អន្តរជាតិ
លោក ត្រាំ ចេញ​បញ្ជា​ប្រតិបត្តិ​សំដៅ​គ្រប់គ្រង​បណ្តាញ​សង្គម ក្រោយ​រកាំរកូស​ជាមួយ Twitter
29, May 2020 , 2:35 pm        
រូបភាព
លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ពេលចុះហត្ថលេខាលើបញ្ញាប្រតិបត្តិ។រូបភាព Reuters
លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ពេលចុះហត្ថលេខាលើបញ្ញាប្រតិបត្តិ។រូបភាព Reuters
ដោយ:
​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី​២៨ ខែឧសភា បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ ស្មើនឹង​ការដកហូត​អភ័យឯកសិទ្ធិ​ពី​ក្រុមហ៊ុន​បណ្តាញ​សង្គម​ធំៗ​ដូច Twitter ជាដើម​។ ការចេញ​បញ្ជា​ប្រតិបត្តិ​នេះ ត្រូវបាន​គេ​សង្ស័យថា ជា​សកម្មភាព​សងសឹក​នយោបាយ​ទៅលើ​បណ្តាញ​សង្គម​។

 
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP បញ្ជា​ប្រតិបត្តិ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​បើកផ្លូវ​ឲ្យ​ទី​ភ្នាក់ងាររដ្ឋ​វាយតម្លៃ ថា ក្រុមហ៊ុន​បណ្តាញ​សង្គម ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ចំពោះ​មាតិកា​ដែល​ផ្សព្វផ្សាយ​ដោយ​អ្នកប្រើប្រាស់​រាប់លាន​នាក់​ឫ​យ៉ាងណា​។ ក្នុងករណី​បញ្ជា​នេះ ត្រូវបាន​អនុវត្ត បណ្ដាញ​សង្គម​ទាំងនោះ នឹងត្រូវ​បាន​ចាត់​ចូល​ជា​អ្នក​ផ្សព្វផ្សាយ ដែល​តាមច្បាប់ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​អត្ថន័យ​នៃ​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ពួកគេ​។​
 
​ទាក់ទង​នឹង​រឿង​បញ្ជា​ប្រតិបត្តិ​នេះ លោក ត្រាំ ប្រាប់ អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា​៖ «​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ មានអំណាច​ដែល​គ្មាន​អ្នកណា​ត្រួតពិនិត្យ​ក្នុងការ​បំបិទ រឹតត្បិត កែប្រែ លាក់ និង​ផ្លាស់ប្តូរ​ទម្រង់​នៃ​ការទាក់ទង​រវាង​ពលរដ្ឋ ឬ​មហាជន​»​។ លោក ត្រាំ បន្ថែមថា គេ​មិនអាច​ឲ្យ​រឿងនេះ​បន្តបាន​ទៀតឡើយ​។​
 
​ការចាត់វិធានការ​រ​បស់​លោក​ត្រាំ ធ្វើឡើង​បន្ទាប់ពី​Twitter បានដាក់​សញ្ញា​ត្រួតពិនិត្យ​ការពិត​លើ​សារ​ចំនួន​២ របស់លោក​ត្រាំ​លើ​បណ្តាញ​សង្គម​របស់ខ្លួន ដោយ​ចាត់ទុកថា​អាច​នឹង​ងាយ​មានការ​យល់ច្រឡំ​។ បញ្ជា​ប្រតិបត្តិ​ខាងលើ ចែងថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូចជា Twitter, Facebook, Instagram និង Youtube មានអំណាច​យ៉ាង​សម្បើម​ក្នុងការ​កែប្រែ​ការបកស្រាយ​មតិសាធារណៈ បំបិទ លុប និង​បំបាត់ចោល​ព័ត៌មាន និង​គ្រប់គ្រង​អ្វីដែល​មនុស្ស​ឃើញ និង​មិនឃើញ​។​
 
​ប្រតិកម្ម​តប​ទៅនឹង​បញ្ជា​ប្រតិបត្តិ​របស់លោក ត្រាំ បណ្ដាញ​សង្គម Twitter អះអាងថា បញ្ជា​នេះ​គំរាម​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​លើ​នៅលើ​អ៊ីនធឺណិត​នា​ថ្ងៃ​អនាគត និង​ចាត់ទុក​បញ្ជា​នេះ​មាន​លក្ខណៈ​នយោបាយ និង​ប្រតិកិរិយា​។ ចំណែកឯ​អ្នកនាំពាក្យ Google វិញ ព្រមាន​ពី​ការប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក ខណៈ អ្នកនាំពាក្យ Facebook លើកឡើងថា ខ្លួន​នឹង​លើកទឹកចិត្ត​ឲ្យ​វេទិកា​អន​ឡាញ​បិទ​សារ​ទាំងឡាយណា​ដែលមាន​អត្ថន័យ​ប៉ះពាល់​ដល់​អ្នកដទៃ​៕
 
​ការចេញ​បញ្ជា​របស់លោក ត្រាំ នេះ ត្រូវបាន​គេ​ចាត់ទុកជា​ការបកស្រាយ​ខុស​ទៅលើ​វិសោធនកម្ម​ទី​១ នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក​ដែល​ចែង​ឡើង​ដើម្បី​បង្ការ​រដ្ឋាភិបាល​ពី​ការ​រឹតត្បិត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​។ សាស្ត្រាចារ្យ Laurence Tribe នៃ​សាកលវិទ្យាល័យ​ច្បាប់ Havard និង លោក Joshua Geltzer នៃ​សាកលវិទ្យាល័យ Georgetown បាន​អះអាងថា វិសោធនកម្ម​ទី​១​នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក គឺ​អនុវត្ត​ទៅលើ​រដ្ឋាភិបាល មិនមែន​វិស័យ​ឯកជន​ដូចជា​បណ្តាញ​សង្គម Twitter ឡើយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com