COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​អា​មេ​នី និង​សមាជិកគ្រួសារ​ទាំងអស់ ឆ្លង COVID-19
01, Jun 2020 , 3:11 pm        
រូបភាព
នាយករដ្ឋមន្រ្តីអាមេនី Nikol Pashinyan ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអាមេនី Nikol Pashinyan ។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​អា​មេ​នី Nikol Pashinyan ប្រកាស​នៅ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១ ខែមិថុនា ថា លោក​មាន​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 ។ សមាជិកគ្រួសារ​របស់​លោក​ឯទៀត ក៏​ឆ្លង​ជំងឺ​នេះដែរ ហើយ​ទាំងអស់គ្នា​កំពុង​ស្ថិតនៅ​ដោយឡែក​ក្នុង​និវេសនដ្ឋាន​នាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋធានី​យ៉េ​រ៉េ​វាន់​។

 
​ក្នុងការ​ប្រកាស​ដែល​ផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​ប៊ុ​ក លោក Nikol Pashinyan និយាយថា លោក បានធ្វើ​តេស្ត​រក​វីរុស​នេះ ព្រោះ​លោក​ត្រូវ​ចុះ​ត្រួតពិនិត្យ​ការឆ្លើយតប​នៅ​ជួរមុខ​។ លទ្ធផល ក៏​ចេញមក​វិជ្ជមាន​តែម្ដង​។ លោក​មាន​ភរិយា និង​កូនៗ​បីនាក់​។​
 
​លោក Pashinyan ជឿថា លោក​ឆ្លង COVID-19 ក្នុង​កិច្ចប្រជុំ​មួយ​លើ​ការងារ​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស​។ អំឡុងពេល​រៀបចំ បុគ្គលិក​ម្នាក់​បានរៀបចំ​កែវ​ទឹក​សម្រាប់​អ្នកចូលរួម តែ​មិនបាន​ប្រើប្រាស់​ស្រោមដៃ​ឡើយ​។ ក្រោយមក បុគ្គលិក​ដដែល​នោះ ក៏ត្រូវ​បានធ្វើ​តេស្ត​ដោយមាន​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 ។  
 
​សូមបញ្ជាក់ថា អា​មេ​នី​ដែលមាន​ប្រជាជន​ជាង​បី​លាន​នាក់ មាន​ករណី​ឆ្លង COVID-19 ចំនួន​៩៤០២​នាក់ និង​ស្លាប់​១៣៩​នាក់ គិត​ត្រឹម​ថ្ងៃទី​១ ខែមិថុនា​៕ 

Tag:
 អា​មេ​នី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com