សៀមរាប៖ បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី ដោយក្នុងនោះមានការរៀបចំជាសួនច្បារ ការដាំដើមឈើប្រណិត និងប្រភេទលម្អជាច្រើន។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងបរិវេណនេះ ក៏ត្រូវបានកែសម្រួលរៀបចំថ្មី រីឯតូបលក់ដូរដែលធ្លាប់លក់ដូរទាំងប៉ុន្មានត្រូវបានរៀបចំឱ្យចូលលក់នៅទីតាំងថ្មីដែលកំពុងសាងសង់។ អាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងលើការងារនេះមានគម្រោងរៀបចំបរិវេណមុខអង្គរវត្តឱ្យមានភាពបៃតង និងមានរបៀបរៀបរយស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌរបស់មនុស្សជាតិ។ តាមការគ្រោងទុក កិច្ចការទាំងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
សមិទ្ធផលជាច្រើន បានលេចចេញជារូបរាងនៅមុខប្រាសាទអង្គរវត្ត។ ក្នុងនោះរួមមាន ផ្លូវ សួនច្បារ ការដាំដើមឈើលម្អជាច្រើន ដែលទីតាំងនោះដើមឡើយជាកន្លែងចំណតរថយន្ត ជាតូបលក់ដូរមិនមានរបៀបរៀបរយ។
ដ្បិតថា ខេត្តសៀមរាបជួបវិបត្តិធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ចាប់ពីដើមខែកុម្ភៈមកយ៉ាងណាក្ដី តែបញ្ហានេះ មិនបានរារាំងកិច្ចការអភិវឌ្ឍ ក្នុងតំបន់បេតិកភណ្ឌទេសចរណ៍ពិភពលោកមួយនេះឡើយ។ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នឹងប្លែកភ្នែក ប្លែកអារម្មណ៍ជាក់ជាមិនខាន ក្រោយការវិលត្រឡប់មកវិញ នូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ទាប់ពីជំងឺកូវីដ-១៩ បានបិទបញ្ចប់។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ប្រភេទឈើប្រណិតប្រមាណជាង៣ពាន់ដើម ត្រូវបានដាំនៅជុំវិញបរិវេណសួនមុខប្រាសាទអង្គរវត្ត មានដូចជាឈើធ្នង់ បេង គ្រញូង គគីរ និងឈើទាល។ ក្រៅពីនេះ ក៏មានការដាំប្រភេទឈើលម្អមួយចំនួនទៀត ដូចជាផ្កាក្ងោក ចំប៉ីសជាដើម។ ក្នុងផែនការអភិវឌ្ឍតំបន់នេះ អាជ្ញាធរជាតិអប្សរា ក៏បានត្រៀមផ្លាស់ប្ដូរតូបលក់ដូរ និងអ្នកលក់ចល័តមួយចំនួន ទៅកាន់ទីលានបដិសណ្ឋារកិច្ច ដែលទីតាំងនោះកំពុងសាងសង់ ហើយរំពឹងថា អាចនឹងរួចរាល់ទាំងស្រុង នៅចុងឆ្នាំ២០២០នេះ។
តាមការបញ្ជាក់ពីលោក យិត ចាន់ដារដ្ឋ កិច្ចការទាំងនេះ គឺធ្វើឡើងដើម្បីវិស័យទេសចរណ៍ ពិសេសការគិតគូរពីបញ្ហាបរិស្ថាន និងការរៀបចំសំណង់លក់ដូរឱ្យមានរបៀបរៀបរយ ដែលកន្លងមកការលក់ដូរទាំងនោះ បង្កភាពគ្មានសណ្ដាប់ធ្នាប់។ ក្នុងនោះដែរ សំណង់អាគារស្នាក់ការរបស់នគរបាលបេតិកភណ្ឌ ដែលសង់នៅជ្រុងខាងត្បូងប្រាសាទអង្គរវត្ត ក៏គ្រោងដូរទៅទីតាំងថ្មីនៅជិតបាឡុង (ផ្លូវមុខអង្គរ ឆ្ពោះទៅផ្សារភូមិភាគ) នៅដើមឆ្នាំ២០២១ ដែលទីតាំងបច្ចុប្បន្ន គ្រោងពង្រីកធ្វើសួនច្បារ ដើម្បីឱ្យបរិវេណមុខអង្គរ មានភាពបៃតងបន្ថែមទៀត។ លោក យិត ចាន់ដារដ្ឋ ក៏កោតសរសើរចំពោះអាជីវករមួយចំនួន ដែលស្ម័គ្រចិត្តព្រមរុះរើសំណង់នានា ដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធររៀបចំកែលម្អផងដែរ ក្នុងនោះមានម្ចាស់ភោជនីយដ្ឋានដែលប្រកបអាជីវកម្មច្រើនឆ្នាំមកហើយនៅមុខអង្គរវត្ត។
សមិទ្ធផលដែលលេចចេញនៅពេលនេះ ត្រូវបានថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លើកឡើងថា សុទ្ធសឹងជាការខិតខំប្រឹងប្រែង របស់ស្ថាប័នពាក់ព័ន្ធនានា ក្នុងបំណងធ្វើយ៉ាងណារៀបចំ តំបន់រមណីយដ្ឋានអង្គរ ដែលទាក់ទាញភ្ញៀវទេសចរ ច្រើនលាននាក់មកទស្សនា ឱ្យកាន់តែមានភាពល្អប្រសើរឡើងៗ។ សម្រាប់លោក យិត ចាន់ដារដ្ឋ បើទោះបីកាលៈទេសៈជំងឺកូវីដ-១៩ មានផលប៉ះពាល់ដល់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបយ៉ាងណាក៏ដោយ តែវាមិនបានធ្វើឱ្យអាក់ខានរាល់ការងារអភិវឌ្ឍន៍នៅតំបន់នេះឡើយ គឺកិច្ចការទាំងនេះ នៅបន្តទៅមុខរហូត។
វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោកទាំងមូល និងស្ទើរគ្រប់វិស័យ។ វិស័យទេសចរណ៍នៅខេត្តសៀមរាប បានដាំក្បាលចុះក្រោយពេលដែលពិភពលោក បានប្រកាសអាសន្ន និងបិទរាល់ជើងហោះហើរនានា។ តែក្នុងអំឡុងពេលមានវិបត្តិនេះ អ្វីដែលអាចស្ដារវិស័យនេះឡើងវិញបាន គឺការចូលរួមរបស់ទេសចរក្នុងស្រុក ដើម្បីឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញបន្ដិចម្ដងៗ ទម្រាំវិបត្តិនេះស្ងប់ស្ងាត់ទៅវិញ។ នេះជាការយល់ឃើញរបស់លោក យិត ចាន់ដារដ្ឋ ដោយបន្ថែមថា ការអភិវឌ្ឍនានាក្នុងតំបន់ នឹងធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តនេះកាន់តែរីកចម្រើន និងមានភាពទាក់ទាញសម្រាប់ការធ្វើដំណើរមកកាន់ខេត្តសៀមរាប ក្រោយជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ទៅវិញ។
លោក យិត ចាន់ដារដ្ឋ រំពឹងថា៖«ធម្មតាក្រោយវិបត្តិ អ្វីៗវានឹងត្រឡប់ទៅភាពប្រសើរបន្ដិចម្ដងៗ ចាប់ផ្តើមពីទេសចរក្នុងស្រុក រហូតដល់អន្ដរជាតិ ធ្វើដំណើរឆ្លងពីប្រទេសមួយ ទៅប្រទេសមួយ នឹងមានការកើនឡើង»៕