អ្នកស្រី ហ៊ុន រ៉ាវី ខំធ្វើការ​ច្រើន​មុខ ដើម្បី​ផ្សំ​ប្រាក់​ឱ្យ​កូន​រៀន​នៅ​មហាវិទ្យាល័យ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ហ៊ុន រ៉ាវី ខំធ្វើការ​ច្រើន​មុខ ដើម្បី​ផ្សំ​ប្រាក់​ឱ្យ​កូន​រៀន​នៅ​មហាវិទ្យាល័យ​
31, May 2020 , 8:30 pm        
រូបភាព
​ព្រៃវែង​៖ មានការ​ងារ​ជា​អ្នក​ចាក់​មួក​ដោយ​ដៃ រៀប​អាវ​ប៉ុង ចម្អិន​សាច់ជូ​(​សាច់ជូរ​ដែល​គេ​យកទៅ​កូរទឹក​ឱ្យ​រង​ថ្លា​) ស៊ីឈ្នួល​បាច​ស្រូវ ដេរ​មួក ដេរខោ​រយ និង​ធ្វើស្រែ​ខ្លួនឯង​ផង អ្នកស្រី ហ៊ុន រ៉ាវី ថា​ការងារ​ទាំងនេះ​មិនមាន​ទៀងទាត់ ហើយ​ប្រាក់ចំណូល​ក៏​មិនបាន​ច្រើន ប៉ុន្តែ​វា​ក៏​អាចជួយ​ឱ្យ​អ្នកស្រី គេច​ផុតពី​ភាពខ្វះខាត​ដែរ​។ ខំធ្វើការ​មិន​គិត​ថ្ងៃ​សៅរ៍​ឬ​ថ្ងៃអាទិត្យ ទាំងយប់​ទាំង​ថ្ងៃ អ្នកស្រី ហ៊ុន រ៉ាវី ប្រឹងប្រែង  ដើម្បី​ផ្សំ​ប្រាក់​ឱ្យ​កូនស្រី​ប្រុស​បាន​រៀន​ខ្ពង់ខ្ពស់ កុំឱ្យ​ជួប​អនាគត​លំបាក​ដូច​ខ្លួន​។​

​ចង់ដឹង​កាន់តែច្បាស់ ថា​អ្នកស្រី ហ៊ុន រ៉ាវី អាច​ឆ្លៀត​ពេលធ្វើ​ការងារ​ទាំងនេះ បាន​ដោយ​របៀប​ណា សូម​អញ្ជើញ​លោកអ្នក​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
«​ខ្ញុំ​ធ្វើ​វា​មិន​មានបាន​អ្វី​ធំដុំ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ខ្ញុំ​មិនឱ្យ​ខ្វះខាត​ដែរ​។ ខ្ញុំ​សន្សំសំចៃ​ដើម្បី​ទុកឱ្យ​កូន​រៀន ក្រែង​កូន​មានការ​ងារ​ល្អ​ធ្វើ ព្រោះ​ខ្ញុំ​មិនមាន​ចំណេះដឹង​អ្វី​ជ្រៅជ្រះ វា​ហត់ វា​យ៉ាប់ វា​ពិបាក ដល់ពេល​អ៊ីចឹង ខំ​ទៅ​ដើម្បី​កូន​។ កូន​រៀន​នៅ​សកល​ម្នាក់ ហើយ​កូនពៅ​រៀន​ថ្នាក់​ទី​៤»​។ ទាំងនេះ​គឺជា​ការអះអាង​របស់​អ្នកស្រី ហ៊ុន រ៉ាវី ដែលមាន​ទីលំនៅ​ក្នុងភូមិ​តា​ជ័យ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​
 
