ លោក​មានប្រសាសន៍ថា តម្លៃ​នេះ​នៅ​ទាប​នៅឡើយ ដែល​លោក​ពិបាក​នឹង​ចំណេញ ដោយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ជី ថ្នាំ​គីមី កម្មករ​ថែទាំ កម្មករ​កាត់​ស្ពៃ លីសែង​ស្ពៃ និង​ច្រក​ជាដើម​។​
 
​លោក​ថ្លែងប្រាប់​VOA​ថា​៖ «​ចង់បាន​អី ចង់បាន​ទីផ្សារ​យើង ឲ្យ​លក់ដូរ ឲ្យ​វា​ថេរ​ត្រឹម​១៥០០[​រៀល​]​ដូច​គេ​ដូច​ឯង​។ តម្លៃ​វា​ដូចគ្នា​ទាំងអស់ ធ្វើ​ដូច​ប្រទេស​គេ ដូច​ធូរ​។  អាហ្នឹង​គិត​ត្រឹម​តម្លៃ​ថេរ​ត្រឹមហ្នឹង អាហ្នឹង​រដ្ឋ​ជួយ​។ ប៉ុន្តែ​បើ​រដ្ឋ​គាត់​អត់​ជួយ​អាហ្នឹង​តាម​ដំណើរ​អ៊ីចឹង​ទៀត​ទៅ​!  ធ្វើ​ជំពាក់​គេ ជំពាក់​អី​អ៊ីចឹង​ទៀត​ទៅ​! បាន​ច្រើន យើង​សល់​ខ្លះ​អ៊ីចឹងទៅ​! វា​ឲ្យ​មាន វា​មិនមាន​ទេ អ្នកចម្ការ​»​។​
 
​លោក​ក៏បាន​រិះគន់​ការនាំ​ចូល​បន្លែ​ពី​វៀតណាម ដែល​លោក​ថា ធ្វើ​ឲ្យ​តម្លៃ​បន្លែ​ក្នុងស្រុក​ធ្លាក់​ថ្លៃ​ហើយ​មិនមាន​អ្នកទិញ​នោះទេ​។ លោក​មានប្រសាសន៍ថា​៖ «​ហើយ​បើ​តម្លៃ​ដូច​សាឡា​ត់ រាល់ថ្ងៃនេះ វា​៣​ពាន់ ៤​ពាន់​[​រៀល​]​។ ដល់​តែ​យើង អា​អ្នកលក់​នៅ​ទីផ្សារ​ឯណោះ វា​កុម្ម៉ង់​ពី​វៀតណាម​មក យើង​ធ្លាក់​គឹ​ប​។ វា​អត់​ទិញ​ម្មង ព្រោះ​វៀតណាម​តម្លៃ​វា​ប៉ុន្មាន​ទេ តម្លៃ​១​ពាន់​[​រៀល​] ជាង​ទេ​។ យើង​លក់​ឲ្យ​ពួកយើង​អ្នក​ហូប​ហ្នឹង​ប្រាំ​ពាន់ ប្រាំមួយ​ពាន់ [​រៀល​]»​។​


ដាំណាំបន្លែរបស់កសិករនៅក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)


ប្រជាជនដែលស៊ីឈ្នួលគេ កំពុងដកស្មៅនៅចម្ការដាំខ្ទឹមស្លឹក ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
 
​កាលពី​ព្រឹក​ថ្ងៃអាទិត្យ លោក ម៉េង​លាង បាន​ត្រៀម​លក់​បន្លែ​ទៅ​ឲ្យ​ម៉ូយ​ម្នាក់​ដែល​យក​បន្លែ​នេះ​ទៅ​លក់​នៅ​ខេត្តកំពត​។ តែ​លោក​ក៏មាន​ការ​ទាស់​ពាក្យសម្តី​បន្តិចបន្តួច ដោយសារ​អ្នកទិញ​នោះ​ប្រាប់​រូបលោក​ឲ្យ​ទុក​បន្លែ​នៅ​កន្លែង​នោះ​សិន  មិនទាន់មាន​រថយន្ត​មក​ដឹក​នៅឡើយ​។ លោក​ម៉េង​លាង និង​កម្មករ​ស៊ីឈ្នួល​របស់លោក​មិន​សប្បាយចិត្ត​នោះទេ ដោយសារ​ខ្លាច​បន្លែ​ត្រូវ​ថ្ងៃ​យូរ​ខូច ខណៈ​មិនទាន់​ទទួល​ប្រាក់​ទិញ​នៅឡើយ​។ ប៉ុន្តែ​ប្រហែល​កន្លះ​ម៉ោង​ក្រោយពី​ប៉ះ​ពាក្យសម្តី អ្នកទិញ​នោះ​ក៏​យក​រថយន្ត​មក​ដឹក​ទាន់ពេល​។​
 
