កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​សហព័ន្ធ​បាល់ទាត់​ហៃ​ទី​ត្រូវ​ផ្អាក​តួនាទី​៩០​ថ្ងៃ ជុំវិញ​ការបង្ខំ​កីឡាការិនី​ឲ្យ​រួមភេទ​
27, May 2020 , 5:59 pm        
រូបភាព
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ហៃ​ទី (HFF) លោក Yves Jean-Bart ត្រូវបាន​បញ្ឈប់​ពី​តំណែង​របស់លោក​បណ្តោះអាសន្ន​រយៈពេល​៩០​ថ្ងៃ ក្រោយ​មានការ​ចោទប្រកាន់ថា​លោក​បាន​បង្ខំ​កីឡាការិនី​វ័យក្មេង​ឲ្យ​រួមភេទ​ជាមួយ​ខ្លួន​។​


​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក (FIFA) ជា​អ្នក​ចាត់វិធានការ​នេះ​ដោយផ្ទាល់​បន្ទាប់ពី​មានការ​ចោទប្រកាន់​ខាង​លើ​។ លោក Jean-Bart ត្រូវបាន​ចោទថា​បាន​គំរាម​ក្មេងស្រីៗ​ដោយ​បន្លាច​ថា​ពួកគេ​នឹងត្រូវ​បាត់បង់​កន្លែង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​ជាតិ ប្រសិនបើ​មិន​ស្របតាម​។​
 
​យ៉ាងណាក៏ដោយ លោក Jean-Bart បាន​បដិសេធ​ការ​ការចោទប្រកាន់​នេះ ខណៈ​ប៉ូលីស​ហៃ​ទី កំពុង​ស៊ើបអង្កេត​ជុំវិញ​ករណីនេះ​ផងដែរ​។​
 
​ជុំវិញ​បញ្ហា​នេះ FIFA បាន​អះអាងថា​ការព្យួរ​នេះ​នឹង​ចូល​ជា​ធរមាន​ភ្លាមៗ និង​អនុវត្ត​ចំពោះ​រាល់​សកម្មភាព​ដែល​ទាក់ទង​នឹង​កីឡាបាល់ទាត់​ទាំង​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ​។​
 
​លោក Jean-Bart វ័យ​៧៣​ឆ្នាំ​បានទទួល​បន្ទុក​ដឹកនាំ HFF អស់​រយៈពេល​ជាង​ពីរ ទសវត្ស​មកហើយ​។ ករណី​បង្ខំ​ឲ្យ​មានការ​រួមភេទ​ដែល​កំពុងស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នេះ ត្រូវបាន​ចោទប្រកាន់ថា​បាន​កើតឡើង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​មន្ត្រីជាន់ខ្ពស់​រប​ស់ FIFA មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​រំលោភ​ផ្លូវភេទ​។ កាលពី​ខែមិថុនា ឆ្នាំ ២០១៩ អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Keramuudin Karim ក៏​ជាប់​បម្រាម​មួយជីវិត​ផងដែរ បន្ទាប់ពី​មានការ​ចោទប្រកាន់ថា​លោក​បាន​រំលោភបំពាន​ផ្លូវភេទ​លើ​កីឡាការិនី ដែលជា​សមាជិក​ក្រុមកីឡា​បាល់ទាត់​នារី​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

Tag:
 Yves Jean-Bart
  FIFA
  HFF
© រក្សាសិទ្ធិដោយ thmeythmey.com