COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​ជម្រើសជាតិ​បារាំង រិះគន់ថា La Liga និង EPL ចង់​បន្ត​ការប្រកួត​ដោយសារ​លុយ​ប៉ុណ្ណោះ​
28, May 2020 , 9:19 pm        
រូបភាព
លោក Didier Deschamps គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង​គាំទ្រ​ការសម្រេចចិត្ត​លើ​ការរំសាយ​លី​គ​កំពូល​បារាំង Ligue 1 ត្រឹម​ពាក់​កណ្តាលផ្លូវ​ដោយសារ​វិបត្តិ COVID-19​។ លោក​និយាយ​បែប​រិះគន់ថា លី​គ​ដែល​ចង់​បន្ត គឺ​ដោយសារតែ​ហេតុផល​ហិរញ្ញវត្ថុ​តែមួយគត់​។​


​អំឡុងពេល​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​រាតត្បាត​សកល នៅ​ថ្ងៃទី​២៨ ខែមេសា លី​គ​កីឡាបាល់ទាត់​បារាំង Ligue 1 និង Ligue 2 បានសម្រេច​លុបចោល​តែម្តង បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe ហាមឃាត់​រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​ក្នុងប្រទេស​រហូតដល់​ខែកញ្ញា​។​
 
Ligue 1 ជាលី​គ​តែមួយគត់​ក្នុងចំណោម​លី​គ​ធំៗ​ទាំង​៥ នៅ​អឺរ៉ុប​ដែល​បានបញ្ចប់​រដូវ​កាល​របស់ខ្លួន ខណៈ​លី​គ​កំពូល​អាល្លឺម៉ង់​បាន​បន្ត​វិញ ហើយ​អេ​ស្ប៉ា​ញ អ៊ីតាលី រួមទាំង​អង់គ្លេស​សង្ឃឹមថា នឹង​ត្រឡប់​ចូល​វិញ​ក្នុង​ខែមិថុនា​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ការរំសាយ Ligue 1 បានធ្វើ​ឲ្យ​ក្រុម​មួយចំនួន​បង្ហាញ​ការខកចិត្ត ដ្បិត​ត្រូវ​កាត់ចោល និង​ខ្លះ​មិនបាន​លេង​ក្របខណ្ឌ​អឺរ៉ុប ដោយ​ក្នុងនោះ​ក៏មាន​ក្រុម Lyon, Amiens និង Toulouse ផងដែរ​។ Lyon ឈរ​ចំណាត់ថ្នាក់​ទី​៧ ក្នុង​តារាង Ligue 1 រដូវ​កាល​នេះ ដែលជា​ចំណាត់ថ្នាក់​មិនអាច​លេង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ ខណៈ Amiens និង Toulouse ត្រូវ​កាត់ចោល​ទៅ​លី​គ​បន្ទាប់​។ ពួកគេ​ថែមទាំង​គំរាម​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៀតផង​។​
 
​ជុំវិញ​បញ្ហា​ខាងលើ​លោក Deschamps យល់ឃើញថា អាជ្ញាធរ​បារាំង​បានសម្រេច​ចិត្ត​ត្រឹមត្រូវ​លើ​ការរំសាយ​លី​គ​រដូវ​កាល ២០១៩-២០​នេះ​។ គ្រូបង្វឹក​ដែល​ជួយ​បារាំង​លើក​ពាន World Cup ឆ្នាំ​២០១៨ ពន្យល់ថា ភាពមិន​ស៊ីសង្វាក់​គ្នា និង​ក្តីបារម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ទើប​ធ្វើ​ឲ្យ​លី​គ​នៅ​អាល្លឺម៉ង់​សម្រេច​បន្ត​ឡើងវិញ​ទាំង COVID-19 នៅ​រាលដាល​នៅឡើយ ហើយ La Liga របស់​អេ​ស្ប៉ា​ញ និង​អង់គ្លេស Premier League ដែល​គ្រោង​ចាប់ផ្តើម​វិញ​ក៏​ដូចគ្នា​។​
 
​គ្រូ​សញ្ជាតិ​បារាំង វ័យ​៥១​ឆ្នាំ​រូបនេះ​បាន​ប្រាប់​កាសែត Le Parisien ថា​៖« ខ្ញុំ​មិន​ចង់​វិនិច្ឆ័យ ថ្កោលទោស និង​ស្តីបន្ទោស​អ្វី​ឡើយ​។ លក្ខខណ្ឌ​ក្នុងការ​ទប់ទល់​នឹង​អ្វីមួយ គឺ​មិន​ដូចគ្នា​ទេ​។ ខ្ញុំ​បាន​មើល​ការប្រកួត​នៅ Bundesliga តាំងពី​ការចាប់ផ្តើម​ការប្រកួត​ឡើងវិញ​។ ខ្ញុំ​មិន​និយាយ​ពី​ល្បឿន ឬ​កម្រិត​នៃ​កា​លេង​ទេ ប៉ុន្តែ​រូបភាព​មួយចំនួន​ហាក់ដូចជា​មិន​សម​នឹង​ភ្នែក​ខ្ញុំ​សោះ​»​។​
 
Deschamps បន្ថែមថា សូមអ្នក​ទាំងអស់គ្នា​មើល​លើ​ការសម្រេចចិត្ត​ដែល​បានធ្វើ​នៅ​អេស្បាញ និង​អង់គ្លេស​។ លី​គ​បាល់ទាត់​ធំ​ទាំងពីរ​កំពុង​រៀបចំ​ផែនការ​បន្ត La Liga និង​លី Premier League ប៉ុន្តែ​ពួកគេ​មិន​បន្ត​ការប្រកួត​សម្រាប់​ក្របខណ្ឌ​នារី​ដែល​បង្កើតបាន​ប្រាក់ចំណូល​តិច​នោះឡើយ​៕

Tag:
 Didier Deschamps
  COVID-19
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com