អត្ថបទពាណិជ្ជកម្ម
ឱកាស​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស សម្រាប់​សិស្ស​ត្រៀមប្រលង​បាក់​ឌុប​ឆ្នាំនេះ
28, May 2020 , 2:45 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) តាមរយៈ​កម្មវិធី​អាហារូបករណ៍​របស់​ម​ជ្ឈ​មណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្តុះបណ្តាល (ACE) នឹង​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ចម្ងាយ (virtual classes) ដល់​សិស្ស​ថ្នាក់​ទី​១២​តាម​បណ្តា​ខេត្ត​ក្រុង​នានា​។   
 
​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​សាលា ACE និង​ស្ថាប័ន IDP Education បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ ក្នុងការ​ផ្តល់​អាហារូបករណ៍​ចំនួន ២០០០​កន្លែង ដល់​សិស្សានុសិស្ស ត្រៀមប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ​ក្នុងឆ្នាំនេះ ដើម្បី​រៀន​បំប៉ន​ភាសា​អង់គ្លេស ពី​ចម្ងាយ​ជាមួយ​សាលា ACE​។  
 
​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​សង្គម របស់​សាលា ACE ដើម្បី​គាំទ្រ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការបន្ត​ផ្តល់នូវ​ការអប់រំ ដល់​សិស្សានុសិស្ស​ទូទាំងប្រទេស តាមរយៈ​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ចម្ងាយ អំឡុងពេល​នៃ​ការទប់ស្កាត់​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​។  
 
​សាលា ACE ដែល​បង្កើតឡើង​ដោយ​ស្ថាប័ន IDP Education នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩២ ធ្លាប់​បានទទួល​នាម​ជា​សាលា​ភាសា ដែល​ល្អ​ជាងគេ​បំផុត​ទាំង​បួន​លើ​សាកលលោក នៅក្នុង​កម្មវិធី​ពានរង្វាន់​នៅ​ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ​២០១៨​។ សាលា ACE មាន​៦​សាខា​នៅ​ប្រទេស​កម្ពុជា និង​សិស្ស​និស្សិត​ចំនួន ២៥,០០០ នាក់​។ សាលា ACE បាន​ប្តូរ​វិធីសាស្ត្រ​ពី​ការបង្រៀន​ក្នុង​ថ្នាក់ ទៅជា​ការបង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ចម្ងាយ ជាមួយ​គ្រូបង្រៀន​ផ្ទាល់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​មាន​ប្រសិទ្ធភាព​។​


 
​លោក ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា​៖«​ដោយមាន​ការគាំទ្រ​យ៉ាងសកម្ម ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្រសួង​អប់រំ យុវជន និង​កីឡា បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង បន្ត​ផ្តល់ជូន​សិស្សានុសិស្ស​ទូទាំងប្រទេស នូវ​ការអប់រំ​ដែលមាន​គុណភាព និង​ប្រសិទ្ធភាព ក្នុងខណៈដែល​ការរក្សា​ឱ្យបាន​នូវ​សុវត្ថិភាព​របស់​សិស្សានុសិស្ស និង​សហគមន៍​ជា​អាទិភាព​ខ្ពស់បំផុត​។ កម្មវិធី​អាហារូបករណ៍​សិក្សា​ពី​ចម្ងាយ របស់​សាលា​ACE នេះ​គឺជា​ឧទាហរណ៍​មួយ ដែល​បញ្ជាក់​ភាព​ច្នៃប្រឌិត ដែល​អាច​ធ្វើបាន​ក្នុង​វិស័យ​អប់រំ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​»​។​


 
​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា ដែលមាន​វត្ត​មាននៅ​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​បាន​ថ្លែងថា​៖ «​ប្រទេស​អូស្ត្រាលី មាន​ប្រវត្តិ​ផ្តល់ជំនួយ​ដល់​វិស័យ​អប់រំ ក្នុងប្រទេស​កម្ពុជា តាំងពី​យូរណាស់​មកហើយ រួមទាំង​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​។ ខ្ញុំ​មាន​ក្តី​រីករាយ និង​ការសរសើរ ដល់​ស្ថាប័ន​របស់​ប្រទេស​អូស្ត្រាលី ដូចជា​សាលា ACE ដែល​បាន​កែសម្រួល​វិធីសាស្ត្រ​បង្រៀន សម្រប​ទៅនឹង​កាលៈទេសៈ​បច្ចុប្បន្ន ដើម្បី​បន្ត​ផ្តល់នូវ​ការបណ្តុះបណ្តាល​ភាសា​អង់គ្លេស ដែលមាន​គុណភាព​ដល់​សិស្ស និស្សិត​ក្នុងប្រទេស​កម្ពុជា​»​។​


 
​លោក ម៉ៅ ស្រេង បាន​លើកឡើងថា​៖«​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ចម្ងាយ នឹង​ជួយ​ជា​ប្រយោជន៍ ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស និង​ឱកាស​ទទួលបាន​លទ្ធផល​ប្រសើរ លើ​មុខវិជ្ជា​ភាសា​អង់គ្លេស ក្នុង​ការប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ​ខាងមុខនេះ​»​។​
 
​យោងតាម​ប្រសាសន៍​របស់លោក Ashley Irving ចាងហ្វាង​សាលា ACE សិស្ស​ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា ២០១៩-២០២០ អាចដាក់​ពាក្យសុំ​អាហារូបករណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ចាប់ពី​ថ្ងៃទី​០២ រហូតដល់ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០​។ 
 
​បេក្ខជន​ដែល​ទទួលបាន​អាហារូបករណ៍​ទាំង ២០០០​នាក់ នឹង​ចាប់ផ្តើម​វគ្គ​សិក្សា​ចាប់ពី​ចុងខែ​មិថុនា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០​។ 
 
​ដើម្បី​ដាក់ពាក្យ​អាហារូបករណ៍ ឬ​ព័ត៌មាន​បន្ថែម​៖ ០១២ ៣៩២ ៧៧៦ / ០១០ ៩០៣ ៩៨៧ ឫ acecambodia.org/scholarship
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com