​មាន​សម្បុរ​ស្រអែម មុខ​មូល កម្ពស់​មិនសូវ​ខ្ពស់ អ្នកស្រី ហ៊ុន រ៉ាវី  មាន​ការងារ​បន្ទាប់បន្សំ​ច្រើន សម្រាប់​ធ្វើតាម​រដូវ​ដូចជា ចាក់​មួក​លក់ រៀប​អាវ​ប៉ុង ចម្អិន​សាច់ជូរ​(​សាច់ជូរ​ដែល​គេ​យកទៅ​កូរទឹក​ឱ្យ​រង​ថ្លា​) ស៊ីឈ្នួល​បាច​ស្រូវ​ឱ្យគេ និង​ធ្វើស្រែ​ខ្លួនឯង​ផង​។ ចំពោះ​ការងារ​ចាក់​មួក​ដោយ​ដៃ ស្ត្រី​កូន​២​នាក់​រូបនេះ​អាច​ឆ្លៀត​ធ្វើ​រាល់ថ្ងៃ ប្រសិនបើ​មិនមាន​ការងារ​ផ្ទះ​ចាំបាច់​។ 
​អ្នកស្រី​បញ្ជាក់​ពី​ចំនួន​មួក​ដែល​ចាក់​បាន​ក្នុង​មួយថ្ងៃ​៖«​មួក​ក្មេង​១​ថ្ងៃ​បើ​ខ្ញុំ​ខំ​ចាក់ មិន​ទៅធ្វើ​អ្វី​សោះ ចាក់​បាន​៣​ដែរ​។ បើ​មួក​ធំ​បានតែ​១​ឬក៏​២​អី​ទេ នេះ​បើ​យើង​ព្យាយាម​មិន​ធ្វើ​អ្វី​ផ្សេង គឺ​ចាក់​តែ​មួក​តែម្ដង​។ ហើយ​មាន​ម៉ូត​មួយទៀត​នោះ ១​ថ្ងៃ​ចាក់​បានតែ​១​ទេ​។ មិនសូវ​ចំណេញ​ប៉ុន្មាន​ទេ ខ្ញុំ​ធ្វើ​កុំឱ្យ​តែ​នៅ​ទំនេរ​ទេ​។ បើ​ខ្ញុំ​ចាក់​រហូត ១​ខែ​បាន​ប្រហែល​ជាង​៣០​ម៉ឺន​រៀល​ដែរ តែ​អាស្រ័យ​ខ្ញុំ​បានធ្វើ​រាល់ថ្ងៃ​ដែរ​»​។ 
   
អ្នក​ស្រី ហ៊ុន រ៉ាវី កំពុង​អង្គុយ​ដុត​ភ្លើងរម្ងាស់​​សាច់​ជូរ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន

​អង្គុយ​លើ​កៅអី​តូច ក្បែរ​គ្រែ​ខាងមុខ​ផ្ទះថ្ម​សង់​ផ្ទាល់​ដី​របស់ខ្លួន ស្ត្រី​ដែល​ពាក់​អាវយឺត​ពណ៌​ក្រហម បង់ក​ក្រមា​ពណ៌​ខៀវ​រូបនេះ ប្រាប់​ពី​តម្លៃ​លក់​មួក​ចេញ​ឱ្យ​ឈ្មួញកណ្ដាល ស្របពេល​លើក​មួក​ដែល​ចាក់​រួចមក​បង្ហាញ​ខ្ញុំ​៖«​ខ្ញុំ​ចាក់​មួក​បាន​១០​ឬ​បាន​២០ ខ្ញុំ​យកទៅលក់​ហើយ​។ តម្លៃ​ឈ្មួញ​ជា​អ្នក​ដាក់​។ ដំបូង​ឡើយ​ខ្ញុំ​ចាក់​អំបោះ​កន្សែង នោះ​ធូរ​ថ្លៃ ១​តែ​៤​ពាន់​ឬ​៥​ពាន់​រៀល​ទេ​។ តែ​អំបោះ​ថ្មី​នេះ​ថ្លៃ ដោយសារតែ​ទិញ​អំបោះ​មក​ថ្លៃ​ដែរ​»​។ 
 
​ក្រៅពី​ការងារ​ចាក់​មួក យូរៗ​ម្ដង​អ្នកស្រី រ៉ាវី បានទទួល​ការងារ​រៀប​អាវ​ប៉ុង​ឱ្យ​អ្នក​នៅក្នុង​ភូមិ​នេះ បន្ថែមទៀត​។ អ្នកស្រី​ពន្យល់​បន្ថែម​៖«​ក្រៅពី​ចាក់​មួក ខ្ញុំ​ទៅ​រៀប​អាវ​ប៉ុង​ឱ្យគេ នៅ​ក្នុងភូមិ​ជាមួយគ្នា​ដែរ​។ គេ​ជា​អ្នក​បោះ​អីវ៉ាន់​តាម​ខេត្ត ពេល​ដាច់​ខ្លាំង​គេ​មិនមាន​ពេល​ច្រក​អាវ​ប៉ុង​ហ្នឹង គេ​ឱ្យ​ខ្ញុំ​ទៅ​ច្រក​ឱ្យគេ​ដល់ផ្ទះ​តែម្ដង​។ ខ្ញុំ​ប្រាប់​គេ​ថា​មិនបាច់​ខ្លាចចិត្ត​អ្វី​ទេ ឱ្យតែ​មានការ​ងារ​ហៅ​ទូរ​សព្ទ​មក​ប្រាប់​ខ្ញុំ​មក ឱ្យ​ខ្ញុំ​ទៅធ្វើ​ពេលណា​ក៏​ខ្ញុំ​ទៅធ្វើ​ឱ្យ​ដែរ​។ គេ​ឱ្យ​តម្លៃ​១​ថង់​៤​ពាន់​រៀល ហើយ​ក្នុង​១​ថង់​មាន ១២០​អាវ​»​។​
 