​លោក​ម៉េង​លាង​ថ្លែងប្រាប់​VOA​ថា នេះហើយ​ជីវិត​របស់​កសិករ​ដាំ​បន្លែ ដែល​មិនអាច​ទុក​បន្លែ​យូរ​នោះទេ ខ្លាច​បន្លែ​ខូច មិនមាន​គុណភាព​ល្អ ហើយ​ពុំមាន​អ្នកទិញ​។​
 
​ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​នាំ​ឲ្យ​ប៉ះពាល់​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​ទេសចរណ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៧ ខែមេសា បាន​ជំរុញ​ឲ្យ​ក្រសួងកសិកម្ម​បង្កើន​សកម្មភាព​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ការដាំដុះ ការចិញ្ចឹម​សត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ខណៈ​ការ​នាំចូល​មិនសូវ​មាននៅ​គ្រា​មាន​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​នេះ​។​
 
​លោក​បាន​ថ្លែងថា​៖ «​យើង​ប្រើប្រាស់​ឱកាស​ដ៏​លំបាក​នេះ ក្លាយទៅជា​កាលានុវត្តភាព​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា ដែលមាន​កំណើន​យឺត​ក្នុង​រយៈពេល​កន្លងទៅ​»​។​
 
​លោក យ៉ង់ សាំង​កុមារ អ្នកជំនាញ​កសិកម្ម ដែលមាន​បទពិសោធន៍​ធ្វើ​ការងារ​ជាមួយ​កសិករ​ច្រើន​ឆ្នាំ​មកហើយ មានប្រសាសន៍ថា តម្រូវការ​បន្លែ​ថយចុះ​បន្តិចបន្តួច​តែប៉ុណ្ណោះ ដោយសារ​ជំងឺ​កូ​វីដ​១៩​ប៉ះពាល់​វិស័យ​ទេសចរណ៍ ដែលមាន​ការផលិត​អាហារ​។ លោក​បន្តថា តម្លៃ​ទីផ្សារ​ជា​រឿង​សំខាន់​សម្រាប់​កសិករ​ដាំ​បន្លែ ហើយ​ទីផ្សារ​នេះ​ប្រែប្រួល​ដោយសារ​កសិករ​ពុំមាន​ព័ត៌មាន​អំពី​តម្រូវការ​នៅក្នុង​រយៈពេល​ខាងមុខ​។ លោក​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យមើល​លើ​បញ្ហា​នេះ និង​រឹតបន្តឹង​ការ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ដើម្បី​គ្រប់គ្រង​ឲ្យ​ដឹងថា តំបន់​ណា​ខ្វះ​អី សំបូរ​អី ដើម្បី​ឲ្យ​មាន​ការធ្វើ​ពាណិជ្ជកម្ម ការដឹកជញ្ជូន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ អានេះ​គឺ​យន្តការ​នេះ​គឺ​យើង​អត់​មាន​។ ម្នាក់ៗ​ធ្វើ​រៀងៗ​ខ្លួន​។ ឈ្មួញកណ្តាល ធ្វើ​ដោយ​ឈ្មួញកណ្តាល​ទៅ​អ្នក​ដាំ​ដុះ តែ​អ្នក​ដាំ​ដុះ​ទៅ​ក្រសួងកសិកម្ម គាត់​ទៅ​តែ​ក្រសួងកសិកម្ម​ទៅ ក្រសួងពាណិជ្ជកម្ម តែ​ក្រសួងពាណិជ្ជកម្ម​ទៅ​។ ហើយ​យើង​មាន​មន្ត្រី​រហូតដល់​ថ្នាក់ស្រុក​អី​ដែរ​ហ្នឹង​»​។​
 
​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​កាត់ CDAC​និង​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាំង​កុមារ បន្ថែមថា​៖ «​យើង​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​តម្លៃ​ហ្នឹង​មាន​ស្ថិរភាព​ខ្លះ​។ វា​អាច​ប្រែប្រួល​ដែរ ប្រែប្រួល​១០​ភាគរយ​២០​ភាគរយ ឬ​ខ្លាំង​បំផុត​៥០​ភាគរយ​។​អាហ្នឹង​ដូចគ្នា​ដដែល កាលណា​យើង​និយាយ​អំពី​គោលការណ៍​ទាក់ទង​នឹង​ទីផ្សារ វា​ទាក់ទង​រឿង​បរិមាណ រឿង​ពេលវេលា រឿង​តម្លៃ រឿង​គុណភាព​អី​អ៊ីចឹងទៅ​»​។​
 
