ភ្នំពេញ ថ្ងៃទី ២៦ ឧសភា ២០២០៖ ក្រុមហ៊ុន សែលកាត មានក្តីសោមនស្សជាខ្លាំង ក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ Cellcard 4U Virtual Concert ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែឧសភាខាងមុខនេះ។ ការប្រគំតន្ត្រីនេះ នឹងមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក ដោយនឹងមានវត្តមានសម្តែងរបស់សិល្បករសិល្បការនីល្បីៗ និងកំពុងពេញនិយមជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រគំតន្ត្រីនេះ នឹងប្រព្រឹត្តទៅដោយ មាន ការចូលរួមសហការជាមួយប៉ុស្តិ៍ទូរទស្សន៍ CTN និង MyTV ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីជួយដល់អ្នកដែលកំពុងរងផលប៉ះពាល់ខ្លាំងបំផុត ពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយម៉ោង ដោយមានការចូលរួមសម្តែង ពីក្រុមតារាល្បីៗរួមមាន កញ្ញា មាស សុខសោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក នូ ឧសភា លោក ចេន សមាជិកក្រុមតន្ត្រី Mustache លោក Tempo Tris និងព្រះនាងតូច នរោត្តម ជេនណា!
គួររំលឹកផងដែរ ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំង ជាព្រះរាជទូត សុឆន្ទៈ ប្រចាំក្រុមហ៊ុន សែលកាត កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ក្នុងព្រះជន្ម ៨ វស្សា ព្រះនាង តូច ត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានទេពកោសល្យខ្ពស់ម្នាក់ ដោយទ្រង់អាច និយាយបាន ៥ ភាសា មានសមត្ថភាពក្នុងការច្រៀង រាំ និងសម្តែង។ ហើយបច្ចុប្បន្ន ព្រះនាងក៏កំពុង ផ្តោត លើការហាត់សមរបាំអប្សរាផងដែរ។
ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុន សែលកាត ក៏កំពុងសម្របសម្រួល ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយថវិកាដែលប្រមូលបានពីកម្មវិធីប្រគំតន្ត្រីនេះ នឹងត្រូវយកទៅចែកជូនដល់ កម្មករកម្មការនីកាត់ដេរ ដែលមានពិការភាព និងមានផ្ទៃពោះ ដែលកំពុងជួបការលំបាកខ្លាំង ក្នុងជីវភាពរស់នៅ នាពេលបច្ចុប្បន្ន។
សមាជិកគាំទ្រសែលកាតទាំងអស់ ក៏អាចចូលរួមបរិច្ចាគក្នុងបុព្វហេតុជួយសង្គ្រោះនេះ នៅក្នុងអំឡុងពេលនៃការសម្តែងតន្ត្រីផ្សាយផ្ទាល់ផងដែរ។ ពួកគេអាចតេ ឬ ផ្ញើសារទៅកាន់លេខ 1270 ដោយចំណាយត្រឹមតែ ២៥ សេន (១.០០០ រៀល) ប៉ុណ្ណោះ សម្រាប់ការចូលរួមជាវិភាគទាន។ កម្មវិធីចូលរួមបរិច្ចាគនេះ នឹងបន្តប្រព្រឹត្តិទៅចំនួនពីរសប្តាហ៍ទៀត បន្ទាប់ពីការប្រគំតន្ត្រីត្រូវបានបញ្ចប់។
សែលកាត នឹងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុនវីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទឈានមុខគេនៅកម្ពុជា ដើម្បីផ្ទេរប្រាក់ជូនដល់កម្មករកម្មការនី មានពិការភាព និងមានផ្ទៃពោះឱ្យបាន នៅក្នុងអំឡុងខែមិថុនាខាងមុខនេះ។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ឱ្យដឹងថា៖ “ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ យើងមើលឃើញថា នេះ គឺជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការផ្តល់នូវភាពសប្បាយរីករាយ ជូនដល់អតិថិជន របស់យើង ហើយទន្ទឹមនឹងនោះ យើងក៏អាចរៃអង្គាសថវិកា ដើម្បីជួយទ្រទ្រង់ដល់ ពលរដ្ឋមួយចំនួន ដែលកំពុងជួបការខ្វះខាតនៅទូទាំងប្រទេសកម្ពុជាផងដែរ” ។
ដោយឡែក លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងក៏បានមានប្រសាសន៍ថា៖«យើងមានសេចក្តីរីករាយ ដែលបានចូលរួមជាមួយក្រុមហ៊ុន Cellcard ដើម្បីជួយគាំទ្រសហគមន៍ ដែលរងផលប៉ះពាល់ ដោយការរីករាលដាលនៃជំងឺកូវីដ-១៩។ ស្ថិតក្នុងគ្រាដ៏លំបាកនេះ ជំនួយសប្បុរសធម៌របស់លោកអ្នក មិនត្រឹមតែចាំបាច់ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជំរុញឲ្យប្រជាជនផ្សេងទៀត ជួយការពារសហគមន៍របស់យើងផងដែរ»។
ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័ត គ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង ក្រុមហ៊ុនសែលកាត ពិតជាមានក្តីរំភើបជាខ្លាំង សម្រាប់ឱកាសនៃការរៀបចំកម្មវិធីប្រគំតន្ត្រី ដោយមានវត្តមានចូលរួមសហការ ពីតារាល្បីៗនៅក្នុងស្រុកជាច្រើនរូប។
លោក វ៉ាត់សុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “សែលកាត កំពុងខិតខំប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រដល់បងប្អូនពលរដ្ឋខ្មែរក្នុងគ្រាដ៏លំបាកនេះ” ៕
(អត្ថបទពាណិជ្ជកម្ម)