​ទោះជា​យ៉ាងណា​ការងារ​រៀប​អាវ​ប៉ុង​នេះ អ្នកស្រី រ៉ាវី ឆ្លៀត​ធ្វើ​តែ​នៅ​ពេលយប់​តែប៉ុណ្ណោះ​៖«​រៀប​អាវ​ប៉ុង​ហ្នឹង​បាន​ប្រាក់​គ្រាន់បើ​ជាង​ចាក់​មួក​។ ភាគច្រើន​ខ្ញុំ​មិនសូវ​ធ្វើ​ពេល​ថ្ងៃ​ទេ គឺ​ខ្ញុំ​ធ្វើ​តែ​ពេលយប់​។ នៅ​ម៉ោង​៧​ឬ​៨​យប់ ទើប​ឡាន​ដែល​គេ​ដឹក​ពី​ភ្នំពេញ យកមក​ដល់​ក្នុងភូមិ​។ ដូច្នេះ​បើ​ទៅធ្វើ​នៅ​ម៉ោង​៧​ឬ​៨​យប់ ខ្ញុំ​ធ្វើ​ដល់​ម៉ោង​១០​យប់​។ តែបើ​មាន​ច្រើនថង់ ខ្ញុំ​ធ្វើ​ដល់​ម៉ោង​១២​យប់ ឬ​ដល់​ម៉ោង​១ ឬ​ម៉ោង​២​ទៀបភ្លឺ អាស្រ័យ​ថា មាន​អាវ​ច្រើន​ឬក៏​តិច​។ កន្លែង​ធ្វើ​នោះ​នៅ​ជិត​ផ្ទះ​ដែរ ដូច្នេះ​ខ្ញុំ​ចេះតែ​ហ៊ាន​ទៅ​។ ខ្ញុំ​ទៅ​២​នាក់​ប្អូន​។ ទោះបី​ខ្ញុំ​ធ្វើការ​ដល់​ម៉ោង​១​ឬ​ម៉ោង​២​យប់​ក៏ដោយ ក៏​ម៉ោង​៥​ឬ​ម៉ោង​៤​កន្លះ ខ្ញុំ​ក្រោក​ឡើង​ហើយ​។ ជួនកាល​ខ្ញុំ​ភ្ញាក់​ពី​យប់​ចាក់​មួក​ទៀត​»​។​
 
​មាន​ប្ដី​ទៅធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ផ្នែក​បើកឡាន​ឱ្យ​ក្រុមហ៊ុន ស្ត្រី​ដែលមាន​កូនស្រី​កំពុង​រៀន​នៅ​សកល​វិទ្យាល័យ​រូបនេះ អះអាងថា​អ្នកស្រី​បាន​បោះបង់ចោល​ការងារ​២​មុខ ដោយសារ​តែមាន​ឧបសគ្គ​ច្រើន ក្នុង​ដំណើរ​ការងារ​នោះ​។ អ្នកស្រី​បញ្ជាក់ថា​៖«​មុនពេល​ចាក់​មួក ខ្ញុំ​ដេរ​មួក ជួន​អី​ដេរខោ​រយ តាមតែ​គេ​ឱ្យ​ខ្ញុំ​ធ្វើ​។ ឥឡូវ​ខ្ញុំ​នៅតែ​ចាក់​មួក និង​រៀប​អាវ​ប៉ុង​ហ្នឹង ព្រោះ​មួក​ដេរ ពេល​គេ​ត្រូវការ​ផ្ញើមក​ប្រញាប់ ជួន​អី​ម៉ាស៊ីន​របស់ខ្ញុំ​វា​ខូច​នេះ​ខូច​នោះ​អ៊ីចឹង ជួន​អី​ខ្ញុំ​ដេរ​មិនទាន់​តម្រូវការ​គេ​។ ម្យ៉ាង​វា​ពិបាក​ផ្ញើ​ទៅ​និង​ផ្ញើមក​ផង ហើយ​ដល់ពេល​មាន​គេ​ទិញ​មួក នៅ​ក្នុងភូមិ​របស់ខ្ញុំ​ស្រាប់​អ៊ីចឹង ក៏​ខ្ញុំ​មកចាក់​មួក​ហ្នឹង​វិញ​ទៅ​»​។ 
   