​បើតាម​លោក សាំង​កុមារ ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​គ្រួសារ​នៅ​ទូទាំងប្រទេស​ដាំ​បន្លែ​ជា​អាជីព​ដែលមាន​ការលក់ដូរ​។ លោក​បន្តថា កសិករ​បាន​ដាំ​បន្លែ​តាម​ការយល់ឃើញ​របស់​ពួកគេ​។​
 
​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល លោក ហ៊ សុផល បាន​ថ្លែងប្រាប់​VOA​ថា កសិករ​មួយចំនួន​មិន​ចូល​ជា​បណ្តុំ​ចងក្រង​ដោយ​មន្ទីរ​កសិកម្ម ដែលជា​ហេតុ​នាំ​ឲ្យ​ពួកគេ​មិនអាច​ទទួលបាន​ព័ត៌មាន​អំពី​ទីផ្សារ​បន្លែ​នោះទេ​។ លោក​បន្តថា កសិករ​មួយចំនួន​ដែល​មិន​ចូល​ជា​បណ្តុំ​នោះ ដោយសារ​ពួកគេ​ដាំ​បន្លែ​ប្រើប្រាស់​គីមី​ច្រើន ហើយ​ពួកគេ​មិន​ចង់​ចូលក្នុង​បណ្តុំ​នេះ​ទេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​សំណូមពរ​ដល់​កសិក​រទាំង​អស់ហ្នឹង គួរតែ​ងាក​ចូលមកក្នុង​បណ្តុំ​ដែល​ក្រសួងកសិកម្ម ក៏ដូចជា​រាជរដ្ឋាភិបាល​ហ្នឹង ចង់​ឲ្យ​គាត់​ចូល​បណ្តុំ ងាយស្រួល​ក្នុងការ​បណ្តុះបណ្តាល  ងាយស្រួល​នឹង​រក​ទីផ្សារ​ឲ្យ​គាត់​។ បើសិនជា​គាត់​មិនមាន​ចូល​បណ្តុំ​ទេ ការចរចា​តម្លៃ​(​សម្រាប់​)​ម្នាក់ៗ  យើង​គ្មាន​កម្លាំង​ឯណា​ទៅ​ចរចា​ជាមួយ​ឈ្មួញ​ទេ​។  ហើយ​គេ​គ្មាន​ផែនការ​ឯណា ដាំ​ដុះ​ជាមួយ​យើង​ដែរ​»​។​


បន្លៃស្ពៃត្រូវច្រកថង់ ដើម្បីដឹកជញ្ជូនទៅលក់នៅខេត្តកំពត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
 
​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​ឲ្យ​ដឹងថា ខេត្ត​នេះ​មាន​ផ្ទៃដី​ដាំ​ដុះ​បន្លែ​ប្រមាណ​ពី​៣​ពាន់​ទៅ​៤​ពាន់​ហិកតា ហើយ​លោក​ថា​ក្នុង​មួយថ្ងៃ ខេត្ត​នេះ​អាច​ផ្គត់ផ្គង់​បន្លែ​ប្រមាណ​ពី​៣០០​ទៅ​៤០០​តោន​ដល់ទី​ផ្សារ​។​
 
​លោក ហ៊ សុផល អនុប្រធាន​មន្ទីរ​កសិកម្ម ពន្យល់​អំពី​អត្ថប្រយោជន៍​នៃ​ការចូល​ជា​សហគមន៍​បង្កើត​ដោយ​មន្តីរ​កសិកម្ម​។​លោក​និយាយថា​៖ «​បើ​យើង​ដាំ​ដុះ​បន្លែ គឺ​យើង​រៀបចំ​ជា​ប្រព័ន្ធ​របស់​យើង​។ ពួ ក គាត់​ដាំ​អី ៗ​គឺ​យើង​វិលជុំ​គ្នា អ៊ីចឹង​បន្លែ​យើង​អត់​ជាន់គ្នា​ទេ​។ ហើយ​បើសិនជា​កសិករ​យើង​នៅតែ​មិន​ចូល​ក្រុម​ទេ មានន័យថា​បន្លែ​អាច​កាប់​ជន់​គ្នា​»​។​
 
