ជាតិ
សង្គមជាតិ
ក្រសួងការពារជាតិ ត្រៀមកម្លាំង​និង​មធ្យោបាយ ជួយ​ពលរដ្ឋ ដែល​ជួប​គ្រោះមហន្តរាយ​ក្នុង​រដូវវស្សា​
29, May 2020 , 7:19 pm        
រូបភាព
ក្រសួងការពារជាតិ បាន​បើក​កិច្ចប្រជុំ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា​ពី​ការត្រៀម​លក្ខណៈ​ចុះជួយ​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះមហន្តរាយ ក្នុង​រដូវវស្សា​។



​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​នៃ​ក្រសួងការពារជាតិ ដែល​ដឹកនាំ​កិច្ចប្រជុំ បាន​ថ្លែងថា អង្គភាព​ជំនាញ​ទាំងអស់ ត្រូវ​ត្រៀម​ទាំង​កម្លាំង ឧបករណ៍ មធ្យោបាយ រួមទាំង​សម្ភារ​គ្រប់​ប្រភេទ ដូចជា  ឧទ្ធម្ភាគចក្រ នាវា អូ​ប៊រ រថយន្ត​ដឹកជញ្ជូន និង រថយន្ត​សង្គ្រោះ ជាដើម ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា នៅពេល​មាន​គ្រោះមហន្តរាយ កើតឡើង​ជាយថាហេតុ​ក្នុង​រដូវវស្សា​ឆ្នាំនេះ​។ 
 
​លើសពីនេះ លោក បាន​ជំរុញ​ឲ្យ​បណ្តា​អង្គភាព​ពាក់ព័ន្ធ ពិនិត្យ​ឧបករណ៍​សម្ភារ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​បែងចែក និង​ត្រៀមកម្លាំង​ប្រចាំការ​ជា​អចិ​ន្រៃ្ត​យ៍ ព្រមទាំង​តាមដាន​ការប្រែប្រួល​អាកាសធាតុ ក្នុង​រដូវវស្សា​។  
 
​គេហទំព័រ​ក្រសួងការពារជាតិ ចុះផ្សាយ​ថា​៖«​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន សង្ឃឹមថា គ្រប់​បណ្តាល​អង្គភាព​ជំនាញ​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​ពាក់​ព​ន្ធ័​ទាំងអស់ នឹង​ត្រៀមខ្លួន​អនុវត្ត​ភារកិច្ច​ជួយសង្គ្រោះ​គ្រោះមហន្តរាយ នៅក្នុង​រដូវវស្សា​ឆ្នាំ ២០២០​នេះ ឲ្យ​សម្រេចបាន​លទ្ធផល​ល្អ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋ​ភិ​បាល​»៕

Tag:
 គ្រោះ​ហ​ន្ត​រាយ​ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com