ឆ្នាំ​ដី​ដែល​ដាំ​រម្ងាស់​សាច់​ជូរ 

​អ្នកស្រី ហ៊ុន រ៉ាវី រំឭក​ពី​ពេលវេលា​ដេរ​មួក​កាលពីពេល​កន្លងទៅ​៖«​កាលពី​ខ្ញុំ​នៅ​ដេរ​មួក​ខ្ញុំ​ភ្ញាក់ឡើង​ម៉ោង​៣​ទៀបភ្លឺ ទល់​ទៅ​ម៉ោង​១០​យប់​ទើប​ខ្ញុំ​សម្រាក​។ ប៉ុន្តែ​ខ្ញុំ​នឹក​ឃើញថា បើ​មាន​មួក​ចាក់ ហើយ​មាន​គេ​ទិញ​រហូត ខ្ញុំ​ក៏​ចាក់​មួក​វិញ​ទៅ ព្រោះ​ខ្ញុំ​មិនបាច់​ពិបាក​ផ្ញើ​តាម​ឡាន​ទៅវិញទៅមក​។ ចាក់​មួក​វា​មិន​ថ្លង់​ដល់​អ្នកជិតខាង តែបើ​ដេរ​មួក​វិញ ឮ​ថ្លង់​សំឡេង​ម៉ាស៊ីន​ដល់​អ្នកជិតខាង ព្រោះ​ខ្ញុំ​ធ្វើ​យប់​ជ្រៅ​ពេក ហើយ​ភ្ញាក់​ពី​យប់​ធ្វើ​ទៀត​អ៊ីចឹង​»​។​
 
​ជា​កសិករ​ដែលមាន​ដី​ធ្វើស្រែ​ប្រមាណ​ជិត​១​ហិកតា អ្នកស្រី រ៉ាវី ដែល​នៅ​គ្រប់គ្រង​ផ្ទះ​តែម្នាក់ឯង ខំ​ឆ្លៀតពេល​ទៅ​ព្រួស​ស្រូវ​ឱ្យ​អ្នកភូមិ​ជាមួយគ្នា​ខ្លះទៀត ដើម្បី​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​៖«​ដល់​ខែវស្សា​បើ​អ្នកភូមិ​គាត់​មិនមាន​ពេលវេលា​បាច​ស្រូវ គាត់​រក​ខ្ញុំ​ទៅ​ព្រួស ខ្ញុំ​ទៅទៀត​។ ព្រួស​ស្រូវ​នៅទីនេះ​តម្លៃ​អាស្រ័យ​ទៅតាម​អ្នក​ដែល​គេ​ឱ្យ​ដែរ ជួន​អី​១​ហិកតា​៣​ម៉ឺន​ឬក៏​៤​ម៉ឺន​រៀល ទៅតាម​គេ​ដៃ​ទូលាយ​ដែរ​។ គេ​មិន​រក​ច្រើន​ទេ ១​ឆ្នាំ​ជួន​គេ​រក​៤​ឬ​៥​នាក់​អីហ្នឹង​»​។​
 
​លើសពីនោះ​ទៅទៀត អ្នកស្រី រ៉ាវី នៅមាន​ការងារ​បន្ទាប់​បន្សំ​មួយទៀត គឺ​ការងារ​ចម្អិន​សាច់ជូរ​។ ការងារ​នេះ​អ្នកស្រី​ត្រូវ​ទិញ​សាច់ជូរ​ដែល​គេ​យកទៅ​កូរទឹក​ឱ្យ​រង​ថ្លា​នោះ ទៅ​ដាក់​ដាំ​ក្នុង​ឆ្នាំងដី ហើយ​ត្រូវ​នៅ​មើលថែ​ភ្លើង​រយៈពេល​ពេញ​៨​ម៉ោង ដើម្បីឱ្យ​សាច់ជូរ​នោះ​ឆ្អិន​ល្អ​។ ក្នុង​១​ឆ្នាំ អ្នកស្រី រ៉ាវី ធ្វើ​សាច់ជូរ​ឱ្យ​អ្នកបញ្ជា​ទិញ​តែ​២​ដង​តែប៉ុណ្ណោះ​៖«​ភាគច្រើន​គេ​ឱ្យ​ខ្ញុំ​ធ្វើ​២៥​គីឡូក្រាម​។ បើ​ធ្វើ​២៥​គីឡូក្រាម នៅពេល​សុស​ហើយ នៅសល់​១២​គីឡូ​កន្លះ​ឬ​១៣​គីឡូក្រាម​។ គុណប្រយោជន៍​សាច់ជូរ​នេះ​ខ្ញុំ​ដឹង​ដោយ​ប្រយោល​ទេ គឺ​គេ​យកទៅ​លាប​ក្លៀក បំបាត់​ក្លិន​ក្លៀក កាត់បន្ថយ​ញើស ធ្វើឱ្យ​ក្លៀក​ស្ងួត​»​។ 
   
