COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Serie A នឹងជួបជាមួយរដ្ឋាភិបាលអ៊ីតាលីដើម្បីសម្រេចអនាគតលីគរដូវកាលនេះ
× ជោគវាសនារបស់លីគកីឡាបាល់ទាត់អ៊ីតាលីក្នុងការចាប់ផ្តើមការប្រកួតឡើងវិញតាមលីគនៅអាល្លឺម៉ង់ និងអេស្ប៉ាញ នឹងត្រូវសម្រេចចុងក្រោយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ក្នុងពេលប្រជុំជាមួយរដ្ឋាភិបាលអ៊ីតាលីដែលនឹងកំណត់ថា លីគនឹងបន្តឬអត់។
រដ្ឋមន្ត្រីកីឡាអ៊ីតាលីលោក Vincenzo Spadafora នឹងប្រាប់ទៅសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) និងប្រធានក្របខណ្ឌ Serie A ថា ប្រសិនបើស្ថានភាពសុខភាពមានភាពល្អប្រសើរជុំវិញជំងឺឆ្លង COVID-19 នោះលីគនឹងវិលត្រឡប់ទៅកាន់ការប្រកយតវិញ បន្ទាប់ពីផ្អាកជិត៣ខែ។
លីគកំពូលអ៊ីតាលី និងលីគកម្រិតក្រោមៗទៀតក្នុងរដូវកាលនេះត្រូវសម្រេចឲ្យផ្អាកបណ្តោះអាសន្នតាំងពីថ្ងៃទី៩ ខែមីនា ដោយសារតែជំងឺ COVID-19 រាតត្បាតខ្លាំងខ្លាពេក រហូតសម្លាប់មនុស្សជាង ៣០០០០ នាក់នៅក្នុងប្រទេសអ៊ីតាលីនេះ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១៩ ខែឧសភា ក្លិបនៅអ៊ីតាលី Serie A បានត្រឡប់ទៅកាន់ការហ្វឹកហាត់ជាក្រុមវិញហើយ ប៉ុន្តែសកម្មភាពប្រកួតប្រជែងនៅតែមិនទាន់អនុញ្ញាតឲ្យដំណើរការនៅឡើយ រហូតដល់ពាក់កណ្តាលខែមិថុនា។
តាមការចង្អុលបង្ហាញពីលោក Spadafora និងគណៈកម្មាធិការបច្ចេកទេសវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអ៊ីតាលីនឹងយល់ព្រមឲ្យមានការចាប់ផ្តើមរដូវកាលឡើងវិញ ប្រសិនបើអ្វីៗស្របតាមគោលការសុខាភិបាល។ ក្នុងករណីការសម្រេចចិត្តមានផលវិជ្ជមានក្នុងកិច្ចប្រជុំនៅថ្ងៃទី២៨ ឧសភានោះ Serie A នឹងកំណត់ពេលប្រជុំមួយលើកទៀតនៅថ្ងៃបន្ទាប់ដើម្បីរៀបចំតារាងការប្រកួតលីគកំពូលអ៊ីតាលី និងពានរង្វាន់ Italian Cup។
ប្រធាន Serie A ចង់ឲ្យការប្រកួតប្រជែងចាប់ផ្តើមនៅថ្ងៃទី ១៣-១៤ ខែមិថុនា ដោយចាប់ផ្តើមការប្រកួតចំនួន៤គូដំបូងរវាងក្រុម Atalanta-Sassuolo, Verona-Cagliari, Inter Milan-Sampdoria និង Torino-Parma ។
មកទល់ពេលនេះ លីគកំពូលអាល្លឺម៉ង់ Bundesliga បានចាប់ផ្តើមការប្រកួតវិញចំនួនពីរសប្តាហ៍ហើយ ខណៈ La Liga របស់អេស្ប៉ាញក៏បានប្រកាសថាពួកគេនឹងត្រឡប់ទៅកាន់ការប្រកួតវិញនៅថ្ងៃទី១១ ខែមិថុនាផងដែរ។ ដោយឡែក ក្របខណ្ឌ Premier League កំពុងស្ថិតក្នុងការពិភាក្សាជុំវិញការវិលត្រឡប់នៅឡើយ៕
Tag:
Serie A
COVID-19
FIGC
© រក្សាសិទ្ធិដោយ thmeythmey.com