VOA មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បានទេ​។​
 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក ឡុង កែម​វិចិត្រ មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម​មាន​គម្រោង​មួយ​ឈ្មោះថា «​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច​» ដែលជា​ក​ម្រោ​ង​រយៈពេល​២​ឆ្នាំ ហើយ​អនុវត្ត​តាំងពី​ឆ្នាំ​២០១៨​។ លោក​បន្តថា គម្រោង​នេះ​បាន​ជួយ​កសិករ​ក្នុង​ការរក​ទីផ្សារ​ជូន​ពួកគាត់​។ ក្រសួង​បានធ្វើការ​ជាមួយ​កសិករ​ប្រមាណ ៧៥.០០០ គ្រួសារ ក្នុងនោះ​ក៏មាន​អ្នក​ដាំ​បន្លែ​ផងដែរ​។ លោក​បញ្ជាក់ថា គម្រោង​នេះ​គឺ​ដើម្បី​ជួយ​កសិករ​ឲ្យ​ទទួលបាន​ផលចំណេញ​យ៉ាងតិច​លើសពី​៣០​ភាគរយ ហើយក៏​មានការ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ប្រទេសក្រៅ​ផងដែរ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អ្វីដែល​យើង​ធ្វើ យើង​ធ្វើ​ក្នុង​កម្រិត​ប៉ុណ្ណឹង​សិន​។ ប៉ុន្តែ​នៅពេលណា​ដែល​គំរូ​នៃ​ការជួយ​របស់​យើង​ក្នុង​ការជួយ​គាត់​ក្នុងការ​បង្កបង្កើនផល ឲ្យ​មាន​ទីផ្សារ​អី​ជាដើម​ហ្នឹង ក្នុងករណី​នៃ​គំរូ​នៃ​ការធ្វើ​របស់​យើង​ហ្នឹង​បាន​ជោគជ័យ​គឺ​យើង​នឹង​បន្ត​អនុវត្ត​បន្ថែមទៀត​»​។​
 
​ត្រឡប់​ទៅ​លោក គួ​ន បូរ៉ា​វិញ បន្ទាប់ពី​ការខាតបង់​ប្រាក់​ជាង​៣​លាន​រៀល បច្ចុប្បន្ននេះ​លោក​កំពុងតែ​ត្បិតត្បៀត​ការចំណាយ​ក្នុង​គ្រួសារ ខណៈ​លោក​នៅតែ​ព្រួយបារម្ភ​ព្រោះ​ជំងឺ​កូ​វីដ​នេះ នឹងមិន​ស្រាកស្រាន្ត​ទៅ​ឆាប់ៗ​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ធ្លាប់តែ​ទៅ​ផ្សារ​អ៊ីចឹង អស់​២​ម៉ឺន​[​រៀល​] ឥឡូវ​កេង​នៅសល់​តែមួយ​ម៉ឺន​[​រៀល​] អី​អ៊ីចឹងទៅ​...  ធ្លាប់​ទិញ​របស់​អី​ឲ្យ​កូន យើង​ទិញ កាត់បន្ថយ​តាម​ហ្នឹង​ខ្លះ​ដែរ​ហ្នឹង​»​។ លោក​ក៏មាន​ការព្រួយបារម្ភ​អំពី​ការចំណាយ​បន្ថែម​នៅពេល​កូន​របស់លោក​ពីរ​នាក់ ម្នាក់​រៀន​ថ្នាក់​ទី​១២​និង​ម្នាក់ទៀត​ថ្នាក់​ទី​៦​ចូលរៀន​វិញ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​បាន​ធូរ​ឥឡូវ​កូន​អត់​ទៅ​រៀន​។ បើ​កូន​ទៅ​រៀន​ទៀត រឹតតែ​វេទនា​។ ចេះ​កូន​គេ​ឈប់ សាលា​គេ​បិទ​ហ្នឹង​!​។ បើ​ទៅ​រៀន មួយថ្ងៃ​ជិត​២​ម៉ឺន​[​រៀល​] ពីរ​នាក់​បងប្អូន​»​។ លោក​ចាត់ទុក​ការដាំ​ប​ន្លៃ​របស់លោក ដែលជា​មុខរបរ​របស់លោក​ជាង​១០​ឆ្នាំ​មកហើយ​ជាការ​ដាំ​បែប​«​ផ្សងព្រេង​»​តែប៉ុណ្ណោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com