មួក​ដែល​អ្នក​ស្រី ហ៊ុន រ៉ាវី ចាក់​លក់​

​ស្ត្រី​វ័យ​៤០​ឆ្នាំ ហ៊ុន រ៉ាវី ប្រាប់​ពី​ប្រាក់កម្រៃ​ដែល​ទទួលបាន​ពី​ការធ្វើ​សាច់ជូរ​យ៉ាង​ដូច្នេះ​៖«​អ្នកធ្វើ​សាច់ជូរ​នេះ​នៅ​មិនទាន់​ធំដុំ​ទេ ព្រោះ​គាត់​ទើបតែ​សាកល្បង​ដែរ ដល់​អ៊ីចឹង​គាត់​ឱ្យ​ខ្ញុំ​១​ថ្ងៃ ២៥,០០០​រៀល​សិន ថ្លៃ​កម្លាំង​ពលកម្ម​។ ហើយ​បើសិន​គាត់​យកទៅ​លក់បាន​ច្រើន គាត់​ឡើងថ្លៃ​ទៅតាម​ហ្នឹង​ទៀត​។ គ្រឿង​ដែល​ត្រូវធ្វើ​ទាំងអស់ គាត់​ជា​អ្នកទិញ​ឱ្យ​ទាំងអស់​។ សាច់ជូរ​នេះ​ត្រូវ​ដុត​ភ្លើង​៨​ម៉ោង​ពេញ ហើយ​១​ថ្ងៃ ធ្វើ​បានតែ​៥​គីឡូក្រាម​ទេ ដោយ​ត្រូវ​ប្រើ​ឆ្នាំងដី​២»​។ 
 
​ដៃ​យក​ឧស​ទៅ​ដាក់​ដុត​ក្នុង​ចង្ក្រាន ដែល​ដាំ​ឆ្នាំងដី​ដើម្បី​រម្ងាស់​សាច់ជូរ អ្នកស្រី រ៉ាវី អះអាងថា​ខ្លួន​អាចធ្វើ​ការងារ​បាន​គ្រប់យ៉ាង ឱ្យតែ​ជាការ​ងារ​សុចរិត ដើម្បី​ទទួលបាន​ប្រាក់ចំណូល​៖«​ដោយសារ​ខ្ញុំ​នៅ​ស្រុកស្រែ​អ៊ីចឹង បើ​មាន​ការងារ​អ្វី​ខ្ញុំ​ចេះតែ​ឆ្លៀត​ធ្វើទៅ​កុំឱ្យ​នៅ​ទំនេរ​។ កាល​ឆ្នាំ​ទៅមួយ ខ្ញុំ​ធ្វើ​សាច់ជូរ​នេះ​បាន​២​ដង ចំណែក​ឆ្នាំនេះ​គេ​ទើបតែ​ឱ្យ​ខ្ញុំ​ធ្វើបាន​ម្ដង​។ បើ​ខ្ញុំ​ធ្វើទៅ​វា​បាន​កម្រៃ​ចូល​ខ្លះ​អ៊ីចឹង​ដែរ​»​។​
 
​ស្ត្រី​កូន​២​នាក់ ដែល​ប្ដី​ចេញទៅ​ធ្វើការ​ឆ្ងាយ​ផ្ទះ ហ៊ុន រ៉ាវី មាន​ក្ដី​ប្រាថ្នា​ឱ្យ​កូន​ទាំង​២​របស់ខ្លួន មានចំណេះដឹង​ជ្រៅជ្រះ មានការ​ងារ​ល្អ និង​មាន​អនាគត​ភ្លឺស្វាង​៕



 

Tag:
 ព្រៃវែង​
  ហ៊ុន រ៉ាវី​
  ការងារ​
  រៀន​
  មួក​
  ចាក់​មួក​
  សាច់ជូរ​
© រក្សាសិទ្ធិដោយ thmeythmey.com